កើតស្វាយ​ពេល​ពពោះ កូន​អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​ប៉ះពាល់​គ្រឿង​ក្នុង

    កើតស្វាយ​ពេល​ពពោះ កូន​អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​ប៉ះពាល់​គ្រឿង​ក្នុង

    សម័យ​នេះ ជំងឺ​ស្វាយ​ប្រហែល​មិន​សូវ​ប្រទះ​ប៉ុន្មាន​ទេ។ យ៉ាង​ណា​ ជំងឺ​នេះនៅ​តែ​មាន ហើយ​ងាយ​នឹង​ឆ្លង​ ពិសេស​គ្នា​យើង​មិន​សូវ​មាន​អនាម័យ និង​រួម​ភេទ​អត់​ការពារ។ ចុះ​បើ​កំពុង​មាន​ផ្ទៃ​ពោះ​ ស្រាប់​តែ​កើត​ជំងឺ​ស្វាយ មាន​រឿង​អី​កើត​ឡើង? គួរ​ធ្វើ​ម៉េច? និយាយ​ឲ្យ​ត្រង់​ទៅ​ ប៉ះពាល់​ធ្ងន់​ធ្ងរ​ណាស់​ចំពោះ​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ អ៊ីចឹង “Hello គ្រូពេទ្យ” នឹង​លម្អិត​ខ្ទេច​ពេល​នេះ​តែ​ម្តង។

    ១- ជំងឺ​ស្វាយ​អាច​កើត​លើ​កូន​ក្នុង​ផ្ទៃ​ដែរ​ទេ?

    ជំងឺ​ស្វាយ (Syphilis) ជា​ជំងឺ​ងាយ​ឆ្លង​បំផុត បង្ក​ឡើង​ដោយ​មេរោគ​ឈ្មោះ Treponema pallidum ហើយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម​រយៈ​ការ​រួម​ភេទ។ ប៉ុន្តែ​ កូន​ក្នុង​ផ្ទៃក៏​អាច​ឆ្លង​ជំងឺ​នេះ​បាន​ពី​កំណើត​បាន​ដែរ បើ​ម៉ាក់ៗ​ធ្លាប់​កើត​ស្វាយ​ក្នុង​អំឡុង​ពេល​ពពោះ។

    មេរោគ​ជំងឺ​នេះឆ្លង​ពី​ម៉ាក់ៗ​ទៅ​កូន​តាម​រយៈ​សុក ហើយ​ការ​ចម្លង​នេះ​អាច​ប៉ះពាល់​ដល់​គភ៌​គ្រប់​ដំណាក់កាល​ទាំង​អស់​អំឡុង​ពេល​កំពុង​ពពោះ។ ផលវិបាករួម​មាន​បញ្ហា​សរីរាង្គ​កូន និង​ឥទ្ធិពល​អវិជ្ជមាន​លើ​ត្រចៀក ភ្នែក ថ្លើម ខួរ​ឆ្អឹង ស្បែក ឆ្អឹង និង​បេះដូង និង​អាច​ស្លាប់​ក្នុង​ពោះទៀត​ផង។

    ២- វិធី​ធ្វើរោគ​វិនិច្ឆ័យ​ជំងឺ​ស្វាយ​ពេល​ពពោះ

    បើ​បារម្ភ​ពី​ស្ថានភាព​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ ស្រីៗ​គួរ​ចំណាយ​ពេល​ទៅ​ពិនិត្យ​សុខភាព។ គ្រូពេទ្យ​នឹង​ពន្យល់​ឲ្យ​ប្រុងប្រយ័ត្ន និង​ត្រៀម​ខ្លួន​មុន​សម្រាល ក៏​ដូច​ជា​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់កូន ពី​ករណី​អាច​ឆ្លង​ជំងឺ​ស្វាយ​ពី​កំណើត​ទៀត​ផង។

    កើតស្វាយ​ពេល​ពពោះ Hello គ្រូពេទ្

    អត្ថបទ​ពាក់ព័ន្ធ៖

    • រួមភេទ​អត់​សុវត្ថិភាពនៅ​ថៃ ឥឡូវ​មាន​អ្នកកើត​​ស្វាយ ច្រើន​ដល់​កម្រិត​ប្រកាស​អាសន្ន
    • ដឹង​មូល​ហេតុ​បង្ក និង​រោគសញ្ញា ទើប​ការ​ពារ​ខ្លួនពី​មេរោគ HPV

    ៣- រោគសញ្ញា​ចម្បង​របស់​ជំងឺ​ស្វាយ

    បើ​យើង​កើត​ស្វាយ អាច​មាន​ស្នាម​អុជ​ឈឺចាប់ ហើយ​នឹង​វិវត្ត​ទៅ​ជា​ដំបៅ​ស្អាត គ្មាន​ការ​ឈឺចាប់​លើ​ប្រដាប់​បន្ត​ពូជ។ អាការៈ​​ឈឺចាប់ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល ៤-៦ សប្ដាហ៍​ក្រោយ។ យើង​នឹង​មិន​មាន​អារម្មណ៍​ឈឺ​ចាប់​រយៈពេល ២-១០ សប្ដាហ៍ រហូត​ដល់​ឈឺចាប់​ដោយសារ​ការ​វិវត្ត​ជំងឺ​ស្វាយ​ជា​លើក​ទី២។

    អំឡុង​ពេល​នេះ ស្រីៗ​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន ដូចជា ចេញ​អុជ​ពេញ​ខ្លួន ដំបៅ​ពង​ទឹក ក្ដៅខ្លួន ឈឺ​ក្បាល ធុំ​អាហារ ស្រក​ទម្ងន់ ឈឺ​ក និង​រោគ​សញ្ញា​ដូច​ផ្ដាសាយ។ ជំងឺ​ស្វាយ​លើក​ទី ២ គ្មាន​រោគ​សញ្ញា ១-២ ខែ បន្ទាប់​ពី​លេច​ចេញ។ យើងក៏​អាច​គ្មាន​បញ្ហា​រោគ​សញ្ញា​អ្វី​ឡើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ។ ប៉ុន្តែ ពេល​យើង​ឈាន​ដល់ដំណាក់​កាល​ចុង​ក្រោយ នឹង​បង្ហាញ​រោគ​សញ្ញា​ពាក់ព័ន្ធ​សរសៃ​ប្រសាទ បេះដូង និង​សរសៃ​ឈាម​តែម្តង។

    ៤- វិធី​ព្យាបាល​ជំងឺ​ស្វាយ​ពេល​ពពោះ

    ជំងឺ​ស្វាយអាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ពពួក​អង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) ហេតុ​នេះ​យើង​គួរ​​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព ទទួល​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល។ បើ​មិន​បាន​ព្យាបាល​ទេ កូន​ក្នុង​ផ្ទៃ​មាន​ឱកាស​ឆ្លង​ជំងឺ​ស្វាយ​ពី​ម៉ាក់ៗ ១០០% ឯណោះ ហើយ​ភាគរយ​កូន​អាច​ស្លាប់​មាន​រហូត​ដល់ ៤០% ។ ចំពោះ​កូន​ឆ្លង​ជំងឺ​ស្វាយ​ពី​កំណើត អាច​មាន​រោគ​សញ្ញា​លេច​ចេញ​ក្នុង​អំឡុង​ពេល ២ ឆ្នាំ​ដំបូង ហើយ​រោគ​សញ្ញា​ដំណាក់​កាល​ចុងក្រោយ នឹង​កើត​មាន​ក្នុង​អំឡុង​ពេល ២០ ឆ្នាំ​ក្រោយ។

    ៥- ថែ​​ខ្លួន​មុន​សម្រាល និង​ការ​កើត​ជំងឺ​ស្វាយ​ពេល​ពពោះ

    បើ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេល កូន​ក្នុង​ផ្ទៃមិន​ងាយ​ឆ្លង​ជំងឺ​ស្វាយ​ពី​យើង​ទេ។ ប៉ុន្តែ ​ត្រូវ​ប្រុងប្រយ័ត្ន​ដើម្បី​សុខភាព​ទាំង​ម៉ាក់ និង​កូន។ ដំបូង​ត្រូវ​ប្រាប់​គ្រូពេទ្យ​ថា ​យើង​មាន​ជំងឺ​ស្វាយ និង​តាមដាន​សុខភាព​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​ទាន់​ពេល។ បន្ទាប់​មក ត្រូវ​ប្រាកដ​ថា មិន​រំលង​ការ​ពិនិត្យ​សុខភាព និង​ឆ្លុះ​អេកូ​កូន ព្រោះ​សំខាន់​ដើម្បី​ដឹង​ថា កូន​មាន​ឆ្លង​ជំងឺ​ស្វាយ ឬ​អត់។ ជា​ចុង​ក្រោយ ត្រូវ​បន្ត​ធ្វើ​តេស្ត​ឲ្យ​បាន​ទៀងទាត់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ KEO Seng ratha · កែ 10/05/2019

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម