នៅពេលមុខងារសរសៃឈាមអាក់ទែ និងបេះដូង ចាប់ផ្តើមចុះខ្សោយ រោគសញ្ញាបញ្ហាសុខភាពមួយចំនួន នឹងកើតមានលើផ្នែកផ្សេងនៃរាងកាយ ។ នេះជាការអះអាងពីវេជ្ជបណ្ឌិត John Erwin អ្នកឯកទេសសរសៃឈាមបេះដូង នៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលរដ្ឋតិចសាស់ (Texas A&M Health Science Center)។ អ្វីគួរឲ្យព្រួយបារម្ភ វេជ្ជបណ្ឌិត John Erwin បានលើកឡើងពីរោគសញ្ញាសុខភាពសាមញ្ញា ៦យ៉ាង អាចធ្វើឲ្យយើងភ្ញាក់ផ្អើល ព្រោះថាសុទ្ធសឹងជារោគសញ្ញាជំងឺបេះដូង ក៏ជាអ្វីគ្នាយើងត្រូវតែដឹង។ ព្រោះការយកចិត្តទុកដាក់លើបញ្ហាទាំងនេះ អាចជួយយើងគេចផុតពីការស្លាប់ ជួយសុខភាពល្អឡើងវិញបាន ខណៈរោគសញ្ញាទាំងនោះមាន៖
១- ខ្សោយ ឬខូចមុខងារផ្លូវភេទ
គ្នាយើងមួយចំនួនគិតថា បញ្ហាខ្សោយមុខងារផ្លូវភេទ គឺដោយសារបញ្ហាសរីរាង្គបន្តពូជ ឬមកពីបញ្ហាខួរក្បាល។ យ៉ាងណា ពិសេសប្រុសៗតែម្តង បញ្ហាសុខភាពផ្លូវភេទមួយនេះ អាចជារោគសញ្ញាជំងឺសរសៃឈាមអាក់ទែ។
ការឡើងក្រាស់ជញ្ជាំងសរសៃឈាម នឹងធ្វើឲ្យលិង្គមិនអាចឡើងរឹង ឬរឹងមិនបានយូរ ខណៈស្រីៗវិញ នឹងធ្វើឲ្យចំណង់ផ្លូវភេទថយចុះ ជាធម្មតាកើតឡើងក្រោយអស់រដូវ។ លើសពីនេះ ស្រីៗឆាប់អស់រដូវ កាន់តែប្រឈមវិវត្តទៅរកជំងឺបេះដូង។
ត្រូវចាំថា បញ្ហាអស់រដូវដោយធម្មតា មិនអាចបង្កជាជំងឺសរសៃឈាមបេះដូងក៏ពិតមែន ប៉ុន្តែវេជ្ជបណ្ឌិត Erwin លើកឡើងថា នៅពេលអស់រដូវ ស្រីៗនៅតែប្រឈមជំងឺបេះដូង ដោយសារការប្រែប្រួលសម្ពាធឈាម និងកំណើនជាតិខ្លាញ់ នឹងកើតមានជាមួយគ្នា។ ជាមួយគ្នានេះ ស្រីៗគ្នាយើង ដែលមានទម្លាប់រស់នៅមិនល្អ ក៏មិនគួរមើលរំលងបញ្ហាសុខភាពនេះដែរ។
២- ស្រមុក ឬគេងមិនដកដង្ហើម
រឿងតានតឹងអារម្មណ៍បំផុតក្នុងជីវិតយើង គឺត្រូវដេកជាមួយមនុស្សស្រមុក។ ប៉ុន្តែក្រៅពីរំខានអ្នកក្បែរខ្លួន អាការៈស្រមុក អាចជារោគសញ្ញាជាក់លាក់មួយរបស់ជំងឺបេះដូង ខណៈស្រមុក ក៏ជារោគសញ្ញាជំងឺគេងមិនដកដង្ហើម ដែលធម្មតាកើតឡើងពេលព្រឹក ពេលយើងមានអារម្មណ៍ងងុយខ្លាំង។
វេជ្ជបណ្ឌិត Erwin និយាយថា គេងមិនដកដង្ហើម អំឡុងពេលណាមួយដែលយើងគេង គឺមានទំនាក់ទំនងជាមួយការប្រែប្រួលបញ្ហាសុខភាព ដែលនាំឲ្យកើតហានិភ័យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។