មនុស្សជាច្រើនតែបង្អាប់គ្នាលេងថា គ្រូពេទ្យគឺចូលចិត្ដសម្អាតច្រើន ដោយសារតែពួកគាត់រកឃើញបាក់តេរីនៅគ្រប់កន្លែង។ ចុះចំណែកគ្នាយើងខ្លះដែលចូលចិត្តប្រមូលរបស់គ្រប់យ៉ាងទុក មិនព្រមបោះចោល និងមិនបានសម្អាតទៀតនោះទៅជាយ៉ាងណា? គ្នាយើងប្រហែលជាមិនធ្លាប់បានស្គាល់ជំងឺប្លែក និងគួរឲ្យខ្លាចមួយមានឈ្មោះថា hoarding disorder ពីមុនមកទេមើលទៅ។ តើជាជំងឺបែបណា?
១-តើអ្វីទៅជាជំងឺ hoarding disorder?
ជំងឺ hoarding disorder គឺកើតឡើងនៅពេលបុគ្គលម្នាក់ចូលចិត្ដប្រមូលវត្ថុផ្សេងៗ សន្សំទុក និងមិនរៀបចំឲ្យបានត្រឹមត្រូវ។ របស់ទាំងនោះអាចមានតម្លៃតិចតួច ឬមិនមានតម្លៃ ហើយចុងក្រោយអ្នកនោះនឹងមិនអាចរៀបចំវត្ថុទាំងនោះបាន ដោយសារវាមានចំនួនច្រើនពេក។ បើនិយាយឲ្យស្រួលស្ដាប់ក្រុមមនុស្សបែបនោះ គឺជាអ្នកចូលចិត្ដរក្សាវត្ថុលែងមានតម្លៃ ដូចជាសំបុត្រ កាបូបចាស់ៗ ឬរបស់ដែលខ្លួនគិតចង់យកវាទៅជួសជុល ឬយកទៅប្រើឡើងវិញ។ មានពេលខ្លះដោយសារគិតខ្លាចស្ដាយក្រោយ ទើបអ្នកទាំងនោះចាប់ផ្ដើមប្រមូលរបស់គ្រប់យ៉ាងរក្សាទុក សូម្បីតែថង់ផ្លាស្ទិក កន្សែងជូតដៃតាមហាងម្ហូបអាហារ ក៏ពួកគាត់ព្យាយាមរក្សាវត្ថុទាំងនោះទុក ទោះបីជាមិនអាចប្រើវាបានក្ដី។
ដោយសារទង្វើបែបនេះ ធ្វើឲ្យផ្ទះរបស់គាត់ចាប់ផ្ដើមចង្អៀត និងរញ៉េរញ៉ៃ សូម្បីតែក្នុងផ្ទះបាយ ឬបន្ទប់ទឹកមានរបស់របរច្រើនពេក រហូតពេលខ្លះមិនអាចធ្វើអ្វីបាននៅក្នុងកន្លែងអស់នោះ។ មានអ្នកខ្លះទៀតមិនត្រឹមតែប្រមូលរបស់របរទុកនោះទេ គឺអាចប្រមូលទាំងសត្វទុកក្នុងផ្ទះទៀតផង។
អត្ថបទពាក់ព័ន្ធ:
- ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង
- តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេសអំឡុងពេលសម្ងំនៅតែផ្ទះ
- គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ!
- ទទួលបានវីតាមីន N ពីធម្មជាតិបៃតង ស្មើនឹងថ្នាំទិព្វជួយសុខភាពផ្លូវចិត្ត
២-មូលហេតុ
អ្នកស្រាវជ្រាវមិនទាន់អាចពន្យល់អំពីមូលហេតុរបស់ជំងឺ hoard disorder នេះបាននៅឡើយទេ។ មានអ្នកខ្លះគិតថា វាប្រហែលជាបណ្ដាលមកពីជំងឺអ្វីមួយផ្សេង ដូចជាជំងឺខ្លាចមិនចង់បន្លាស់ទី មិនចូលចិត្ដភាពសាំញ៉ាំ ឬមិនអាចបែងចែកភាពខុសគ្នារវាងរបស់ដែលខ្លួនបានទិញជាដើម។ ប៉ុន្តែមានអ្នកជំនាញខ្លះទៀត បានលើកឡើងថា អ្នកជំងឺមានបញ្ហាបាក់ទឹកចិត្ដធ្ងន់ធ្ងរ មានជំងឺវិកលចរិក ឬជំងឺ obsessive-compulsive disorder ក៏អាចពិបាកក្នុងការបែងចែកវត្ថុជំវិញខ្លួនគាត់បានដែរ។ ដូចនេះពួកគាត់អាចនឹងមានអារម្មណ៍ឯកា ហើយមិនខ្វាយខ្វល់ជាមួយជីវិតខ្លួនឯង។ មានអ្នកខ្លះទៀតនិយាយថា មនុស្សកើតក្នុងគ្រួសារធ្លាប់មានប្រវត្ដិជំងឺពិបាកក្នុងការចងចាំ ក៏ងាយប្រឈមជាមួយជំងឺមួយនេះ ដោយសារតែពួកគាត់មិនសូវខ្វាយខ្វល់អំពីការចាត់ទុកអ្វីមួយជាចម្បង ឬមិនសូវខ្វាយខ្វល់អំពីស្ថានភាពជុំវិញខ្លួនឡើយ។ ប៉ុន្តែយើងក៏ត្រូវចែកឲ្យដាច់រវាង hoarders ជាមួយ collectors។ Collectors គឺកើតឡើងដោយសារចំណង់ចំណូលចិត្ដរបស់អ្នកនោះ ដែលវាមិនទាក់ទងជាមួយបញ្ហាជីវិតរស់នៅរបស់គាត់ឡើយ។ ចំណែកឯ hoarders គឺជាអ្នកប្រមូលរបស់គ្រប់យ៉ាងរក្សាទុក ហើយភាគច្រើនវាប៉ះពាល់ដល់ជីវិតរស់នៅរបស់ពួកគាត់។
៣-គ្រោះថ្នាក់បណ្ដាលមកពីជំងឺ hoarding disorder
ពេលអ្នកណាម្នាក់បើកទ្វារបន្ទប់ឃើញរបស់របរគរពេញបន្ទប់ ច្បាស់ជាមិនចង់ចូលក្នុងបន្ទប់នោះ ឬមិនមានអារម្មណ៍ចង់សម្អាតវាទេ។ វាមិនត្រឹមតែទាក់ទងតែជាមួយបញ្ហាសោភ័ណ្ណភាពមួយមុខនោះទេ វាធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការងារ អនាម័យក្នុងបន្ទប់ និងបញ្ហាប្រស្រ័យទាក់ទងផ្សេងៗទៀតដែរ។ នេះជាមូលហេតុដែលធ្វើឲ្យ hoarders មិនសូវមានមិត្ដភក្គច្រើន ចូលចិត្ដនៅម្នាក់ឯង និងមានអារម្មណ៍ឯកា។ មិនតែប៉ុណ្ណោះការប្រមូលរបស់របរទុកច្រើនពេកក្នុងបន្ទប់ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ខ្លួន ឬអ្នកដែលចូលលេងក្នុងបន្ទប់គាត់បាន។ យើងក៏ធ្លាប់បានឮដែរហើយអំពីគ្រោះថ្នាក់បណ្ដាលឲ្យបាត់បង់ជីវិត ដោយសារតែរបស់របរដែលគរខ្ពស់បាក់មកសង្កត់លើមនុស្ស។
៤-វិធីព្យាបាល
អ្នកជំនាញបានលើកឡើងថា Hoarding Disorder មិនមែនជាជំងឺងាយស្រួលក្នុងការព្យាបាលនោះទេ ទោះបីជាអ្នកជំងឺសហការល្អក្ដី។ ប៉ុន្តែបើយោងតាមអ្នកវិទ្យាសាស្រ្ត គេអាចព្យាបាលបានខ្លះៗ។ ការព្យាបាលគឺផ្ដោតលើការកែតម្រូវការគិតអាកប្បកិរិយារបស់អ្នកជំងឺ។ អ្នកជំនាញនឹងពន្យល់ដល់អ្នកជំងឺថាហេតុអ្វីបានជាគាត់ពិបាកមិនចង់បោះចោលវត្ថុមិនមានតម្លៃទាំងនោះ និងចូលចិត្ដពង្រាយវាចោលគ្រប់ទីកន្លែង។ បន្ទាប់មកអ្នកជំនាញនឹងឲ្យអ្នកជំងឺចាប់ផ្ដើមសម្អាត និងមានផែនកាជាក់លាក់ រហូតអ្នកជំងឺមានអារម្មណ៍ប្រសើរឡើងបន្តិចម្ដងៗ។ អ្នកជំងឺត្រូវចាំបាច់ទៅសម្អាតវត្ថុគ្មានតម្លៃក្នុងផ្ទះរបស់ខ្លួនចោលដោយខ្លួនឯង ហើយការព្យាបាលគឺអ្នកជំនាញទៅលើកទឹកចិត្ដអ្នកជំងឺ និងជួយឲ្យគាត់រៀបចំរបស់របរទាំងនោះបានល្អជាងមុន។
ក្នុងករណីមួយចំនួន គឺអ្នកមានជំងឺធ្ងន់ធ្ងរចាំបាច់ត្រូវប្រើប្រាស់ថ្នាំ selective serotonin reuptake inhibitors (SSRIs) ដោយសារតែវាមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពជំងឺបាន។