ក្នុងអំឡុងពេលឈឺពោះសម្រាលកូន ស្ត្រីដែលលេចចេញសញ្ញាគ្រោះថ្នាក់ពេលសម្រាល ត្រូវការបញ្ជូនទៅសង្គ្រោះនៅមន្ទីរមន្ទីរពេទ្យក្នុងរយៈពេលក្រោម ២ម៉ោង បើមិនដូច្នេះទេទាំងម៉ាក់ៗ ឬទារកអាចប្រឈមការស្លាប់ខ្ពស់។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
សញ្ញាគ្រោះថ្នាក់ពេលសម្រាលកូន
១. ការធ្លាក់ឈាមធ្ងន់ធ្ងរ
ការធ្លាក់ឈាមខ្លាំងភ្លាមៗ ឬការហូរឈាមតិចៗជាប់ជាបន្ត មានគ្រោះថ្នាក់ខ្លាំងណាស់។ សមាជិកគ្រួសារ ២នាក់គួរទៅមន្ទីរពេទ្យជាមួយស្ត្រី ក្នុងករណីត្រូវការបញ្ចូលឈាម។ មួយវិញទៀត ការឈឺចាប់ខ្លាំងជាប់ជានិច្ចនៅក្នុងពោះ ខុសពីការកន្ត្រាក់ស្បូនពេលឈឺពោះ អាចមានន័យថា សុកកំពុងរបេះពីស្បូនដែលអាចសម្លាប់ម្ដាយ ឬទារក។
២. ឈឺក្បាលធ្ងន់ និងប្រកាច់
សញ្ញាគ្រោះថ្នាក់ពេលសម្រាលនេះ អាចជាសញ្ញានៃក្រឡាភ្លើង។ ស្ត្រីត្រូវការជំនួយវេជ្ជសាស្ត្រជាបន្ទាន់ បើឈឺពោះសម្រាលរយៈពេលយូរ។ ការឈឺពោះសម្រាលខ្លាំង យូរជាង១ថ្ងៃ ឬ១យប់ (១២ម៉ោង) ឬការប្រឹងសម្រាលយូរជាង ២ម៉ោង ហើយនៅតែគ្មានសញ្ញាថាទារកនឹងកើត គឺជាសញ្ញានៃការឈឺពោះសម្រាលអូសបន្លាយ ដែលអាចសម្លាប់ទាំងម្ដាយ និងទារក។
៣. ទារកចេញខុសទីតាំង
សញ្ញាគ្រោះថ្នាក់ពេលសម្រាលមួយទៀត គឺដៃ ឬជើងទារកចេញមកមុន ពោលគឺទារកកំពុងស្ថិតក្នុងទីតាំងខុសប្រក្រតី។ ជាធម្មតា ពេលសម្រាលកូន ទារកគឺកើតចេញក្បាលមុនដៃជើង។
៤. បែកទឹកភ្លោះ តែមិនឈឺពោះ
វេជ្ជបណ្ឌិតខាងលើបន្តថា ដើម្បីបង្ការការបង្ករោគ ការសម្រាលគួរកើតឡើងក្នុងអំឡុង ២៤ម៉ោង បន្ទាប់ពីបែកទឹកភ្លោះ។ សមាជិកគ្រួសារ ត្រូវស្វែងរកជំនួយវេជ្ជសាស្ត្រប្រសិនបើស្ត្រីបែកទឹកភ្លោះយូរជាង ១២ម៉ោង ហើយមិនឈឺពោះ។ បើឃើញ ទឹកភ្លោះពណ៌បៃតង ឬពណ៌ត្នោត នោះអាចថាទារកបញ្ចេញលាមកនៅក្នុងស្បូន ដែលជាធម្មតាទារកអាចបញ្ចេញលាមកដំបូងតែពេលកើតប៉ុណ្ណោះ។ បើនៅបន្តទុកយូរទៀត ទារកក៏អាចខ្សោយខ្វះឈាមនាំអុកស៊ីសែន ថប់ដង្ហើម ឬឆ្លងមេរោគព្រោះលាមកទៅក្នុងមាត់ និងសួត។
[embed-health-tool-child-growth-chart]
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?