backup og meta

ចុក ឆ្អល់ ក្រោយញ៉ាំអាហារ អាចជាបញ្ហាសុខភាព ឬក៏យ៉ាងណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 25, 2022

    ចុក ឆ្អល់ ក្រោយញ៉ាំអាហារ អាចជាបញ្ហាសុខភាព ឬក៏យ៉ាងណា?

    អាការៈចុក ឆ្អល់ពោះក្រោយពេលញ៉ាំអាហារក្នុងចន្លោះពេល១០នាទី គ្នាយើងភាគច្រើន អាចទាយដឹងបានខ្លះថា នោះគឺបណ្ដាលមកពីបញ្ហាក្រពះ ដែលធ្វើការមិនបានល្អ ឬមានរោគសញ្ញានៃជំងឺអ្វីមួយដែលទាក់ទងនឹងក្រពះនេះឯង។ ការស្មានបែបនោះពិតជាត្រឹមត្រូវហើយ ប៉ុន្ដែមិនទាន់ត្រូវទាំងស្រុងនោះទេ ថ្ងៃនេះ Hello គ្រូពេទ្យ នឹងស្រាយចម្ងល់នេះឲ្យ​ប្រិយមិត្ដទាំងអស់គ្នាបាន​យល់​កាន់តែច្បាស់ថែមទៀត។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ការចុក ឆ្អល់ ក្រោយពេលញ៉ាំអាហារ មិនថាអាហារពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចនោះទេ ភាគច្រើនត្រូវចាប់អារម្មណ៍លើចំណុចពីរសំខាន់ៗ គឺរបបអាហារ និង សុខភាពរាងកាយ។

    ១.ការញ៉ាំអាហារច្រើនពេក និងលឿនពេក

    បរិមាណអាហារ​ក្នុងក្រពះក៏​ត្រូវមានកំណត់ដែរ​ យើងមិនអាចញ៉ាំឲ្យលើសពីបរិមាណដែលក្រពះអាចផ្ទុក និងធ្វើការបាននោះទេ។ តួយ៉ាងយើងមានទម្លាប់ញ៉ាំបាយមួយចានឆ្អែត ប៉ុន្ដែពេលមួយយើង​បង្កើនការញ៉ាំកើនដល់ទៅ ២ចាន ដូច្នេះទំហំក្រពះត្រូវរីកមាឌ និងធ្វើការលើសមត្ថភាព ដែលជាហេតុធ្វើឲ្យឈឺពោះក្រោយញ៉ាំអាហារ។

    ការញ៉ាំអាហារលឿនពេក អាចបណ្ដាលឲ្យចង្វាក់នៃការបញ្ជូនអាហារចូលក្នុងក្រពះមានការរអាក់រអួល អាចមានខ្យល់ចូលក្នុងក្រពះ បង្កជាការហើមពោះ ក្រពះមិនអាចធ្វើការបានល្អដែរ​។

    ចំណុចទាំងពីរនេះ សម្រាប់អ្នកដែលមានទម្លាប់ហើមពោះ ឈឺពោះ ឆ្អល់ពោះក្រោយពេលញ៉ាំបាយ អាចសង្កេតមើលបាន ហើយបើមានអាការៈដូចការបង្ហាញ ចូលកាត់បន្ថយទាំងល្បឿន និងបរិមាណនៃការញ៉ាំឲ្យបានត្រឹមត្រូវស្របតាមសុខភាព។

    ២. ការអាលែកហ្ស៊ីអាហារ

    អាហារមួយចំនួនអាចបង្កការអាលែកហ្ស៊ី​ ហើយក៏អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី។ កត្ដានេះក៏ធ្វើឲ្យអ្នកញ៉ាំប្រឈមនឹងការឈឺពោះ​ក្រោយពេលញ៉ាំអាហាររួចចន្លោះពី ២ទៅ ៥នាទី បន្ទាប់​មកវាអាចវិវត្ដទៅជារាក និងអស់កម្លាំង។ ក្នុងករណីស្រាល អាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្ដែក្នុងករណីធ្ងន់ធ្ងរ ផ្អែកលើអាការៈជាក់ស្ដែង ត្រូវប្រញ៉ាប់នាំទៅមន្ទីរពេទ្យ ឲ្យបានលឿន ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ ករណីនេះច្រើនកើតមានចំពោះអ្នកមានបញ្ហាអាលែកហ្ស៊ីគ្រឿងសមុទ្រ។

    ៣. អាហារគ្មានអនាម័យ

    អាហារមួយចំនួនមិនស័ក្ដិសមសម្រាប់ញ៉ាំនោះឡើយ ដូចជាពពួកអាហារតាមចិញ្ចើមផ្លូវដែល​ខ្វះការការពារបានល្អ ប្រឈមនឹងពពួកបាក់តេរី ក្នុងបរិយាកាស។ មួយវិញទៀត ប្រភេទអាហារដែលចម្អិន​មិន​ឆ្អិនល្អ និង​គ្មាន​អនាម័យ​ ពពួកអាហារ​ទាំងនោះក៏អាចបណ្ដាលឲ្យអ្នកញ៉ាំចុកពោះភ្លាម ក្រោយពេលញ៉ាំចន្លោះពី ៣ទៅ ៥នាទី។

    ៤. បញ្ហាសុខភាព

    ក្រៅពីរបបអាហារ ក៏នៅមានបញ្ហាសុខភាពរួមចំណែកផងដែរ ដូចជា៖

    -ជំងឺច្រាលទឹកអាស៊ីតក្នុងក្រពះ

    -រលាកពោះវៀនរ៉ាំរៃ

    -រលាកលំពែង

    -ក្រួសក្នុងប្រមាត់

    -បញ្ហាទល់លាមក

    -ឈាមមិនអាចទៅ​ចិញ្ចឹមផ្នែកពោះវៀនគ្រប់គ្រាន់

    តើអាហារហឹរអាចធ្វើឲ្យរលាកក្រពះដែរទេ?

    អាហារហឹរក្នុងកម្រិតដែលអាចញ៉ាំបាន គឺមិនអាចធ្វើឲ្យរលាកក្រពះនោះទេ។ ប៉ុន្ដែអាហារហឹលអាចធ្វើឲ្យអ្នកញ៉ាំ ចេញអាការៈឈឺចាប់ ក្រហាយ បានប្រសិន​បើ​អ្នក​ញ៉ាំមានជំងឺរលាកក្រពះពោះវៀនរ៉ាំរៃ។ ចំណុចនេះគួរសង្កេតប្រសិន​បើអ្នកមានអាការៈឈឺចាប់ក្រោយពេលញ៉ាំហឹរ នោះបង្ហាញថាអ្នកមានជំងឺរលាកក្រពះហើយ។ ដូច្នេះគួរ​កាត់បន្ថយការញ៉ាំហឹរ បូករួមទាំងអាហារខ្លាញ់ ដើម្បីរក្សាសុខភាពឲ្យបានល្អ។

    អាហារហឹរ (1)

    អត្ថបទគួរអាន៖

    តើពេលណាគួរទៅជួបគ្រូពេទ្យ?

    ឈឺចាប់ក្នុងរាងកាយមិនថាស្ថិតនៅផ្នែកខាងណានោះទេ គឺបង្ហាញថាសុខភាពកំពុងតែមានបញ្ហាខុសប្រក្រតីហើយ។ គ្នាយើងអាចតាមដានទម្លាប់នៃ​ការ​ញ៉ាំ​អាហារប្រចាំថ្ងៃជាមុនសិន ហើយ​ក្នងករណីអាការៈទាំង​នេះកើតឡើងលើសពី៣ដង ឬចន្លោះ១សប្ដាហ៍ ចូរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិភាក្សា ពិនិត្យ និង ទទួលការព្យាបាល ព្រោះវាអាចជាសញ្ញាចាប់ផ្ដើម នៃជំងឺណាមួយនៃប្រព័ន្ធរំលាយអាហារ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម