backup og meta

តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 23

    តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ

    ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិត្រឹមត្រូវអាចជួយម៉ាក់ៗកាត់​​​​បន្ថយការឈឺចាប់ ការហើម ការឆ្លងមេរោគ និងជួយឱ្យម៉ាក់ៗឆាប់ជាសះស្បើយពីមុខរបួស។ ក្រោយសម្រាលតាមធម្មជាតិរួច ម៉ាក់ៗគួរថែទាំថ្នេរបែបណា?

    ក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ពេទ្យឆ្មបអាចវះសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗដើម្បី​ជួយឱ្យទារកសម្រាលចេញលឿន ឬ​សាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗអាចរហែក ពេល​សម្រាល​ក៏​មាន ដែល​ត្រូវ​ឲ្យ​មានការ​ដេរ​ភ្ជាប់​ឡើង​វិញ​។

    បន្ទាប់ពីសម្រាលរួច​ ពេទ្យឆ្មបនឹងដេរបិទសាច់ចន្លោះទ្វារ​មាស និងរន្ធគូថរបស់ម៉ាក់ៗ។ ម៉ាក់ៗអាចជួបប្រទះការហើម និង​ការឈឺចាប់ថ្នេរពីរបីសប្តាហ៍។

    ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមថ្នេរ ម៉ាក់ៗអាចសាកល្បងតាមវិធីដូចខាងក្រោម៖

    ១. ស្អំទឹកកក

    ម៉ាក់ៗអាចរុំដុំទឹកកកជាមួយកំណាត់ ឬកន្សែងស្អាត រួចស្អំទឹកកកលើថ្នេររយៈពេល ១០-១៥ នាទីបីបួនដងក្នុងមួយថ្ងៃក្នុងអំឡុងពេល ២៤​ បន្ទាប់ពីសម្រាលរួចដើម្បីកាត់បន្ថយការឈឺចាប់ និង​ហើម។

    ២. គេងផ្អៀងពេលបំបៅដោះ

    ពេលបំបៅដោះកូន ម៉ាក់ៗគួរចៀសវាងអង្គុយបំបៅ។ ម៉ាក់ៗគួរគេងផ្អៀងដើម្បី​កុំឱ្យថ្នេររងសម្ពាធខ្លាំង​ដែលមិនសូវធ្វើឱ្យម៉ាក់ៗឈឺចាប់។

    ៣. ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤​ ម៉ោងម្តង

    បន្ទាប់បីសម្រាលរួច ម៉ាក់ៗនឹងធ្លាក់ឈាមប្រហែលមួយសប្តាហ៍ ដូច្នេះម៉ាក់ៗត្រូវស្លៀកខោទឹកនោម​ដើម្បីការពារការប្រឡាក់ ជាពិសេសអំឡុង​ពេលស្នាក់នៅមន្ទីរពេទ្យ។ ម៉ាក់ៗត្រូវប្តូរខោទឹកនោម ឬ​សំឡីអនាម័យ ២-៤​ ម៉ោងម្តងដើម្បីកុំឱ្យថ្នេរសើម និងឆ្លងមេរោគ។

    ៤. ការពារការទល់លាមក

    ការទល់លាមកអាចបន្ថែមសម្ពាធដល់របួស និងអាចធ្វើឱ្យរហែកថ្នេរក្នុងអំឡុងពេល​ម៉ាក់ៗប្រឹង​បត់​ជើង។ ដូច្នេះ ដើម្បីការពារការទល់លាមក ម៉ាក់ៗគួរញុំាទឹក បន្លែ និងផ្លែឈើដែលមានមានជាតិ​សរសៃ​ខ្ពស់​ឱ្យបានច្រើន ជាពិសេសល្ហុងទុំ។

    ជាងនេះទៅទៀត ម៉ាក់ៗគួរដើររយៈពេល ១៥-៣០ នាទីជារៀងរាល់ថ្ងៃ​ដើម្បីជួយពោះវៀន​បញ្ចេញ​កាក់សំណល់។ ប្រសិនបើម៉ាក់ៗនៅតែទល់លាមក ម៉ាក់ៗអាចស្នើពេទ្យចេញវេជ្ជបញ្ជាថ្នាំក្តៀនបាន។

    ល្ហុង

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៥. លាងសម្អាតថ្នេរជាមួយទឹកក្តៅឧណ្ហៗ

    ការបត់ជើងតូចអាចធ្វើឱ្យរបួសម៉ាក់ៗផ្សា។ ម្យ៉ាងទៀត ទឹកនោមអាច​ធ្វើឱ្យរបួសម៉ាក់ៗឆ្លងមេរោគ ដូច្នេះពេលម៉ាក់ៗបត់ជើងតូច ម៉ាក់ៗអាចច្របាច់ទឹកក្តៅឧណ្ហៗ​ពីដបទឹកសុទ្ធដើម្បីលាងសម្អាត​ថ្នេរ​ពីមុខទៅក្រោយ។

    ការធ្វើបែបនេះក៏ជួយជំរុញរំហូរទឹកនោមដែលជួយឱ្យម៉ាក់ៗបត់ជើងតូចបានស្រួលដែរ។ បន្ទាប់​ពី​ម៉ាក់ៗ​បត់ជើងរួច ម៉ាក់ៗត្រូវលាងសម្អាតថ្នេរជាមួយទឹកក្តៅឧណ្ហៗម្តងទៀត រួចជូតថ្នេរថ្នមៗ​ពី​មុខ​ទៅ​ក្រោយឱ្យស្ងួត។

    ៦. ញុំាថ្នាំបំបាត់ការឈឺចាប់

    ជាទូទៅ ម៉ាក់ៗអាចញុំាប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់ថ្នេរបន្ទាប់ពីសម្រាលបាន ប៉ុន្តែដើម្បីសុវត្ថិភាព ម៉ាក់ៗអាចស្នើឱ្យពេទ្យចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ ពីព្រោះថ្នាំបំបាត់ការឈឺចាប់មួយចំនួនមិនមានសុវត្ថិភាពក្នុងពេលបំបៅដោះទេ ដោយសារថ្នាំទាំងនោះ​​អាចចូលទៅក្នុងខ្លួនអាអូនតាមរយៈទឹកដោះ។

    ៧. អង្គុយលើខ្នើយ

    ម៉ាក់ៗអាចអង្គុយលើខ្នើយ ឬខ្នើយកងដើម្បីកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយសម្ពាធលើថ្នេរ។ លើសពីនេះទៅទៀត ពេលម៉ាក់ៗអង្គុយ ម៉ាក់ៗអាចខ្ជឹបគូទដើម្បីជួយទាញសាច់ចន្លោះទ្វារមាស និងរន្ធគូទចូលគ្នា ចៀសវាងរហែកថ្នេរ។

    ៨. ឱ្យថ្នេរត្រូវខ្យល់ខ្លះ

    ការឱ្យថ្នេរត្រូវខ្យល់ខ្លះអាចការពារការផ្តុំបាក់តេរី កាត់បន្ថយសំណើមនៅតំបន់ថ្នេរ និងជួយឱ្យ​របួស​ឆាប់ជា។ នៅពេលចេញពីពេទ្យត្រលប់​មកផ្ទះវិញ ម៉ាក់ៗអាចមិនស្លៀកខោទឹកនោម ខោក្នុង ឬប្រើ​សំឡី​អនាម័យ​ពីរបីម៉ោង​ក្នុងមួយថ្ងៃដើម្បីឱ្យខ្យល់ចេញចូលល្អ។

    ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិអាចជួយម៉ាក់ៗឱ្យឆាប់ជាមុខរបួស តែប្រសិនបើម៉ាក់ៗ​មាន​ការឈឺចាប់របួស ឬថ្នេរខ្លាំងទៅៗ រហែកថ្នេរ មុខរបួសមានឡើងដុំរឹង និង​បង្កឱ្យមាន​ការ​ឈឺ​ចាប់ មុខរបួសឡើងក្រហមក្តៅ មុខរបួសចេញឈាម ឬមានខ្ទុះ ម៉ាក់ៗត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ក្រោយសម្រាលតាមធម្មជាតិរួច ម៉ាក់ៗគួរថែទាំថ្នេរដោយ៖
    • ស្អំទឹកកក
    • គេងផ្អៀងពេលបំបៅដោះ
    • ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤​ ម៉ោងម្តង
    • ការពារការទល់លាមក
    • លាងសម្អាតថ្នេរជាមួយទឹកក្តៅឧណ្ហៗ
    • ញុំាថ្នាំបំបាត់ការឈឺចាប់
    • អង្គុយលើខ្នើយ
    • ឱ្យថ្នេរត្រូវខ្យល់ខ្លះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 23

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម