ការប្រើថ្នាំពន្យារកំណើតបន្ទាន់ ជាជម្រើសតែមួយគត់ ដើម្បីបញ្ចៀសការមានផ្ទៃពោះដោយចៃដន្យ នៅពេលដែលយើងខកខានមិនបានប្រើស្រោមអនាម័យ ឬវិធីសាស្ត្រពន្យារកំណើតដទៃទៀត។ យ៉ាងណាមិញ តើថ្នាំពន្យារកំណើតបន្ទាន់ មានសុវត្ថិភាពចំពោះគ្នាយើងដែរឬអត់?
ផលប៉ះពាល់ទូទៅបំផុតនៃការប្រើថ្នាំពន្យារកំណើតបន្ទាន់ មិនថាប្រើលើកដំបូង ឬប្រើច្រើនលើកនោះទេ យើងអាចប្រឈមនឹងការប្រែប្រួលវដ្ដរដូវ។ បញ្ហានេះកើតឡើងដោយសារតែថ្នាំពន្យារកំណើតបន្ទាន់ផ្ទុកសារធាតុដែលរារាំងអ័រម៉ូនភេទស្រី និងការពារការបញ្ចេញពងអូវុល។ អាស្រ័យតាមស្ថានភាពសុខភាពស្រីៗយើង វដ្ដរដូវខ្លះអាចមកយឺត ឬលឿនជាងធម្មតា។ ក្នុងករណីវដ្ដរដូវមកយឺតប្រហែល១សប្ដាហ៍ យើងគួរពិគ្រោះជាមួយគ្រូពេទ្យ និងប្រើតេស្តពិនិត្យផ្ទៃពោះ ឬតេស្តឈាម ដើម្បីដឹងថាយើងមានផ្ទៃពោះឬអត់។
២. ការធ្លាក់ឈាមតាមស្បូនមិនធម្មតា
ទន្ទឹមនឹងនេះដែរ មានស្រីៗជាច្រើនប្រឈមនឹងការធ្លាក់ឈាម ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ ដែលនេះជាផលប៉ះពាល់ដ៏ចម្បងមួយ។ យ៉ាងណាមិញ គ្នាយើងមិនគួរបារម្ភពេកឡើយ ពីព្រោះករណីនេះមិនប៉ះពាល់សុខភាពធ្ងន់ធ្ងរឡើយ។ ប៉ុន្តែ បើយើងធ្លាក់ឈាមលើសពី២ថ្ងៃ ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ យើងគួរទៅជួបគ្រូពេទ្យ ដើម្បីធ្វើការព្យាបាល ពីព្រោះវាអាចជាសញ្ញាព្រមាននៃបញ្ហាសុខភាពធ្ងន់ធ្ងរ។
៣. វិលមុខ និងក្អួត
ប្រមាណ៥០% នៃអ្នកប្រើថ្នាំពន្យារកំណើតបន្ទាន់ អាចមានអាការៈចង្អោរ។ ផលប៉ះពាល់មួយនេះ អាចនឹងបាត់ទៅវិញក្រោយរយៈពេល ១ទៅ ២សប្ដាហ៍ ឬអាចឆាប់រហ័សជាងនេះ។ ប៉ុន្តែ បើអាការៈចង្អោរនៅតែបន្ត គ្នាយើងគួរផ្លាស់ប្ដូររបបអាហារ ទើបជាការប្រសើរ។
មួយវិញទៀត ការប្រើថ្នាំប្រភេទនេះក៏អាចធ្វើឲ្យយើងអស់កម្លាំងដូចគ្នា។ ជាទូទៅ ស្ត្រីដែលទើបប្រើថ្នាំពន្យារកំណើតបន្ទាន់ជាលើកដំបូង អាចមានអារម្មណ៍នឿយហត់នៅពេលព្រឹកព្រលឹម។ ប៉ុន្តែ អាការៈនេះនឹងបាត់ទៅវិញក្នុងរយៈពេល១ថ្ងៃ ឬ២ថ្ងៃប៉ុណ្ណោះ។
បន្ថែមពីនេះ ការប្រើថ្នាំពន្យារកំណើតបន្ទាន់ក៏អាចមានផលប៉ះពាល់ផ្សេងទៀត ដូចជាតឹងក្នុងទ្រូង ឈឺក្បាល ចំណង់ផ្លូវភេទធ្លាក់ចុះ និងឈឺពោះផ្នែកខាងក្រោមផងដែរ។

ផលប៉ះពាល់រយៈពេលវែងនៃការប្រើថ្នាំពន្យារកំណើតបន្ទាន់
ថ្នាំពន្យារកំណើតបន្ទាន់ អាចប្រើបានតែចំពោះស្ត្រីដែលមានសុខភាពល្អប៉ុណ្ណោះ និងមិនគួរប្រើច្រើនជាង២ដងក្នុងមួយខែឡើយ។ ការប្រើថ្នាំប្រភេទនេះលើសកម្រិត អាចបណ្ដាលឲ្យមានផលប៉ះពាល់ និងផលវិបាករយៈពេលវែង ដែលរួមមាន៖
- ឡើងទម្ងន់
- ជំងឺផ្លូវដង្ហើម
- បង្កជាជំងឺបាក់ទឹកចិត្ត
- ជំងឺលើសសម្ពាធឈាម
- ក្នុងករណីកម្រខ្លះ អតុល្យភាពអ័រម៉ូនដែលបណ្ដាលមកពីប្រើថ្នាំពន្យារកំណើតបន្ទាន់ អាចនាំឲ្យមានបញ្ហាថង់ទឹកប្រមាត់។
- ស្ត្រីខ្លះទៀត អាចមានដុំគីសក្រពេញអូវែ អំឡុងពេលប្រើប្រាស់ថ្នាំ
- ការមានកូនក្រៅស្បូន។
អ្នកណាខ្លះមិនគួរប្រើថ្នាំពន្យារកំណើតបន្ទាន់?
អ្នកជំនាញបានណែនាំថា អ្នកដែលមានបញ្ហាកំណកឈាម គីសទឹកក្រពេញអូវែ (PCOS) សម្ពាធឈាមខ្ពស់ ឬមានជំងឺបាក់ទឹកចិត្តមិនគួរប្រើថ្នាំពន្យារកំណើតបន្ទាន់នេះឡើយ។
ចំណុចសំខាន់
ប្រើថ្នាំពន្យារកំណើតបន្ទាន់ ផ្តល់ផលប៉ះពាល់អ្វីខ្លះ?
- ប្រែប្រួលវដ្តរដូវ
- ការធ្លាក់ឈាមតាមស្បូនមិនធម្មតា
- វិលមុខ និងក្អួត
- អស់កម្លាំង