backup og meta

កម្រិតជាតិដែករាងកាយកូនត្រូវការតាមវ័យ និងអាហារគួរញ៉ាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 20, 2023

    កម្រិតជាតិដែករាងកាយកូនត្រូវការតាមវ័យ និងអាហារគួរញ៉ាំ

    កម្រិត​ជាតិដែកប៉ុន្មានដែលកូនត្រូវ​ការ​ប្រចាំថ្ងៃ? ជាតិដែកជាសារធាតុ​រ៉ែដែលមាន​​មុខងារក្នុងការចូលរួមសំយោគ DNA នៅក្នុងកោសិកា ព្រមទាំង​ជាធាតុ​ផ្សំ​មួយយ៉ាងសំខាន់របស់ហេម៉ូក្លូប៊ីន (Hemoglobin) ​ដែលជាប្រូតេអ៊ីននៅក្នុង​គ្រាប់​ឈាមក្រហម។ ការ​ខ្វះ​ជាតិដែកបង្កឱ្យកូនមាន​ផលវិបាក​សុខភាព​​ផ្សេងៗ ដូច​នេះ​ហើយ​ទើប​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​កូន​កុំ​ឲ្យ​ខ្វះជាតិ​ដែក​។​

    ១. កម្រិតជាតិដែកកូនត្រូវការតាមវ័យ

    ជាទូទៅទារកទើបកើតរហូតដល់អាយុ ៦ ខែមានជាតិដែកស្តុកទុកក្នុងខ្លួន​គ្រប់គ្រាន់សម្រាប់​ផលិត​ឈាម​ក្រហម​ហើយ ​មិនចាំបាច់ត្រូវការជាតិដែកបន្ថែមទេ។ ចាប់ពីអាយុ ៧ ខែឡើងទៅ កម្រិត​ជាតិដែក​កូនត្រូវ​ការ​ប្រចាំថ្ងៃប្រែប្រួលតាមវ័យ៖

    • ទារកអាយុ ៧-១២ ខែ៖ ១១ មិល្លីក្រាមក្នុងមួយថ្ងៃ
    • កុមារអាយុ ១-៣ ឆ្នាំ៖ ៧ មិល្លីក្រាមក្នុងមួយថ្ងៃ
    • កុមារអាយុ ៤-៨ ឆ្នាំ៖ ១០ មិល្លីក្រាមក្នុងមួយថ្ងៃ
    • កុមារអាយុ ៩-១៣ ឆ្នាំ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ
    • ក្មេងស្រីអាយុ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ
    • ក្មេងប្រុសអាយុ ១៤-១៨ ឆ្នាំ៖ ១១ មិល្លីក្រាមក្នុងមួយថ្ងៃ

    ២. ផលប៉ះពាល់នៃការខ្វះជាតិដែកលើកុមារ

    លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ​បាន​​ឱ្យ​ដឹង​ថា នៅពេលខ្វះជាតិដែក កូននឹង ជួបផលវិបាកសុខភាពធំៗបីយ៉ាង៖

    ក. លូតលាស់យឺត

    គ្រាប់ឈាមក្រហមមានមុខងារដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅគ្រប់កោសិកា។ បើកុមារ​ខ្វះ​ជាតិ​ដែក ការផលិតគ្រាប់ឈាមក្រហមក៏ថយចុះ។ ដូច្នេះការដឹកនាំអុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅគ្រប់​កោសិកា​ក៏មិនបានល្អ ដែលជាហេតុធ្វើឱ្យកុមារខ្វះសារធាតុចិញ្ចឹម និងលូតលាស់​យឺត​។

    ខ. ខ្សោយបេះដូង

    បេះដូងមាននាទីច្រចាច់ឈាមដើម្បីនាំយកសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅឱ្យកោសិកា។ នៅពេល​កុមារ​មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក ការផលិតគ្រាប់ឈាម​មានការថយចុះ។ ពេលនោះ​បេះដូង​ត្រូវ​ខំ​ធ្វើការច្របាច់ឈាមខ្លាំងជាងធម្មតា ហើយយូរៗទៅសាច់ដុំ​បេះដូង​​ដែល​​ខំ​ប្រឹងច្របាច់​ឈាមបន្ថែម​នឹង​ចុះ​ខ្សោយ។

    គ. អភិវឌ្ឍខួរក្បាលយឺត

    ខួរក្បាលត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដូប៉ាមីន( dopamine) ដែលធ្វើឱ្យយើង​រីករាយ។ កាលណា​រាងកាយ​កូនខ្វះជាតិដែក ខួរក្បាលផលិត​អ័រម៉ូនដូប៉ាមីនតិច ឬមិនផលិតដែលបណ្តាល​ឱ្យកូន​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដូចជា បាក់ទឹកចិត្ត ឬថប់បារម្ភដែលប៉ះពាល់ដល់ការអភិវឌ្ឍ  ខួរក្បាល និង​ប្រាជ្ញា​សា្មរតី។ អ័រម៉ូនដូប៉ាមីន​ក៏ជួយដល់ការចងចាំ ការគេង ការរៀន និងការផ្តោតអារម្មណ៍ដែរ។ ដូចនេះ​ការខ្វះជាតិដែកអាច​ប៉ះពាល់​ដល់​ការសិក្សារបស់កូនដែរ​។

    អភិវឌ្ឍខួរក្បាលយឺត

    ៣. វិធី​ការពារ​កូនពីបញ្ហាខ្វះជាតិដែក

    – បញ្ចូលអាហារសម្បូរជាតិដែកដូចជា ត្រី សាច់ ស៊ុត ដំឡូងបារាំង ផ្សិត ប៉េងប៉ោះ ខាត់ណាខៀវ  សណ្តែក ដំឡូងជ្វា ល្ពៅជាដើមក្នុងរបបអាហារកូន។

    – កូនអាយុចាប់ពី ៦ ខែឡើង ម៉ាក់ប៉ាត្រូវឱ្យកូនញុំាបបរខាប់គ្រប់គ្រឿង​​បន្ថែមពីលើការបំបៅដោះ ឬទឹកដោះគោម្សៅ​ដើម្បី​ឱ្យកូន​ទទួល​បាន​សារធាតុចិញ្ចឹម និងជាតិដែកគ្រប់គ្រាន់។

    – កូនអាយុចាប់ពីមួយឆ្នាំឡើងទៅ ម៉ាក់ប៉ាចៀសវាងឱ្យកូនញុំាទឹកដោះ​គោ​ស្រស់ ឬទឹកដោះគោ​ក្រដាស​លើស​ពី ៧១០ មិល្លីលីត្រ ឬលើសពីពីរកំប៉ុង ឬពីរកែវក្នុងមួយថ្ងៃ ព្រោះការញុំា​ទឹកដោះ​គោ​ស្រស់ ឬទឹក​ដោះ​គោក្រដាសច្រើនធ្វើឱ្យកូនឆ្អែត មិនញុំាអាហារផ្សេងទៀត​ដែលបណ្តាល​ឱ្យកូន​ខ្វះ​សារធាតុ​ចិញ្ចឹម ​និង​ជាតិដែក។ មួយវិញទៀត ការញុំាកាល់ស្យូមច្រើនរារាំងរាងកាយ​កូនក្នុងការ​ស្រូប​យកជាតិដែក​ពី​ចំណី​អាហារ។

    ដើម្បីឱ្យរាងកាយកូនស្រូបយកជាតិដែកបានល្អ ម៉ាក់ប៉ាគួរឱ្យកូនញុំាអាហារសម្បូរជាតិវីតាមីន C ដូចជា ផ្លែឈើ​អម្បូរក្រូច ល្ហុង ត្រសក់ ប៉េងប៉ោះ ពេល​ញ៉ាំ​អាហារ​សម្បូរជាតិដែក។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – នៅពេលខ្វះជាតិដែក កូននឹងជួបផលវិបាកសុខភាពធំៗបីយ៉ាង៖
    • លូតលាស់យឺត
    • ខ្សោយបេះដូង
    • អភិវឌ្ឍខួរក្បាលយឺត
    – ដើម្បី​ការពារ​កូនពីបញ្ហាខ្វះជាតិដែក
    • បញ្ចូលអាហារសម្បូរជាតិដែកក្នុងរបបអាហារកូន
    • ចៀសវាងឱ្យកូនញុំាទឹកដោះគោស្រស់ ឬទឹក​   ដោះគោក្រដាសលើសពីពីរកំប៉ុង ឬពីរកែវក្នុងមួយថ្ងៃ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម