backup og meta

ពពោះដំបូង ម៉ាក់ៗត្រូវដឹងរឿងសំខាន់ ៤ យ៉ាង ពីការសម្រាលកូន

ពពោះដំបូង ម៉ាក់ៗត្រូវដឹងរឿងសំខាន់ ៤ យ៉ាង ពីការសម្រាលកូន

អារម្មណ៍ម៉ាក់ៗមិនសូវជាខុសគ្នាប៉ុន្មានទេ កាលណាជិតដល់ថ្ងៃសម្រាល ក្នុងចិត្តភ័យផងអរផង។ ចំពោះម៉ាក់ៗដែលទើបមានកូនដំបូង ប្រហែលជាបារម្ភខ្លាំងចំពោះបញ្ហាចោទផ្សេងៗនៅពេលសម្រាលអាអូន បើអ៊ីចឹង យើងមកដឹងពីរឿងសំខាន់ ៤យ៉ាង អំពីការសម្រាលកូន។

១. កូនកើតមុនខែ គ្រប់ខែ ចាស់ខែ

មិនមែនស្ត្រីគ្រប់រូបសម្រាលកូនតាមកាលកំណត់ដូចគ្នានោះទេ ស្រ្តីខ្លះអាចកើតកូនមុនខែ ខ្លះទៀតចាស់ខែ មានន័យលើសកាលកំណត់។

មុនខែ៖ អង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា ទារកកើតមុនខែ ឬការសម្រាលកូនមុនកំណត់ សំដៅទៅលើការសម្រាលកូននៅមុនសប្ដាហ៍ទី ៣៧ នៃការពពោះ។

គ្រប់ខែ៖ ក្បូនពេទ្យរាប់ពីថ្ងៃទី១ នៃរដូវដែលមកខែចុងក្រោយគេ ជាថ្ងៃមានគភ៌ ដោយកំណត់រយៈពេល ៤០ សប្តាហ៍ ជាថ្ងៃគ្រប់ខែសម្រាលកូន ដែលត្រូវជា ៩ខែ១០ថ្ងៃ។ តែទោះជាកំណត់បែបនេះក្តី បើកូនសម្រាលក្រោយ ៣៧ សប្តាហ៍ទៅ ក៏ពេទ្យចាត់ទុកថា គ្រប់ខែដែរ។

គណនាថ្ងៃសម្រាលកូន

ចាស់ខែ៖ ការពពោះ ឬសម្រាលកូនលើសពីរយៈពេល ៤០ សប្តាហ៍ទៅ នោះគេហៅថា កូនចាស់ខែហើយ។ គ្រូពេទ្យតម្រូវឲ្យម៉ាក់ៗទុកកូនក្នុងពោះយ៉ាងយូរបំផុតត្រឹម ៤១សប្តាហ៍៣ថ្ងៃប៉ុណ្ណោះ ទោះជាមិនឈឺពោះ ឬបែកទឹកភ្លោះក៏ដោយ។

[embed-health-tool-due-date]

២. មានបញ្ហាប៉ុន្មាននេះ សម្រាលតាមធម្មជាតិអាចនឹងគ្រោះថ្នាក់

គ្រូពេទ្យសម្ភពលើកទឹកចិត្តឲ្យស្រីៗមានផ្ទៃពោះទាំងអស់សម្រាលកូនតាមធម្មជាតិ ជាជាងវះកាត់។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត ។ ទោះយ៉ាងលោកវេជ្ជបណ្ឌិតថា ស្រ្តីមានលក្ខខណ្ឌសុខភាពប៉ុន្មានខាងក្រោមនេះ មិនអាចសម្រាលតាមធម្មជាតិ បាន ព្រោះគ្រោះថ្នាក់ទាំងម្តាយទាំងកូន។

– កូនទទឹងពោះ

– កូនមិនបង្វិលក្បាលចុះក្រោម

– សុកពាំងមាត់ស្បូន

– រហែកស្បូន

– សុខភាពម្តាយ ឬកូនខ្សោយខ្លាំង

– ម្តាយមានធ្លាក់ឈាមច្រើន

– បែកទឹកភ្លោះយូរ។

៣. ទឹកភ្លោះអាចបែកមុនសម្រាល

ជាធម្មតាទឹកភ្លោះនឹងបែកពេលឈឺពោះ ត្រៀមសម្រាលកូន តែស្ត្រីមួយចំនួនអាចនឹងបែកទឹកភ្លោះមុនសម្រាល ដោយគ្មានសញ្ញាឈឺពោះទេ។ ករណីបែកទឹកភ្លោះនេះបណ្តាលមកពីមូលហេតុជាច្រើន ដូចជាការបង្ករោគ ការរីកតឹងនៃស្បូន (ករណីកូនភ្លោះ កូនថ្លោស ឬទឹកភ្លោះច្រើន) ការរួមភេទធ្វើឲ្យមានការប៉ះទង្គិចជាដើម។

បើយើងមានហូរទឹកថ្លាៗ ឬមានឈាមលាយមកជាមួយតាមទ្វារមាសនោះ ហើយគ្មានអាការៈឈឺពោះទេ នោះជាការប្លែកទឹកភ្លោះមុនសម្រាលហើយ ត្រូវប្រញាប់ទៅពេទ្យ។ ទោះជាបែកទឹកភ្លោះក៏ដោយ គឺត្រូវរង់ចាំដល់ពេលសាច់ដុំស្បូនចាប់ផ្ដើមកន្ត្រាក់បើកស្បូន អំឡុង ២៤ ម៉ោង បន្ទាប់ពីបែកទឹកភ្លោះ។ យ៉ាងណាមិញ បើលើស ២៤ ម៉ោងហើយ ស្បូននៅតែអត់បើកដល់លេខដែលកើតបែបធម្មជាតិបាន ពេទ្យអាចមានជម្រើស ២ ទៀតដើម្បីបង្កើតកូន គឺ (១) ចាក់ថ្នាំជំនួយស្បូនឲ្យបើក និង (២) វះកាត់។

សម្រាលកូន

៤. ពេទ្យនឹងវាស់មាត់ស្បូនស្ត្រី ដើម្បីដឹងថា កូនជិតកើតឬនៅ

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា នៅពេលឈឺពោះ ពេទ្យនឹងធ្វើតេស្ដម៉ាក់ៗដើម្បីចង់ដឹងកូនដល់ពេលកើតឬនៅ ដោយវាស់មាត់ស្បូនស្ត្រី។ ម៉ាក់ៗកូនដំបូងឈឺពោះទម្រាំបានសម្រាលប្រើរយៈពេលយូរ ហើយស្បូនបើកបានប៉ុន្មានលេខ គឺគិតតាមសង់ទីម៉ែត្រ តែភាសាសាមញ្ញពេទ្យនិយាយទូទៅគឺមួយលេខ ស្មើ ១ សង់ទីម៉ែត្រ ហើយចំពោះឧបករណ៍វាស់វិញ គឺស្មានតាមម្រាមដៃមួយស្មើ ១ លេខ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy: Types of Delivery

https://my.clevelandclinic.org/health/articles/9675-pregnancy-types-of-delivery

What are my options for giving birth?

https://www.tommys.org/pregnancy-information/giving-birth/my-birth-options

Natural Childbirth

https://kidshealth.org/en/parents/natural-childbirth.html

កំណែ​ប្រែបច្ចុប្បន្ន

05/09/2023

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាសញ្ញាឈឺពោះសម្រាលកូន ម៉ាក់ៗថ្មីថ្មោងគួរដឹង!

ម៉ាក់ៗ មកដឹងមូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺក្បាលក្រោយសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 05, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម