ជំងឺឫសដូងបាត គឺជាការហើមសរសៃវ៉ែននៅខាងក្នុងរន្ធគូទ ឬនៅក្នុងស្បែកជុំវិញរន្ធគូទ។ ជំងឺនេះ អាចបណ្តាលឲ្យសម្ពាធលើរន្ធគូទខាងក្រោមកើនឡើង។ ជាទូទៅ នៅពេលដែលគ្នាយើងមានផ្ទៃពោះ ទារកអាចបង្កើនសម្ពាធបន្ថែមនៅលើតំបន់នេះ ដែលជាលទ្ធផលធ្វើឲ្យជំងឺឫសដូងបាត អាចវិវត្តនៅអំឡុងពេលពពោះ និងក្រោយពេលសម្រាលកូនរួច និងកើតឡើងជាញឹកញាប់ ក្រោយម៉ាក់ៗសម្រាលកូនតាមធម្មជាតិរួច។
ជាធម្មតា ជំងឺឫសដូងបាតអាចជាសះស្បើយដោយខ្លួនឯង អាស្រ័យលើទំហំ ទីតាំង និងកម្រិតធ្ងន់ធ្ងរ ហើយជំងឺនេះ អាចជាសះស្បើយក្នុងរយៈពេលប៉ុន្មានថ្ងៃ ទៅប៉ុន្មានសប្តាហ៍។ ក្នុងករណីខ្លះ ជំងឺនេះអាចបង្កើតជាកំណកឈាមដ៏ឈឺចាប់ បើទោះបីជាកំណកឈាមទាំងនោះមិនបង្កគ្រោះថ្នាក់ក៏ដោយ។
ថ្វីត្បិតតែជំងឺឫសដូងបាតភាគច្រើនអាចជាសះស្បើយដោយខ្លួនឯង ប៉ុន្តែយើងអាចពន្លឿនការព្យាបាល និងកាត់បន្ថយការឈឺចាប់ ដោយអនុវត្តតិចនិកមួយចំនួន៖
- ញ៉ាំរបបអាហារដែលសម្បូរទៅដោយជាតិសរសៃខ្ពស់ ដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។
- ញ៉ាំទឹកឲ្យបានច្រើន
- ត្រាំទឹកក្តៅឧណ្ហៗត្រង់បរិវេណប៉ះពាល់
- ជូតសម្អាតដោយកូនកន្សែងសើម ដើម្បីជៀសវាងការរលាក
- ត្រាំទឹកកក និងកំណាត់ត្រជាក់ ដើម្បីកាត់បន្ថយអាការៈហើម និងត្រូវរុំឲ្យបានត្រឹមត្រូវ ដោយជៀសវាងប៉ះពាល់ផ្ទាល់ទៅលើស្បែក
- ជៀសវាងប្រឹងខ្លាំង អំឡុងពេលបន្ទោបង់។