ពេលខ្លះយើងអាចចង់ញុំាអាហារអ្វីមួយដូចជា នំខេក ដំឡូងបំពង ទឹកក្រូច នំបុ័ង ឬមី យ៉ាងខ្លាំង ដែលខុសពីការឃ្លានអាហារធម្មតា។ ការឃ្លានបែបនេះ ជាសញ្ញាប្រាប់យើងថា ដល់ពេលញុំាអាហារដើម្បីបំពេញថាមពលហើយ។ ហេតុអ្វីបានជាពេលខ្លះយើងចង់ញុំាអាហារអ្វីមួយខ្លាំងម្ល៉េះ?
តាមការសិក្សាបានឱ្យដឹងថា ហេតុផលនៅពីក្រោយកត្តាដែលជំរុញឱ្យយើងចង់ញុំាអាហារអ្វីមួយខ្លាំង គឺដោយសាររាងកាយយើងខ្វះវីតាមីន ឬសារធាតុចិញ្ចឹមណាមួយ ហើយបណ្តាលចិត្តយើងចង់ញុំាអាហារដែលមិនល្អចំពោះសុខភាព ព្រោះអាហារទាំងនោះក៏មានផ្ទុកសារធាតុចិញ្ចឹមដែលរាងកាយយើងត្រូវការដែរ។
១. អាហារផ្អែមៗ
ការចង់ញុំាអាហារផ្អែមៗអាចដោយសាររាងកាយយើងខ្វះសារធាតុចិញ្ចឹមសំខាន់ៗប្រាំដូចជា៖
- ក្រូមីញ៉ូម (គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម)
- កាបូន (ធាតុមួយក្នុងចំណោមធាតុផ្សំរបស់ជាតិស្ករ)
- ផូស្វ័រ (ជំរុញការផលិតថាមពល)
- ស្ពាន់ធ័រ (ជួយបណ្តេញជាតិពុលចេញពីរាងកាយ)
- សារធាតុ tryptophan (ជំរុញការផលិត serotonin ដែលជាអ័រម៉ូនជួយគ្រប់គ្រងអារម្មណ៍ និងធ្វើឱ្យយើងមានអារម្មណ៍មិនល្អ)
ជំនួសឱ្យការញុំាអាហារផ្អែមៗ យើងអាចញុំាទំពាំងបាយជូ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូខូលី ខ្ទឹមបារាំងឆៅ សាឡាដ សណ្តែកបារាំង ផ្សិត ប៉េងប៉ោះ ដំឡូងជ្វាជាដើម។ ការញុំាអាហារសម្បូរប្រូបាយអូទិកដូចជា ទឹកដោះគោជូរក៏អាចជួយបំបាត់អាការៈចង់ញុំាអាហារផ្អែមៗដែរ។
២. អាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់
ការចង់ញុំាអាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់ដូចជានំប៉័ង ប៉ាស្តា នំ ឬមីជាដើមបង្ហាញថា រាងកាយយើងខ្វះសារធាតុក្រូមីញ៉ូម ដែលមាននាទីជួយទ្រទ្រង់មុខងារលំពែងក្នុងការរំលាយអាហារមានជាតិស្ករ។
យើងអាចញុំាស៊ុត សណ្តែក គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ផ្លែឈើអម្បូរក្រូច ទំពាំងបាយជូរ ប៉ោម ដំឡូងបារាំង ឬបន្លែពណ៌បៃតងជាដើមជំនួសការញុំាអាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់។
៣. សាច់ក្រហម
ការចង់ញុំាសាច់ក្រហមដូចជា សាច់គោ សាច់ចៀម សាច់ជ្រូកជាដើមមានន័យថារាងកាយយើងកំពុងខ្វះប្រូតេអ៊ីន ឬជាតិដែក ជាពិសេសក្នុងអំឡុងពេលស្រីៗមករដូវ។
ជំនួសឱ្យការញុំាសាច់ក្រហម យើងអាចញុំាត្រី គ្រឿងសមុទ្រ សណ្តែកបណ្តុះ សារាយសមុទ្រ ដំណាប់ផ្លែឈើ ស្ពៃពួយឡេង ឬផ្លែឆឺរីជាដើម។
យើងក៏អាចញុំាអាហារដែលសម្បូរទៅដោយវីតាមីន C ដូចជា ស្ពៃក្តោប ល្ហុង ផ្លែឈើអម្បូរក្រូចដើម្បីឱ្យរាងកាយស្រូបយកជាតិដែកបានល្អ។
៣. អាហារបំពងស្រួយៗ
ការចង់ញុំាអាហារបំពងស្រួយៗអាចមកពីរាងកាយយើងខ្វះសារធាតុក្លរួ និងអាស៊ីដខ្លាញ់។ អាហារសម្បូរទៅដោយសារធាតុក្លរួមានដូចជា ខិនឆាយ ប៉េងប៉ោះ ឬសារាយសមុទ្រជាដើម។
អាហារសម្បូរអាស៊ីដខ្លាញ់ល្អមានដូចជា ត្រីសាល់ម៉ុន ត្រីធូណា ស៊ុត គ្រាប់ផ្លែឈើ ផ្កាខាត់ណា សណ្តែកសៀង គ្រាប់ឈៀ ប្រេងអូលីវ ផ្លែបឺរជាដើម។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៤. សូកូឡា
ប្រសិនបើយើងចង់ញុំាសុកូឡាមានន័យថា រាងកាយយើងកំពុងខ្វះម៉ាញេស្យូម ឬកំពុងស្រេស្តខ្លាំង។ ម៉ាញ៉េស្យូមជាសារធាតុរ៉ែដែលអាចរម្ងាប់អាការៈថប់បារម្ភ ឆាប់ខឹង គេងមិនលក់ និងជួយឱ្យឈាមរត់បានល្អ។
ជំនួសឱ្យការញុំាសូកូឡា យើងអាចញុំាត្រី ចេក សណ្តែក គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ គ្រាប់ល្ពៅ តៅហ៊ូ បន្លែស្លឹកបៃតង ឬផ្លែប័រជាដើម។
៥. អាហារប្រៃៗ
ការចង់ញុំាអាហារប្រៃៗអាចមកពីរាងកាយយើងកំពុងខ្វះជាតិរ៉ែដូចជា កាល់ស្យូម ក្លរ ឬជាតិទឹក។ ដូច្នេះ យើងត្រូវញុំាទឹកឱ្យបានច្រើន និងញុំាអាហារដូចជា ល្ង ប្រូខូលី សណ្តែក ខិនឆាយ ប៉េងប៉ោះ បន្លែស្លឹកបៃតចាស់ សារាយសមុទ្រ ស៊ុត ផលិតផលទឹកដោះ ពពួកសត្វមានសម្បកដូចជា ក្តាម បង្ការ ឬគ្រំជាដើម។
៦. កាហ្វេ ឬតែ
ការចង់ញុំាកាហ្វេ ឬតែអាចបណ្តាលមកពីការញៀនកាហ្វេ ឬតែ តែក៏អាចបណ្តាលមកពីរាងកាយយើងកំពុងខ្វះសារធាតុចិញ្ចឹមដូចជា ជាតិដែក ស្ពាន់ធ័រ ឬផូស្វ័រដែរ។
អាហារសម្បូរស្ពាន់ធ័រមានដូចជា ស្ពៃក្តោបពណ៌ស្វាយ ទំពាំងបារំាង ប្រូខូលី ខ្ទឹមបារាំង ខ្ទឹមខ្យល់ ឬខ្ទឹមស ហើយអាហារមានផ្ទុកផូស្វ័រខ្ពស់រួមមានសាច់មាន់ គ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ គ្រាប់ល្ពៅ ឬ គ្រាប់ផ្កាឈូករ័ត្នជាដើម។
៧. អាហារមានជាតិខ្លាញ់
ការចង់ញុំាអាហារមានជាតិខ្លាញ់អាចបណ្តាលមកពីរាងកាយយើងខ្វះជាតិកាល់ស្យូម។ យើងគួរញុំាគ្រាប់ល្ពៅ ទឹកដោះគោ ផលិតផលទឹកដោះ ផ្លែបឺរ គ្រាប់ផ្លែឈើ ប្រូខូលី ឬបន្លែស្លឹកបៃតងជំនួសវិញ។
៨. ទឹកកក
ពេលរាងកាយយើងខ្វះជាតិដែក យើងអាចចង់ញុំាទឹកកកយ៉ាងខ្លាំង។ ដូច្នេះ យើងអាចញ៉ាំអាហារសម្បូរជាតិដែកដូចជា បន្លែស្លឹកបៃតង ស៊ុត សារាយសមុទ្រ គ្រឿងសមុទ្រ សណ្តែក ទំពាំងបាយជូរក្រៀមជាដើម។
ពេលយើងចង់ញុំាអាហារដែលមិនល្អចំពោះសុខភាព យើងគួរញុំាអាហារដែលល្អចំពោះសុខភាពជំនួសវិញទើបអាចបំពេញកង្វះវីតាមីន ឬសារធាតុចិញ្ចឹមបានត្រឹមត្រូវល្អ។
អត្ថបទគួរអាន៖
- តាំងអោ បន្លែល្អចំពោះសុខភាព គួរញ៉ាំឲ្យបានញឹកញាប់
- អាហារដែលមានកម្រិតអ៊ីស្តាមីន អ្នកឧស្សាហ៍ប្រតិកម្មគួរដឹង
- មិនដែលដឹងសោះថាអម្ពិលទឹកមានអត្ថប្រយោជន៍ច្រើនម្ល៉ឹង
- ខ្វះជាតិស័ង្កសី អាចចេញរោគសញ្ញាទាំង ៨នេះ
- ញុំាផ្នែកពណ៌សនៃស៊ុតច្រើនក្នុងមួយថ្ងៃៗ អាចមានផលប៉ះពាល់ ៥ យ៉ាង
- គួរដឹង! មើមសាគូផ្តល់ប្រយោជន៍ច្រើនដល់សុខភាព
ចំណុចសំខាន់៖
- អាហារផ្អែមៗដោយសាររាងកាយខ្វះសារធាតុចិញ្ចឹមដូចជា៖ ក្រូមីញ៉ូម កាបូន ផូស្វ័រ ស្ពាន់ធ័រ និងសារធាតុ tryptophan
- អាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់ដូចជានំប៉័ង នំ ប៉ាស្តា មីជាដើមបង្ហាញរាងកាយយើងកង្វះសារធាតុក្រូមីញ៉ូម
- សាច់ក្រហមមានន័យថារាងកាយយើងកំពុងខ្វះប្រូតេអ៊ីន ឬជាតិដែក
- អាហារបំពងស្រួយៗអាចមកពីរាងកាយយើងខ្វះសារធាតុក្លរួ ឬអាស៊ីដខ្លាញ់
- សុកូឡាន័យថា រាងកាយយើងកំពុងខ្វះម៉ាញេស្យូម ឬកំពុងស្រេស្តខ្លាំង
- អាហារប្រៃៗអាចមកពីរាងកាយយើងកំពុងខ្វះ កាល់ស្យូម ក្លរ ឬជាតិទឹក
- កាហ្វេ ឬតែអាចបណ្តាលមកពីការញៀនកាហ្វេ ឬតែ តែក៏អាចបណ្តាលមកពីរាងកាយយើងកំពុងខ្វះជាតិដែក ស្ពាន់ធ័រ សូដ្យូម ឬផូស្វ័រដែរ
- អាហារមានជាតិខ្លាញ់អាចបណ្តាលមកពីរាងកាយយើងខ្វះជាតិកាល់ស្យូម
- ទឹកកកអាចបណ្តាលមករាងកាយយើងខ្វះជាតិដែក
[embed-health-tool-bmr]