ការត្រាំទឹកក្ដៅ ឬការងូតទឹកក្ដៅគឺអាចជួយយើងបន្ថយអាការៈឈឺចាប់ផ្សេងៗបាន ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះគឺមិនដូចគ្នានោះទេព្រោះការត្រាំទឹកក្ដៅ ឬងូតទឹកក្ដៅខ្លាំងពេកអាចបង្កគ្រោះថ្នាក់ដល់គភ៌បាន។
គ្រូពេទ្យតែងណែនាំមិនឲ្យស្ត្រីពពោះត្រាំទឹកក្ដៅទេ ព្រោះការធ្វើដូចនេះអាចប៉ះពាល់ដល់សីតុណ្ហភាពក្នុងខ្លួនរបស់ស្ត្រីពពោះ។ អ្នកស្រាវជ្រាវបានរកឃើញថាការកើនឡើងសីតុណ្ហភាពនៅអំឡុងពេលពពោះដំបូងអាចបង្កើនហានិភ័យបញ្ហាលៀនដុំពកលើឆ្អឹងខ្នងខាងក្រោមពីកំណើតលើទារក (Neural tube defect) ដែលនេះដូចគ្នាទៅនឹងអាការៈគ្រុនក្ដៅអំឡុងពេលពពោះ។ ម៉្យាងទៀតក៏មានភស្តុតាងមួយចំនួនបង្ហាញថាការត្រាំទឹកក្ដៅអំឡុងពេលពពោះដំបូងៗអាចបង្កើនហានិភ័យនៃការរលូត ហើយសម្រាប់ត្រីមាសក្រោយៗការត្រាំទឹកក្ដៅអាចបង្កឲ្យទៅជាមានការបាត់បង់ជាតិទឹកនៅក្នុងខ្លួនសម្រាប់ស្ត្រីពពោះ។ ប៉ុន្តែភស្តុតាងនេះនៅមានមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយភាគច្រើនគឺបង្កើនហានិភ័យបញ្ហាសុខភាពដល់ទារកវិញ។
ដោយសារបញ្ហាលៀនដុំពកនៅឆ្អឹងខ្នងខាងក្រោមពីកំណើត គ្រូពេទ្យតែងណែនាំឲ្យស្ត្រីពពោះប្រុងប្រយ័ត្ន និងតាមដានសីតុណ្ហភាពរាងកាយកុំឲ្យខ្ពស់ជាង៣៨អង្សាសេដោយមិនត្រឹមតែចៀសវាងការត្រាំទឹកក្ដៅប៉ុណ្ណោះ ទេ ប៉ុន្តែត្រូវតាមដានអាការៈគ្រុនក្ដៅដើម្បីបង្ការកុំឲ្យសីតុណ្ហភាពខ្ពស់។ ការត្រាំទឹកក្ដៅត្រឹម១០ទៅ២០នាទីក៏អាចធ្វើឲ្យសីតុណ្ហភាពឡើងបានដែរ។ ដូចនេះ យកល្អអំឡុងពេលមានផ្ទៃពោះគួរចៀសវាងការត្រាំទឹកក្ដៅដើម្បីសុវត្ថិភាពដល់គភ៌។
[embed-health-tool-due-date]
យ៉ាងណាមិញ ជំនួសឲ្យការត្រាំទឹកក្ដៅ ស្រីៗកំពុងពពោះអាចងូតទឹកក្ដៅឧណ្ហៗជំនួសបាន។ ពេលងូតទឹក សីតុណ្ហភាពទឹកចុះត្រជាក់លឿនជាងពេលត្រាំទឹក ហើយណាមួយរាងកាយមិនបានត្រាំក្នុងទឹកក្ដៅទេ។ ហេតុនេះហើយសីតុណ្ហភាពក្នុងរាងកាយគឺមិនឡើងលឿនដូចត្រាំទឹកក្ដៅដែរ។ ប៉ុន្តែការងូតទឹកក្ដៅនៅតែអាចបង្កហានិភ័យប្រសិនជាងូតទឹកក្ដៅខ្លាំង ឬងូតទឹករយៈពេលយូរ។ ដូចនេះបើចង់ងូតទឹកក្ដៅគួរពិនិត្យសីតុណ្ហភាពរាងកាយ និងសីតុណ្ហភាពទឹកឲ្យបានច្បាស់ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។
ការងូតទឹកក្ដៅឧណ្ហៗស្ត្រីពពោះគួរមានការប្រុងប្រយ័ត្នដូចជា៖
- សីតុណ្ហភាពទឹកមិនត្រូវក្ដៅពេក ឬអាចធ្វើឲ្យស្បែកប្រែទៅជាពណ៌ក្រហម
- ប្រសិនជាមានអាការៈវិលមុខ គួរឈប់ងូតភ្លាមៗព្រោះនេះបណ្ដាលមកពីសម្ពាធឈាមធ្លាក់ចុះ
- ងូតទឹកតិចជាង១០នាទី
- ប្រសិនជាមានអារម្មណ៍ថាស្រេកទឹក ក្ដៅខ្លាំង ឬរងា គួរបញ្ឈប់ការងូតទឹកភ្លាម។
ប៉ុន្តែសម្រាប់ស្ត្រីពពោះដែលមានការព្រួយបារម្ភខ្លាំង ឬមិនច្បាស់ក្នុងចិត្តពីកម្រិតសីតុណ្ហភាពទឹកក្ដៅដែលខ្លួនចង់ងូតទេ គួរចៀសវាងទាំងការត្រាំទឹកក្ដៅ និងការងូតទឹកក្ដៅព្រោះការពារប្រសើរជាងព្យាបាល។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?