ក្រោយសម្រាលកូនហើយ ចាស់ៗតែងហៅថា ស្រីៗ «កូនខ្ចី» និងតម្រូវឲ្យអ្នកកូនខ្ចីនោះ នៅស្ងៀមមិនត្រូវធ្វើអ្វីទាំងអស់រាប់ខែ រហូតចូលដល់ឆ្នាំទៀតផង ព្រោះគិតថាការធ្វើការងារសម្រាប់អ្នកសម្រាលកូនរួច បណ្ដាលឲ្យទាស់។
វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ពាក្យកូនខ្ចីរបស់ចាស់ៗពីមុន គឺក្រោយសម្រាលស្រីៗត្រូវស្លៀកពាក់ជិតៗ ពាក់មួក គ្របត្រចៀក ឬមានសម្លីញ៉ុកត្រចៀកកុំឲ្យចូលខ្យល់ ពាក់ស្រោមជើង និងសម្រាកនៅស្ងៀមរាប់ខែមិនធ្វើអ្វីសោះ។ លោកពន្យល់ថា ក្រោយសម្រាលកូនបាន ៤៥ ថ្ងៃ គេលែងហៅថាកូនខ្ចីទៀតហើយ ព្រោះជាពេលដែលអាចមករដូវ និងរួមភេទបានឡើងវិញ ដែលនេះជានិយមន័យនៃពាក្យកូនខ្ចីត្រឹមត្រូវតាមក្បួនពេទ្យ។ ជាធម្មតាស្ត្រីនឹងចាប់ផ្ដើមមករដូវវិញនៅចន្លោះ ៣ ទៅ ១០ សប្ដាហ៍ក្រោយសម្រាលកូន ឬជាមធ្យម ៤៥ ថ្ងៃ តែលក្ខខណ្ឌនេះក៏មានភាពខុសៗគ្នាទៅតាមស្ត្រីម្នាក់ៗ អាស្រ័យលើសុខភាពកាយ ចិត្ត និងរបៀបនៃការបំបៅកូន។
សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះបន្ថែមទៀតថា មុនរយៈពេល ៤៥ ថ្ងៃនេះម៉ាក់ៗក៏អាចទៅផ្សារ ធ្វើម្ហូប បោសផ្ទះ បោកសម្លៀកបំពាក់ ធ្វើការងារគ្រប់យ៉ាងគ្រាន់តែកុំសូវធ្វើធ្ងន់ដែលហួសពីកម្លាំងយើង និងអាចដើរហើរលេងឆ្ងាយក៏បាន គ្រាន់តែត្រូវចេះការពារខ្លួនកុំឲ្យឈឺ ព្រោះបើឈឺដូចជាផ្ដាសាយ ក្អក អាចឆ្លងទៅទារកបាន ហើយកូននៅតូចឈឺមិនមែនស្រួលក្នុងការបញ្ចុកថ្នាំឡើយ។
[embed-health-tool-baby-poop-tool]
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែតបន្តថា ចាស់ៗច្រើនបង្គាប់ស្ត្រីសម្រាលកូនរួចមិនឲ្យញ៉ាំអាហារមានបន្លែ ព្រោះខ្លាចកូនហើមពោះ។ តែក្បួនវិជ្ជាសាស្ត្រគេហាមតែបន្លែឆៅ បន្លែលាងមិនស្អាត ប៉ុណ្ណោះក្រៅពីនោះញ៉ាំបានធម្មតា ដើម្បីសម្បូរទឹកដោះឲ្យកូនបៅ។ មួយវិញទៀតការមិនឲ្យត្រូវទឹកភ្លៀង ឬចេញក្រៅមានអាកាសធាតុត្រជាក់ ក៏ជួយការពារមិនឲ្យឈឺបានដែរ គ្មានទាក់ទងនឹងរឿងទាស់អ្វីទេ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?