backup og meta

គេងសុខៗ បែរជាចុកទ្រូង អាចបណ្ដាលមកពីមូលហេតុទាំងអស់នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 27, 2023

    គេងសុខៗ បែរជាចុកទ្រូង អាចបណ្ដាលមកពីមូលហេតុទាំងអស់នេះ

    អាការៈចុកទ្រូងក្នុងអំឡុងពេលគេង មិនមែនជារឿងធម្មតានោះទេ វាអាចបណ្ដាលមកពីកត្ដាសំខាន់ៗដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ ប្រព័ន្ទផ្លូវដង្ហើម និងបញ្ហាបេះដូងតែម្ដង។ ប៉ុន្ដែទោះបីជាបញ្ហាទាំង៣កើតឡើងជាមួយនឹងអាការៈចុកទ្រូងដូចគ្នាក៏ដោយ ក៏នៅមានរោគសញ្ញាផ្សេងៗទៀត ដែលយើងអាច​កត់សម្គាល់ដឹង និងអាចបែងចែកឲ្យបានច្បាស់ផងដែរ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.បញ្ហាប្រព័ន្ធរំលាយអាហារ

    បញ្ហាប្រព័ន្ធរំលាយអាហារ ក៏ជាមូលហេតុមួយអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូងនៅពេលគេងយប់បានដែរ ពិសេសអ្នកមានជំងឺច្រាលអាស៊ីតក្រពះ។ អាការៈនេះកើតឡើងនៅពេលដែលក្រពះបញ្ចេញអាស៊ីតច្រើន ហើយច្រាលឡើងចូលទៅកាន់បំពង់អាហារ នោះនឹងបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូង លាយនឹងការភើមកជាមួយ។

    ការច្រាលអាស៊ីតក្រពះ បង្ហាញអាការៈចុកទ្រូង ក៏មានភ្ជាប់មកជាមួយអាការៈបន្ថែមទៀតដូចជា៖

    • ក្រហាយទ្រូងបន្ទាប់ពីញ៉ាំអាហារ ឬអាចកើតឡើងនៅពេលយប់
    • ចង្អោរ
    • ហើមពោះ ភើ ផោមញឹក
    • ការមិនរំលាយអាហារ
    • ពិបាកលេបអាហារ
    • ក្រហាយក្នុងពោះ (ម្ដងម្កាល)

    ទាំងនេះជាអាការៈអាចឲ្យយើងដឹងបានខ្លះថា មូលហេតុចុកទ្រូងពេលយប់ អាចបណ្ដាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ។

    ២.បញ្ហាប្រព័ន្ធផ្លូវដង្ហើម

    បញ្ហាប្រព័ន្ធផ្លូវដង្ហើម ក៏អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូងនៅពេលគេងបានដែរ តួយ៉ាងដូចជាការរលាកស្រោមសួតជាដើម។ រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀត នៃជំងឺរលាកស្រោមសួត គឺបង្កឲ្យអ្នកជំងឺចុកទ្រូង ពិសេសពេលដង្ហើមវែងៗ អមដោយមានអាការៈក្អកញឹកញាប់តែម្ដង។

    ការចុកទ្រូង ស្ថិតក្នុងរោគសញ្ញាសង្ស័យដែលអ្នកជំងឺមានអាការៈក្អក មិនថាក្អកស្ងួត ឬក្អកមានស្លេស្មនោះទេ វាបណ្ដាលមកពីការរលាកស្រោមសួត អាចស្ថិតក្នុងដំណាក់កាលស្រាល ឬអាចធ្ងន់ធ្ងរ។ ដូច្នេះអ្នកជំងឺត្រូវតែតាមដានសុខភាពជាមួយគ្រូពេទ្យ។

    ៣.បញ្ហាសុខភាពបេះដូង

    អាការៈចុកទ្រូងគេងនៅពេលយប់ អាចបណ្ដាលមកពីសុខភាពបេះដូង ដំណើរការមិនប្រក្រតី ម្យ៉ាងទៀតក៏អាចជារោគសញ្ញាមួយនៃជំងឺគាំងបេះដូងផងដែរ។

    តាមការចុះផ្សាយរបស់មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក បានបង្ហាញថា អាការៈចុកទ្រូង​អាចជារោគសញ្ញាគ្រោះថ្នាក់មួយនៃជំងឺគាំងបេះដូងដែលអ្នកជំងឺជួបប្រទះច្រើន។ អ្នកជំងឺអាចចុកនៅផ្នែកខាងឆ្វេង ឬចំកណ្ដាលនៃទ្រូង ហើយមានរយៈពេលលើស​ពី២ ទៅ៣នាទី។

    អត្ថបទគួរអាន៖

    បញ្ហាគាំងបេះដូង អាចបង្ហាញរោគសញ្ញាមកជាមួយគ្នា ដូចជា ការបែកញើសត្រជាក់ ខ្សោយ វិលមុខ ឈឺក្បាល រួយកញ្ចឹងក ថប់ៗដង្ហើម ចុកស្មា និងដៃទាំងពីរ។

    មូលហេតុបញ្ហាគាំងបេះដូង បង្ហាញរោគសញ្ញាចុកទ្រូងដោយសារតែសរសៃឈាម មិនអាចបញ្ជូនអុកស៊ីសែន និងចរន្ដឈាមទៅកាន់បេះដូងបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យអ្នកជំងឺប្រឈមអាការៈចុកទ្រូងយ៉ាងដូច្នេះ។

    ជារួមកាលដែលជួបអាការៈចុកទ្រូងពេលយប់កំពុងគេង គួរតែប្រុងប្រយ័ត្ន និងត្រូវតាមដានសុខភាពជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវដើម្បីជៀសផុតពីគ្រោះថ្នាក់។

    ចុកទ្រូង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 27, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម