backup og meta

របបអាហារល្អៗសម្រាប់សុខភាពបេះដូង គួរញ៉ាំជាប្រចាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 30, 2022

    របបអាហារល្អៗសម្រាប់សុខភាពបេះដូង គួរញ៉ាំជាប្រចាំ

    ការ​ញ៉ាំអាហាររាល់ថ្ងៃ មិនត្រឹមតែជួយបំពេញតម្រូវការក្រពះតែមួយមុខទេ តែក៏ជាការរួមចំណែកយ៉ាងសំខាន់ ជួយ​ទ្រទ្រង់សុខភាព​រាងកាយ​ទាំងមូល​ផង​ដែរ​។ យ៉ាងណាមិញសម្រាប់របបអាហារដែល សំខាន់​​សម្រាប់សុខភាពបេះដូង ក៏គួរតែស្ថិតក្នុងការជ្រើសរើសឲ្យបា​នត្រឹមត្រូវផងដែរ ព្រោះការធ្វើបែបនេះ អាច​បញ្ជៀស សុខភាពរបស់យើងឆ្ងាយពី​ជំងឺផ្សេងៗបាន។ ជាក់ស្ដែងសម្រាប់អាហារ ដែលអាចជួយទ្រទ្រង់សុខភាព​បេះ​ដូង​បាន​។

    ១.ញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ

    ការបង្កើតទម្លាប់ញ៉ាំមាន​របប​អាហារ​ដែលសម្បូរ​ទៅដោយ ផ្លែឈើ និងបន្លែគឺជាជម្រើសល្អបំផុត សម្រាប់សុខភាព​បេះ​ដូង។ នេះ​ក៏​ព្រោះថា ប្រភេទអាហារទាំងនេះមានផ្ទុកនូវ វីតាមីន និងសារធាតុរ៉ែជាច្រើន ក៏ដូចជាជាតិសរសៃ និង​សារ​​​​ធាតុប្រឆាំងអុកស៊ីតកម្ម ហើយក៏អាចជួយការពារពីជំងឺបេះដូងបានច្រើន។ បន្លែផ្លែឈើទាំងនោះរួមមានខាសត់ណា​ខៀវ ខាត់ណា ប៉េងប៉ោះ ស្ពៃ ការរ៉ុត ផ្លែប៉ោម និង​ផ្លែប៊ឺ ជាដើម។

    គ្រាប់ធញ្ញជាតិ គឺជាប្រភេទអាហារមានដូចជា អង្ករសម្រូប ប៉ាស្តា នំបុ័ងគ្រាប់ធញ្ញជាតិ និងស្រូវសាលីជាដើម ។ អាហារទាំងនេះសម្បូរទៅដោយជាតិសរសៃ ហើយអាចជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាមបានយ៉ាងល្អ។ គ្រាប់ធញ្ញជាតិក៏អាចយកទៅចម្រាញ់ជា អាហារបម្រុង មានជា នំបុ័ងស ឬជាអាហារងាយៗ សាមញ្ញៗ ជាច្រើនទៀត​​ក៏ធ្វើឲ្យរបបអាហាររបស់យើងនៅតែមានភាពប្រសើរឡើង។

    ២. អាហារសម្បូរប្រូតេអ៊ីន

    ប្រភេទអាហារ​ដែលសម្បូរ​ប្រូតេអ៊ីនខ្ពស់ គឺជា​ជម្រើសដ៏ល្អបំផុតសម្រាប់បេះដូង ហើយពពួកប្រូតេអ៊ីនទាំងនោះត្រូវគេរកឃើញមាននៅក្នុងរុក្ខជាតិដូចជា គ្រាប់សណ្តែក និង ប្រូតេអ៊ីនមួយភេទទៀត មានដូចជា ត្រី សាច់ ស៊ុត និង អាហារសមុទ្រជាដើម។ អាហារទាំងនេះរួមចំណែកយ៉ាងសំខាន់ជួយកាត់បន្ថយ​ហានិភ័យ នៃការវិវត្តទៅជាជំងឺ​បេះ​ដូង​បាន។

    គួររំឭកបន្ដិច ចំពោះអាហារសាច់ ក្នុងនោះចង់ផ្ដោតសំខាន់ទៅលើប្រភេទអាហារសាច់ក្រហម ប្រសិនបើយើង ញ៉ាំសាច់ក្រហម យកល្អគួរតែកំណត់ ត្រឹម ១-៣ដង ក្នុងមួយសប្តាហ៍ ព្រោះការស្រាវជ្រាវបង្ហាញថា សាច់​ប្រភេទ នេះមាន​ទំនាក់​ទំនង​នឹង​ហានិភ័យនៃជំងឺបេះដូងដែរ​។ សាច់ក្រហម ជាទូទៅសំដៅទៅលើសាច់ដែលបានពីពពួកថនិកសត្វចិញ្ចឹមក្នុងកសិកដ្ឋាន ឬចិញ្ចឹមលក្ខណៈគ្រួសារ ដោយក្នុងនោះរាប់បញ្ចូល សាច់ជ្រូក សាច់ចៀម និង​សាច់​គោ។

    ៣. ទឹកដោះគោស្រស់ ទឹកដោះគោជូរ និងឈីស

    ជាក់ស្ដែងប្រភេទអាហារទាំងនេះគីមិនបានរួមចំណែកច្រើនជួយព្យាបាលជំងឺបេះដូងនោះទេ ប៉ុន្តែក៏មាន​​គុណសម្បត្ដិ​របស់ពួកវាផងដែរ ពោលគឺជាប្រភពដ៏សំខាន់ កាល់ស្យូម ប្រូតេអ៊ីន និងសារធាតុរ៉ែផ្សេងៗទៀតជួយទ្រង់ទ្រង់សុខភាពរាងកាយជាប្រចាំ។ ជារួម ប្រសិនបើយើងមានជំងឺបេះដូង ឬកូលេស្តេរ៉ូលខ្ពស់ សម្រាប់អាហារទាំងនេះ ដូចជា ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ទឹកដោះគោជូរ និងឈីស ក៏ជាជម្រើសដែលល្អសម្រាប់សុខភាព។

    ៤.​ ជាតិខ្លាញ់ និងប្រេង

    ខ្លាញ់ និង ប្រេង ក៏ជាកត្ដាសំខាន់​ដែលអាចដើរតួនាទីពីរយ៉ាងក្នុងរបបអាហារប្រចាំថ្ងៃ ជាហេតុអាចបង្កជា​ហា​និ​ភ័យនៃការវិវត្តទៅជាជំងឺបេះដូងបាន។ ដូច្នេះមាន ប្រភេទខ្លាញ់ផ្សេងៗគ្នា ខ្លាញ់ល្អអាចជួយការពារ​បេះដូង​​របស់​យើង ហើយខ្លាញ់ដែលមិនល្អអាចបង្កើនហានិភ័យដល់បេះដូង។ ជាជម្រើសដ៏ល្អ ចំពោះអាហារដែលមានបរិមាណ​​ខ្លាញ់ល្អចំពោះសុខភាពដូចជា ផ្លែប័រ ប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងប្រេង ដែលមានសុខភាពល្អសម្រាប់ចម្អិនអាហារ​ជាប្រចាំ មាន អូលីវ កាណូឡា ផ្កាឈូករ័ត្ន សណ្តែកដី និងប្រេងសណ្តែកសៀង។ អាហារទាំងនេះអាចជួយបញ្ចុះ​កូឡេស្តេរ៉ូលក្នុងឈាមរបស់យើង។

    បេះដូង

    ៥.កាត់បន្ថយបរិមាណ អំបិល ស្ករ

    ការទទួលទានអាហារប្រចាំថ្ងៃ ជាក់ស្ដែងណាស់ថា រូបមន្ដផ្សំទាំងពីរមុខនេះពិតជាសំខាន់ សម្រាប់រសជាតិម្ហូបអាហារ​ ប៉ុន្ដែក៏ត្រូវដឹងដែរថា ការ​ញ៉ាំអំបិល​ស្ករច្រើន​ពេក ក៏​អាច​នាំ​ឲ្យកើត​មាន​សម្ពាធ​ឈាម​ឡើងខ្ពស់​ ដែល​​​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង។ ការកាត់បន្ថយបរិមាណ ធាតុផ្សំទាំងពីរនេះ គឺជារឿងដែលល្អ សម្រាប់​សុខភាព ប៉ុន្ដែក៏មិនមែនជាការកាត់ផ្ដាច់ទាំងស្រុងនោះទេ តួយ៉ាងដូចជាការកាត់បន្ថយជាតិផ្អែម តាមរយៈការញ៉ាំភេសជ្ជៈ ឬជាការញ៉ាំអាហារវិចខ្ចប់រហ័ស ដោយប្ដូរមកជាការញ៉ាំអាហារចម្អិនដោយខ្លួនឯង ហើយបន្ថយបរិមាណ រសជាតិ ស្ក អំបិលតាមលទ្ធភាពដែលអាចធ្វើបាន។

    ចំណុចសំខាន់

    របបអាហារ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទ្រង់​សុខភាព​បេះ​ដូង​របស់​យើង ដូចគ្នា​ដែរ អាហារ​មួយ​ចំនួន បើយើង​ញ៉ាំ​មិន​ប្រយ័ត្ន អាច​នាំ​ឲ្យ​មាន​ហានិភ័យ​ជំងឺ​បេះ​ដូង​ទៅ​វិញ។ អាហារ​ពពួក​បន្លែ ផ្លែឈើ ត្រី​ សាច់ ស៊ុត សុទ្ធ​តែ​ជា​អាហារ​ល្អចំពោះ​សុខ​ភាព​បេះ​ដូង តែ​អាហារ​មួយចំនួន​ទៀតដែល​សម្បូរ​ខ្លាញ់​ច្រើន ស្ករ និង​អំបិល​ខ្ពស់ អាច​ធ្វ់ើ​ឲ្យ​បេះ​ដូង​ប្រឈម​នឹង​ជំងឺ ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 30, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម