ស្ត្រីធ្លាប់សម្រាលកូនរួចប្រាកដជាបានដឹងពីរឿងទាស់ជាច្រើនប្រភេទ ដែលចាស់ៗសំដៅលើអាការៈមិនប្រក្រតីមួយចំនួនកើតឡើងបន្ទាប់ពីសម្រាលកូនរួច ដូចជាទាស់បែកស្រកា ទាស់ដំណេក ទាស់ស្គមរីងរៃ ជាដើម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្ត្រីធ្លាប់សម្រាលកូនរួចប្រាកដជាបានដឹងពីរឿងទាស់ជាច្រើនប្រភេទ ដែលចាស់ៗសំដៅលើអាការៈមិនប្រក្រតីមួយចំនួនកើតឡើងបន្ទាប់ពីសម្រាលកូនរួច ដូចជាទាស់បែកស្រកា ទាស់ដំណេក ទាស់ស្គមរីងរៃ ជាដើម។
ចំពោះការបកស្រាយរបស់វេជ្ជបណ្ឌិតជំនាញផ្នែកសម្ភព និងរោគស្ត្រី ផ្អែកតាមបែបវេជ្ជសាស្ត្រវិញ ពាក្យថា “ទាស់” គ្មាននៅក្នុងក្បួនពេទ្យនោះទេ។ ចំណែកអាការៈដែលស្ត្រីជួបក្រោយសម្រាល ដូចជា គ្រុន ព្រឺ រងា ឈឺសរសៃសសូងនោះ អាចបណ្តាលមូលហេតុច្រើនយ៉ាង នេះតាមការអះអាងរបស់លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាបច្ចេកទេសផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត។
ការតមចំណីអាហារហួសហេតុ ឬញ៉ាំចំណីអាហារក្រៀមក្រោះ ដូចជា ខជើងជ្រូកដាក់ម្រេច ឆាខ្ញី សាច់ជ្រូកប្រឡាក់អាំង ឬចៀន ធ្វើឲ្យខ្វះសារធាតុចិញ្ចឹមក្នុងរាងកាយ ទៅជាស្គមរីងរៃ ងងឹតមុខ ស្បែកបែកស្រកា ជាដើម។
ក្រោយសម្រាលកូនរួច ម្តាយមានភារៈមើលថែទាំកូនផង បំបៅកូនផង ទាំងយប់ទាំងថ្ងៃ ធ្វើឲ្យគេងមិនបានគ្រប់គ្រាន់ ហើយបើកូនធ្វើទុក្ខ ឬរករឿងទៀតនោះ សឹងតែគ្មានពេលគេង។ ហេតុផលនេះហើយ ធ្វើឲ្យស្រីៗដែលទើបសម្រាលកូនមុខឡើងស្លក់ទៅជាឈឺ តែចាស់ៗបែរជាគិតថាទាស់សរសៃទៅវិញ។
ការសម្រាលកូនជាមួយពេទ្យខ្វះចំណេះជំនាញ ដេរមិនស្អាត បារលូកយកសុកចេញមិនអស់ សល់ដំុឈាម ឬប្រើឧបករណ៍ពេទ្យមិនបានសម្លាប់មេរោគត្រឹមត្រូវទេនោះ នាំឲ្យឆ្លងរោគចូលក្នុងស្បូន ទៅជាក្តៅខ្លួន ស្រៀវស្រាញ ស្រដៀងអាការៈគ្រុនដែរ មិនជាអាការៈទាស់សរសៃនោះទេ។
ស្រីៗខ្វះអនាម័យក្រោយសម្រាល មិនងូតទឹករាប់អាទិត្យ ឬមិនបានលាងសម្អាតទ្វារមាស និងផ្លាស់ប្តូរសម្លីអនាម័យ ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតដែលគ្រូពេទ្យណែនាំ នេះក៏ជាហេតុធ្វើឲ្យមានការបង្ករោគនៅទ្វាមាសដែរ ទៅជាធ្វើទុក្ខ ស្រៀវស្រាញ រកកលនឹងគ្រុន។
ក្រោយសម្រាលរួច ពេទ្យតម្រូវឲ្យតមរួមភេទយ៉ាងហោចណាស់ ៦សប្តាហ៍ ដើម្បីឲ្យស្បូនត្រលប់មកសភាពដើមវិញ បើមិនដូច្នេះទេអាចនឹងការបង្ករោគ ដែលចាស់ៗតែងតែហៅថា ទាស់ដំណេកនោះ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕