backup og meta

មូលហេតុអ្វីបានម៉ាក់ៗមានដុំពកក្នុងសុដន់ អំឡុងពេលបំបៅដោះកូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02

    មូលហេតុអ្វីបានម៉ាក់ៗមានដុំពកក្នុងសុដន់ អំឡុងពេលបំបៅដោះកូន?

    អ្នក​ម៉ាក់​មួយ​ចំនួន​ អាច​សង្កេត​ឃើញ​ដុំ​ពក​​​​នៅ​ក្នុង​សុដន់​ម្ខាង ឬ​ទាំង​សង​ខាង​ អំឡុង​ពេល​បំបៅ​ដោះ​កូន។ ជាក់ស្ដែង មាន​កត្តា​​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មាន​ដុំ​ពក​ទាំង​នេះ ហើយ​ការ​ព្យាបាល​ក៏​អាស្រ័យ​លើ​មូលហេតុ​បង្ក​ផង​ដែរ។ ជួន​កាល​ ដុំ​ពក​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ឬ​​ដោយ​​​មាន​ការ​ថែទាំ​ផ្ទាល់ខ្លួន។ ប៉ុន្តែ​ ក្នុង​ករណី​ខ្លះ​ទៀត ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ផ្ទាល់។

    ​មូលហេតុ​បង្ក​នៃ​ដុំ​ពក​ អំឡុង​ពេល​បំបៅ​ដោះ​កូន

    ១. ស្ទះ​ថង់​ទឹក​ដោះ​

    បញ្ហា​ដុំ​ពក​ដោយ​សារ​តែ​ស្ទះ​ថង់​ទឹក​ដោះ​ កើត​ឡើង​ជា​ទូទៅ​ អំឡុង​ពេល​បំបៅ​ដោះ​។ ម៉ាក់​ៗ​អាច​ស្ទះ​ថង់​ទឹក​ដោះ​ ដោយ​គ្មាន​មូលហេតុ​ ឬ​ដោយ​សារ​កត្តា​មួយ​ចំនួន​ រួម​មាន៖

    • កូន​ជញ្ជក់​ទឹក​ដោះ​មិន​អស់​ ​ទើប​ធ្វើ​ឲ្យ​ហៀរ​ទឹក​ដោះ
    • សំលៀក​បំពាក់​​នៅ​បរិវេណ​សុដន់​រឹប​តឹង​ពេក​

    រោគសញ្ញា​នៃ​ការ​ស្ទះ​ថង់​ទឹក​ដោះ​មាន​ដូចជា ដុំ​ពក​​​បង្កឲ្យឈឺចាប់​ និង​មាន​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក​ ឬ​ផ្លែ​ប៉េស្ត​ ព្រម​ទាំង​ពង​​ស​ៗ​នៅ​លើ​ចុង​សុដន់។​

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    ២. ស្ទះ​ទឹក​ដោះ

    ការ​ស្ទះ​ទឹក​ដោះ កើត​ឡើង​នៅ​ពេល​ដែល​​កូន​មិន​បៅ​ញឹកញាប់ ហើយ​ទឹក​ដោះ​នៅ​ស្ទះ​ក្នុង​សុដន់​ម៉ាក់ៗ ក្នុង​ករណី​នេះ​ ម៉ាក់​អាច​សង្កេត​ឃើញ​ដុំ​ពក​​កើត​មាន​នៅ​ជុំវិញ​ក្លៀក និង​មាន​រោគសញ្ញា​ដូចជា សុដន់​មាន​ការ​ឈឺចាប់​ រឹង និង​តឹងណែន ឬ​ចុង​សុដន់​លឹប​ចូល​ក្នុង ព្រម​ទាំង​មាន​អាការៈ​គ្រុន​ក្ដៅ​តិចតួច។

    ៣. រលាក​​សុដន់​

    ជាមួយ​គ្នា​នេះ​ដែរ ការ​រលាក​សុដន់​កើត​ឡើង​​​មក​ពី​ការ​បង្ក​រោគ ស្ទះ​ថង់​ទឹក​ដោះ ឬ​អាលែកហ្ស៊ី។ រោគសញ្ញា​រួម​មាន​ ដុំ​ពក​នៅ​លើ​សុដន់​ ហើម​​ ឬ​ឈឺ​សុដន់​ ក្រហាយ​នៅ​ពេល​បំបៅ​ដោះ​កូន គ្រុន​រងា និង​ឈឺក្បាល​។

    ៤. អាប់សែ

    អាប់សែ ជា​ដុំ​ពក​ដែល​ហើម​ ​ឈឺចាប់​ និង​វិវត្ត​នៅ​ពេល​ដែល​យើង​មិន​បាន​ព្យាបាល​ការ​រលាក​សុដន់​ ឬ​ការ​ស្ទះ​ទឹក​ដោះ​ភ្លាម​ៗ ឬ​​ព្យាបាលមិន​ត្រឹមត្រូវ។ ប្រសិនបើ​ម៉ាក់ៗ​កើត​​មាន​អាការៈ​អាប់សែ​សុដន់​ នោះ​សុដន់​​​អាច​មាន​ខ្ទុះ​ ស្នាម​ក្រហម និង​​មាន​កម្ដៅ​ត្រង់​បរិវេណ​នោះ។ ពិត​ណាស់​ អាប់សែ​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ភ្លាម​ៗ ដោយ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ និង​វះ​យក​អាប់សែ​នោះ​ចេញ។

    អត្ថបទគួរអាន៖

    ៥. គីស

    ​Galactoceleជា​ដុំ​គីស​ដែល​ផ្ទុក​ទៅ​ដោយ​ទឹក​ដោះ និង​មិន​មាន​អាការៈ​ឈឺចាប់​​នៅ​ពេល​ដែល​យើង​ប៉ះ​ឡើយ។ ដុំ​គីស​ប្រភេទ​នេះ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ឈប់​បំបៅ​ដោះ​កូន។

    ឈឺសុដន់

    ៦. មហារីក​សុដន់

    ជា​ទូទៅ មហារីក​សុដន់​កម្រ​កើត​ឡើង​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​ណាស់​។ យ៉ាង​ណា​មិញ ប្រសិនបើ​​ម៉ាក់​​សង្កេត​ឃើញ​ដុំ​ពក​នៅ​ក្នុង​សុដន់​ ហើយ​មាន​រោគសញ្ញា​មួយ ឬ​ច្រើន​ក្នុង​ចំណោម​រោគសញ្ញា​ទាំង​នេះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ភ្លាម​ៗ៖

    • ហូរ​សារធាតុ​រាវ​ពី​សុដន់ (ក្រៅ​ពី​ទឹក​ដោះ)
    • ឈឺ​សុដន់​ និង​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង
    • ស្នាម​ក្រហម​​នៅ​ចុង​សុដន់​ ឬ​ស្បែក​ត្រង់​បរិវេណ​សុដន់​
    • រលាក​ស្បែក​
    • សុដន់​ហើម​ ទោះ​មិន​មាន​ដុំ​ពក​ក៏​ដោយ។

    វិធីសាស្ត្រ​ដោះស្រាយ​ដុំ​ពក​ក្នុង​សុដន់​ដោយ​ខ្លួន​ឯង

    បើ​ម៉ាក់ៗ​សង្ស័យ​ថា​ ដុំ​ពក​បង្ក​ឡើង​ដោយ​ការ​ស្ទះ​ថង់​ទឹក​ដោះ ​ម៉ាក់​​នៅ​តែ​អាច​បន្ត​បំបៅ​ដោះ​កូន​ដូច​ធម្មតា​ និង​ព្យាយាម​ផ្លាស់ប្ដូរ​ទីតាំង​​ក្នុង​ការ​បំបៅ​ដោះ។ ក្នុង​ករណី​ដែល​កូនមិន​ព្រម​ជញ្ជក់​សុដន់​ដែល​ឈឺ យើង​អាច​ប្រើ​ដៃ​សង្កត់​ឲ្យ​ចេញ​ទឹក​ដោះ ឬ​បូម​ទឹក​ដោះ ដើម្បី​ជៀសវាង​ការ​ស្ទះ​បន្ថែម​ទៀត។

    រូបមន្ត​ព្យាបាល​ដោយ​ខ្លួន​ឯង

    • ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​នៅ​ត្រង់​កន្លែង​ឈឺចាប់
    • ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ពីរ​​បី​ដង​ក្នុង​មួយ​ថ្ងៃ
    • ម៉ាស្សា​សុដន់​ថ្នម​ៗ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ នៅ​មុន​ និង​ចន្លោះ​ពេល​បំបៅ​ដោះ
    • ស្អំ​ទឹក​កក​នៅ​បរិវេណ​ដែល​ឈឺចាប់ ក្រោយ​បំបៅ​ដោះ​រួច​
    • ស្លៀក​សំលៀកបំពាក់​រលុង​ៗ ដែល​មិន​​ប៉ះពាល់​ដល់​សុដន់ ឬ​ចុង​សុដន់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម