ម៉ាក់ជាច្រើនច្បាស់ជាចង់ដឹងមិនខានថា ក្រោយសម្រាលកូនតាមធម្មជាតិរួច ទ្វារមាសអាចប្រឈមនឹងការប្រែប្រួលយ៉ាងម៉េចខ្លះ? ពិតណាស់ ក្រោយសម្រាលកូន ទ្វារមាសតែងមានការប្រែប្រួលជៀសមិនផុត ប៉ុន្តែបើម៉ាក់ៗបានដឹងពីបញ្ហានេះជាមុន នោះក៏អាចជួយកាត់បន្ថយកង្វល់បានមួយផ្នែកធំ ព្រមទាំងអាចជួយឲ្យម៉ាក់អាចសម្របខ្លួន ក៏ដូចជាស្វែងរកគន្លឹះមួយចំនួនដើម្បីដោះស្រាយកាន់តែមានប្រសិទ្ធភាព។
ការប្រែប្រួលទ្វារមាសក្រោយសម្រាលកូនតាមធម្មជាតិ
១. ទ្វារមាសយារធ្លាក់
ទ្វារមាសយារធ្លាក់ ជាបញ្ហាទូទៅមួយដែលកើតឡើងក្រោយពេលសម្រាលកូនរួច។ កម្រិតនៃភាពយារធ្លាក់ គឺអាស្រ័យទៅលើចំណុចមួយចំនួន ដូចជាទំហំរបស់ទារក ហ្សែន និងចំនួនដងនៃការសម្រាលកូន។
២. ធ្លាក់ឈាម
ស្រីៗយើងក៏ប្រឈមនឹងការធ្លាក់ឈាមក្រោយសម្រាលកូនផងដែរ និងអាចមានលាយឡំនឹងសារធាតុរំអិល កោសិកាឈាមស ជាលិកា និងឈាម។ ក្រោយសម្រាលកូនរួច ស្បូនរបើកឈាមរដូវ ឬល្បាយនៃសារធាតុរាវជាមួយជាលិកា ដើម្បីឲ្យរាងកាយជំនួសស្រទាប់ស្បូនថ្មី។
៣. ទ្វារមាសស្ងួត
ទន្ទឹមនឹងនេះដែរ ទ្វារមាសយើងក៏ចាប់ផ្តើមស្ងួតក្រោយសម្រាល ដោយសារតែកម្រិតអ័រម៉ូនEstrogenទាប ហើយកាន់តែស្ងួតខ្លាំងអំឡុងពេលបំបៅដោះកូន។
៤. លេចនោមមិនដឹងខ្លួន
បញ្ហាលេចនោមមិនដឹងខ្លួន ក៏កើតឡើងជារឿយៗអំឡុងពេលពពោះ និងក្រោយសម្រាលកូន។ អំឡុងពេលសម្រាលកូនបានពីរបីថ្ងៃ ម៉ាក់ៗអាចជួបប្រទះការឈឺចាប់ ឬក្រហាយអំឡុងពេលនោម។ យ៉ាងណាមិញ បញ្ហាមួយនេះនឹងបាត់ទៅវិញ នៅពេលដែលសាច់ដុំអាងត្រគាកចាប់ផ្តើមរឹងមាំឡើងវិញ។

៥. ឈឺទ្វារមាស
ក្រោយសម្រាលកូនតាមទ្វារមាស ទ្វារមាសយើងអាចមានឈឺចាប់ និងមិនស្រួល ក៏ដូចជាមានស្នាមជាំជាដើម។
ការប្រែប្រួលលើទ្វារមាស អាចត្រលប់មករកសភាពដើមវិញអត់?
រាល់ទ្វារមាស មានលក្ខណៈខុសៗគ្នា ដូច្នេះហើយ ការជាសះស្បើយក៏មិនដូចគ្នាដែរ។ ជាក់ស្តែង មានកត្តាមួយចំនួន ដែលអាចជះឥទ្ធិពលដល់ការជាសះស្បើយ រួមមានការសម្រាលកូនភ្លោះ ឬសម្រាលកូននៅវ័យច្រើន។
គន្លឹះថែទាំទ្វារមាសក្រោយសម្រាលកូនរួច
ការថែទាំក្រោយសម្រាល មានសារៈសំខាន់ណាស់សម្រាប់ម៉ាក់ៗ។ អ៊ីចឹងហើយ ម៉ាក់ៗគួរតែអនុវត្តគន្លឹះថែទាំទ្វារមាសក្រោយសម្រាល ដូចខាងក្រោម៖
- សម្រាកឲ្យបានគ្រប់គ្រាន់
- ញ៉ាំអាហារល្អៗ ដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ក៏ដូចជាញ៉ាំទឹកឲ្យបានច្រើន
- ធ្វើលំហាត់ប្រាណ
- ត្រាំទឹកក្តៅឧណ្ហៗ ដើម្បីជួយឲ្យបង្កើនលំហូរឈាមទៅកាន់បរិវេណទ្វារមាស ក៏ដូចជាជួយកាត់បន្ថយការរលាក និងជួសជុលកោសិកាកាន់តែឆាប់រហ័ស។