ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងយ៉ាងច្រើន ដូចជា អស់កម្លាំង វិលមុខ ស្រវាំងភ្នែក ថយចុះការចងចាំ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចប៉ះពាល់ទៅដល់សុខភាពបេះដូងផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ជាមធ្យមការគេងឲ្យគ្រប់គ្រាន់ចន្លោះពី ៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ និងចន្លោះពី ៧ទៅ៨ម៉ោងសម្រាប់មនុស្សចាស់វ័យចាប់ពី៦០ឆ្នាំឡើងទៅ។ ដូច្នេះប្រសិនបើយើងមិនអាចគ្រប់គ្រងការគេងបានល្អនោះទេ នឹងប្រឈមមានជំងឺបេះដូងតាមរយៈបញ្ហាសុខភាពមួយចំនួន។
១.ការឡើងសម្ពាធឈាម
ការគេងមិនគ្រប់គ្រាន់គឺជាកត្ដាប្រឈមធ្វើឲ្យសម្ពាធឈាមកើនឡើង ក្នុងនោះក៏ជាមូលហេតុចម្បងបំផុតធ្វើឲ្យប៉ះពាល់សុខភាពបេះដូងផងដែរ។ ការឡើងសម្ពាធឈាមញឹកញាប់នឹងបណ្ដាលឲ្យយើងប្រឈមកើតជំងឺបេះដូងដូចជា ខ្សោយបេះដូង គាំងបេះដូង អាចប្រឈមការគ្រោះថ្នាក់សរសៃឈាមខួរក្បាលផងដែរ។
២.ការឡើងជាតិស្ករ
យោងតាមការសិក្សាបានបង្ហាញថា អ្នកមានបញ្ហាគេងមិនលក់ គេងមិនគ្រប់គ្រាន់រយៈពេលយូរ ធ្វើឲ្យប្រឈមនឹងការឡើងជាតិស្ករ ហើយងាយវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២ផងដែរ។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនមិនបានគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អ ងាយនឹងបង្កឲ្យប៉ះពាល់ទៅដល់សុខភាពបេះដូង។
៣.ការកើតស្ដ្រេស
ការគេងមិនគ្រប់គ្រាន់ក៏អាចបណ្ដាលឲ្យប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ដផងដែរ។ តួយ៉ាង អាចធ្វើឲ្យយើងកើតអារម្មណ៍មួម៉ៅ ឆេវឆៅ ឆាប់ខឹង និងកើតស្រ្ដេស។ ការកើតស្ដ្រេសអាចបណ្ដាលឲ្យថយចុះកម្រិតកូលេស្ដេរ៉ូលល្អក្នុងឈាម ដែលជាកត្ដាចំបងធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។
៤.ការថយចុះម៉ាញ៉េស្យូម
តាមការសិក្សាបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យថយចុះបរិមាណម៉ាញ៉េស្យូមក្នុងឈាមបានដែរ។ ការថយចុះបរិមាណម៉ាញ៉េស្យូមក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ព្រោះម៉ាញ៉េស្យូមមានមុខងារជួយគ្រប់គ្រងចរន្ដឈាម និង គ្រប់ក្រងចង្វាក់បេះដូងឲ្យដំណើរប្រក្រតី។ ប្រសិនជាខ្វះសារធាតុមួយនេះនឹងប្រឈមការកើតជំងឺខ្សោយបេះដូង។
៥.ការឡើងគីឡូ
ការគេងមិនគ្រប់គ្រាន់ក៏ប្រឈមនឹងការឡើងគីឡូ ព្រោះបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយដែលជំរុញឲ្យឃ្លានញ៉ាំច្រើន សំខាន់ប្រភេទអាហារផ្អែមៗមានកម្រិតជាតិស្ករខ្ពស់។ ក្នុងករណីដែលយើងកើតជំងឺធាត់ កើតឡើងជាតិខ្លាញ់ក្នុងឈាមក៏ជាសញ្ញាវិវត្ដទៅរកការកើតជំងឺបេះដូងលឿន ពិសេសជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាមបេះដូង។ ដូច្នេះការគេងមិនគ្រប់គ្រាន់ ក៏ជាកត្ដាចម្បងប៉ះពាល់សុខភាពបេះដូង។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-heart-rate]