ស៊ុតជាអាហារសាមញ្ញ មានតម្លៃសមរម្យ ងាយស្រួលចម្អិន និងមានរសជាតិឆ្ងាញ់ ថែមទាំងអាចយកធ្វើជាបង្អែមបានទៀតផង។ ស៊ុតមិនត្រឹមតែផ្ទុកជាតិដែកខ្ពស់ទេ ថែមទាំងសម្បូរប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទដែលល្អចំពោះសុខភាព។
ស៊ុតមួយគ្រាប់ទម្ងន់ប្រហែល ៥០ ក្រាមមានសារធាតុចិញ្ចឹមដូចជា៖
- ជាតិដែក ០,៩ មិល្លីក្រាម
- ប្រូតេអ៊ីន ៦,៣ ក្រាម
- វីតាមីន A ៨០ មីក្រូក្រាម
- វីតាមីន D ១ មីក្រូក្រាម
- ខូលីន (Choline) ១៤៧ មិល្លីក្រាម
១. ជាតិដែក
យើងត្រូវការជាតិដែកផលិតឈាមក្រហម និងដឹកនាំអុកស៊ីសែនចែកចាយពាសពេញរាងកាយ។ លើសពីនេះទៅទៀត ជាតិដែកក៏មាននាទីជួយពង្រឹងប្រព័ន្ធភាពសុំា និងផលិតអង់ស៊ីមសម្រាប់បំប្លែងអាហារទៅជាថាមពលដែរ។
២. ប្រូតេអ៊ីន
ប្រូតេអ៊ីនមិនត្រឹមតែជួយឱ្យរាងកាយមានកម្លាំងទេ ថែមទាំងជួយពង្រឹង ជួសជុល និងបង្កើនម៉ាសសាច់ដុំទៀតផង។ ពិសេសជាងនេះទៅទៀត ប្រូតេអ៊ីនជួយឱ្យដល់ការលូតលាស់ និងជួសជុលកោសិកាក្នុងរាងកាយដែលជួយដល់សុខភាពស្បែក សក់ និងក្រចក។
៣. វីតាមីន A
វីតាមីន A ជួយដល់សុខភាពភ្នែក ការពារភ្នែកពីការបំផ្លាញពីកាំរស្មី UV កាត់បន្ថយហានិភ័យបញ្ហាខ្វាក់មាន់ ងងឹតភ្នែក និងភ្នែកឡើងបាយ។ មួយវិញទៀត វីតាមីន A ជួយឱ្យសក់ដុះលឿននិងមានសុខភាពរឹងមាំ ព្រមទាំងជួយដល់ការផលិតកោសិកាស្បែកថ្មី ដែលជួយឱ្យស្បែកស្រស់ថ្លានិងការពារការកើតមុន ដោយជួយកាត់បន្ថយការផលិតជាតិខ្លាញ់របស់ស្បែក និងជួយការពាររន្ធញើសពីការស្ទះ។
៤. វីតាមីន D
ស៊ុតលឿងសម្បូរវីតាមីន D ជួយឱ្យរាងកាយស្រូបយកកាល់ស្យូមនិងផូស្វ័របានល្អ ដែលជួយឱ្យឆ្អឹងនិងធ្មេញរឹងមាំ។ ម្យ៉ាងទៀត វីតាមីន D អាចជួយកាត់បន្ថយការរលាកក្នុងរាងកាយ ជួយដល់មុខងារសរសៃប្រសាទ និងប្រព័ន្ធភាពសុំា។
[embed-health-tool-heart-rate]
៥. ខូលីន
ស៊ុតលឿងសម្បូរសារធាតុខូលីន (choline) ជួយឱ្យខួរក្បាល និងប្រព័ន្ធប្រសាទមានសុខភាពល្អ ព្រមទាំងជួយកាត់បន្ថយការភ្លេចភ្លាំង។ សារធាតុនេះល្អខ្លាំងសម្រាប់ម៉ាក់ៗពពោះ ព្រោះទារកក្នុងផ្ទៃត្រូវការដើម្បីជួយដល់ការអភិវឌ្ឍខួរក្បាលនិងខួរឆ្អឹងខ្នង។
ស៊ុតផ្តល់ប្រយោជន៍ច្រើនដល់សុខភាព តែមានផ្ទុកកូលេស្តេរ៉ូលខ្ពស់ ដូច្នេះអ្នកមានជំងឺលើសសម្ពាធឈាម បេះដូង និងទឹកនោមផ្អែមមិនគួរញុំាស៊ុតលើសពីបួនគ្រាប់ក្នុងមួយសប្តាហ៍ទេ។ ក្រៅពីនេះ យើងគួរចម្អិនស៊ុតឱ្យបានឆ្អិនល្អ ចៀសវាងពុលអាហារ ព្រោះក្នុងស៊ុតឆៅសម្បូរបាក់តេរី ដែលអាចបង្កឲ្យប៉ះពាល់សុខភាព។
អត្ថបទគួរអាន៖
- ទាំងនេះជាគុណសម្បត្តិសំខាន់ៗរបស់ជាតិដែកសម្រាប់សុខភាពរាងកាយ
- ក្មេងៗមានបញ្ហាខ្វះជាតិដែក អាចមានការលូតលាស់ខួរក្បាលយឺតយ៉ាវ
- កូនខ្វះជាតិដែក អាចបណ្ដាលឲ្យស្លេកស្លាំងមិនល្អចំពោះសុខភាព ប្រញាប់បំពេញឡើងវិញ
- តិចនិកការពារកូនពីបញ្ហាកង្វះជាតិដែក ប៉ាម៉ាក់គួរដឹង
- កូនមានសភាពស្លេកស្លាំង? កង្វះជាតិដែកអាចជាបញ្ហាមួយនេះ
- ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា? ជាតិដែកជួយអ្វីខ្លះ?