អំឡុងពេលពពោះ ស្រីៗគ្នាយើងភាគតិចណាស់ មិនមានអាការៈចាញ់កូន ខណៈគ្នាយើងមួយភាគធំចាញ់កូនខ្លាំងទៀតផង ពិសេសនៅពេលព្រឹក។ ពិតណាស់ រោគសញ្ញាចាញ់កូន អាចធ្វើឲ្យយើងមិនស្រួលខ្លួនខ្លាំង អារម្មណ៍មិនល្អ ប៉ុន្តែអាការៈទើបមានផ្ទៃពោះនេះ អាចបង្ហាញពីសុខភាពយើងបាន។ គ្នាយើងដឹងអត់ថាតើអាការៈចាញ់កូនជារឿងល្អឬអាក្រក់?
១- ចាញ់កូនជារឿងល្អឬអាក្រក់?
ចម្លើយសម្រាប់សំណួរនេះ អាចស្មុគស្មាញបន្តិច ដោយសារយើងពិបាកដឹងថា អាការៈចាញ់កូនយើងកំពុងមាន ល្អ ឬអាក្រក់ណាស់។ យ៉ាងណា អាការៈចាញ់កូន ឬចង្អោរ ជាសញ្ញាធម្មតានៃការមានផ្ទៃពោះ ដោយធម្មតាការចាញ់កូនកើតមាននៅសប្តាហ៍ទី ៦ ហើយបាត់ទៅវិញនៅសប្តាហ៍ទី ១២ នៃការពពោះ។ អាការៈនេះ អាចកើតឡើងគ្រប់ពេល ទាំងពេលព្រឹក ពេលរសៀល ឬពេលល្ងាច ប៉ុន្តែវាច្រើនកើតមានធ្ងន់ធ្ងរនៅពេលព្រឹក ហើយធូរស្រាលវិញនៅពេលថ្ងៃ។
មានការសិក្សាមួយចំនួនបង្ហាញថា អាការៈចង្អោរ និងក្អួត ក្នុងអំឡុងពពោះ បណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយ។ នៅពេលយើងមានផ្ទៃពោះ រាងកាយនឹងចាប់ផ្តើមបញ្ចេញអ័រម៉ូនម្យ៉ាងហៅថា Human Chorionic Gonadotropin (HCG) ជាអ័រម៉ូនមានទាក់ទងនឹងការចង្អោរ ក្អួត។ ចំពោះគ្នាយើងពពោះកូនភ្លោះ អាចនឹងមានអាការៈចង្អោរ និងក្អួតខ្លាំង ជាងគ្នាយើងមានកូនក្នុងផ្ទៃធម្មតា ដោយសារតែកម្រិតអ័រម៉ូន HCG ក្នុងឈាមខ្ពស់។ ចំណែកអ័រម៉ូនអឺស្ត្រូសែន ក៏រួមចំណែកធ្វើឲ្យមានការចាញ់កូនដូចគ្នា។
ទោះជាយ៉ាងនេះក្តី ចំពោះគ្នាយើងមិនចាញ់កូន ក៏មិនមែនមានន័យ ការពពោះយើង មានបញ្ហានោះដែរ។ មួយវិញទៀត ចំពោះគ្នាយើងចាញ់កូនខ្លាំង អាការៈចង្អោរ និងក្អួតខ្លាំងពេកអាចបណ្តាលឲ្យខ្វះសារធាតុចិញ្ចឹម និងអតុល្យភាពអេឡិចត្រូលីត ជាហេតុអាចបង្កគ្រោះថ្នាក់ទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ។ ក្នុងករណីនេះ ស្រីៗគ្នាយើងចាញ់ខ្លាំង អាចផឹកទឹកឲ្យបានច្រើន ពិសេសទឹកមានសារធាតុរ៉ែសំខាន់ៗ ដើម្បីទ្រទ្រង់តុល្យភាពអេឡិចត្រូលីតរាងកាយ ក៏អាចញ៉ាំផ្លែឈើឲ្យបានច្រើនផង។ បើគ្នាយើង មានអាការៈពុលឡាន ឬយន្តហោះពេលធ្វើដំណើរ ឬបើមានអារម្មណ៍ថា មិនស្រួលខ្លួននៅពេលបានប៉ះពាល់ក្លិនអ្វីមួយ នោះធ្វើឲ្យអាការៈចាញ់កូន មានកាន់តែខ្លាំង។ សរុបសេចក្តីមក ចាញ់កូនគ្រាន់តែដំណើរធម្មជាតិនៃការពពោះរបស់យើងប៉ុណ្ណោះ មិនមែនជារឿងអាក្រក់នោះទេ។
២- វិធីកាត់បន្ថយអាការៈចាញ់កូន
ត្រូវញ៉ាំអាហារតិចៗ ឲ្យបានច្រើនដងក្នុងមួយថ្ងៃៗ ដោយគួរតែញ៉ាំអាហារសម្បូរទៅដោយប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ដោយសារតែអាចផ្តល់ថាមពលឲ្យយើងកាន់តែច្រើន។
– ញ៉ាំយឺតៗ ដើម្បីឲ្យរាងកាយអាចស្រូបយកអាហារបានល្អជាងមុន ហើយក៏អាចធ្វើឲ្យមានអារម្មណ៍ថាឆ្អែតបានយូរដែរ។
– ត្រូវផឹកទឹកមុន ឬក្រោយពេលញ៉ាំអាហារ។
– ត្រូវទុកអាហារសម្រន់ណាដែលចូលចិត្តនៅក្បែរខ្លួន ដូចជា នំប្រៃ នំពារ ទឹកដោះគោជូរ ឬផ្លែឈើ ដើម្បីអាចញ៉ាំបានភ្លាម នៅពេលចង់។ អាហារៈទាំងនេះ អាចធ្វើឲ្យយើងមានថាមពល និងផ្តល់សារធាតុចិញ្ចឹមដល់យើងបានគ្រប់គ្រាន់។ អាហារសម្រន់ អាចជួយឲ្យយើងមានអារម្មណ៍ធូរស្បើយ នៅពេលចង់ក្អួតម្តងៗ។
– អាចញ៉ាំបានតាមការចង់ គ្រប់ទីកន្លែង និងគ្រប់ពេលបាន។
– ត្រូវផឹកទឹក ទឹកដោះគោ ឬទឹកផ្លែឈើ ដើម្បីរក្សាជាតិទឹកនៅពេលថ្ងៃ។
– អាហារត្រជាក់ អាចមានប្រយោជន៍ ពីព្រោះអាហារក្តៅ ធ្វើឲ្យយើងមានអារម្មណ៍ចង់ក្អួតបាន។
– ត្រូវខ្ពុលមាត់មុន និងក្រោយ ពេលញ៉ាំអាហារ ដើម្បីចៀសវាង ទទួលរសជាតិមិនល្អ។
– ហាត់ប្រាណស្រាលៗ មានផលប៉ះពាល់តិច អាចជួយកុំឲ្យចាញ់កូនបាន ដូចជា ដើរ ជិះកង់ ឬហែលទឹកជាដើម។
– ត្រូវបើកបង្អួច ដើម្បីទទួលបានខ្យល់អាកាសបរិសុទ្ធ។
– ត្រូវសម្រាកតាមដែលអាចធ្វើបាន ដោយសារតែអាការៈចង្អោរ និងក្អួត អាចកើតមានកាន់តែធ្ងន់ធ្ងរ នៅពេលយើងអស់កម្លាំង។
– ខ្ញី អាចជួយសម្រួលដល់ក្រពះ ព្យាយាមផឹកភេសជ្ជៈណាមានខ្ញីឲ្យបានច្រើន។
៣- រឿងមិនគួរធ្វើពេលចាញ់កូន
– ព្យាយាមចៀសពីអាហារ ឬកន្លែងណា អាចធ្វើឲ្យយើងចង់ចង្អោរ ដូចជា បន្ទប់មានសីតុណ្ហភាពក្តៅ ក្លិនទឹកអប់ជាដើម។
– ចៀសវាងអាហារមានជាតិខ្លាញ់ ហឹរ អាហារចៀន បំពង ឬអាហារសម្បូរអាស៊ីដ ដោយសារអាហារទាំងនេះ អាចធ្វើឲ្យរលាកប្រព័ន្ធរំលាយអាហារយើងបាន។
– ពេលកំពុងញ៉ាំអាហារ កុំផឹកទឹកច្រើនពេក ព្រោះធ្វើឲ្យឆ្អែត ញ៉ាំអាហារបានតិច។
– កុំចុះពីគ្រែភ្លាមៗនៅពេលទើបភ្ញាក់ពីគេង។
– កុំគេងបន្ទាប់ភ្លាមៗ ក្រោយញ៉ាំអាហាររួច ព្យាយាមធ្វើសកម្មភាពណាស្រាលសិន។
– កុំបង្អត់អាហារនៅពេលយើងចង់ចង្អោរ និងក្អួត ដោយសារតែ អាចធ្វើឲ្យលែងចង់ញ៉ាំអាហារទៀត។
គួរស្វែងយល់បន្ថែម
- ទារកក្នុងផ្ទៃមានសុខភាពល្អ ឬសុខភាពខ្សោយ សង្កេតមើលសញ្ញាទាំងនេះ
- ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ
- ស្រ្តីសម្រាលកូនដោយវះកាត់ អាចមកពីហេតុផល ៤ យ៉ាងនេះ
- ពេលពពោះចេះតែថប់ដង្ហើមមែនទេ នេះវិធីបំបាត់!
- រោគសញ្ញាពពោះដំបូងចម្លែកៗ ស្រីៗគួរចាប់អារម្មណ៍
[embed-health-tool-pregnancy-weight-gain]