ហឺត ជាជំងឺរ៉ាំរ៉ៃ ហើយបើមិនធ្លាប់កើត ច្បាស់ជាមិនយល់អារម្មណ៍គ្នាយើងដែលកំពុងកើតឡើយ។ បរិស្ថានមានផ្សែងពុល កង្វះខ្យល់បរិសុទ្ធ កាន់តែធ្វើឲ្យសុខភាពគ្នាយើងកើតហឺតអាក្រក់ឡើងៗ ហើយគ្នាយើងអត់កើតហឺត ក៏អាចប្រឈមគ្រប់ពេលដោយមិនដឹងខ្លួនដែរ។ ពិបាកការពារ និងព្យាបាល ហើយអាចឈានដល់ស្លាប់ក៏មាន។
ក្អក ជាប្រតិកម្មធម្មជាតិ ពេលរាងកាយបញ្ចេញចោលធូលីដី ឬផ្សែងបារីហុយចូលតាមការដកដង្ហើម ប៉ុន្តែក៏អាចបង្កឡើងដោយកត្តាជាច្រើន រួមមាន រលាកច្រមុះ ឬផ្ដាសាយ។ ក្អកយូរអង្វែង អាចជារោគសញ្ញាកើតហឺត ហើយឧស្សាហ៍ក្រោក ពេលយប់ ដោយសារពិបាកដកដង្ហើមភ្លាមៗពេលកំពុងគេង ក៏ជាសញ្ញាដែរ។ ដកដង្ហើមឮសំឡេង ជារោគសញ្ញាកើតហឺតពិតប្រាកដ ព្រោះពេលគ្នាយើងប្រឹងដកដង្ហើម មានសំឡេងហួចបានបន្លឺឡើងព្រមគ្នា។ យើងងាយប្រទះបញ្ហានេះ ដូចជា ហាត់ប្រាណ ពេលអាកាសធាតុត្រជាក់។ គួរប្រយ័ត្ន ពេលហាត់ប្រាណ ក្នុងខែត្រជាក់។
ខាកស្ដោះ មិនសមរម្យក៏ពិតមែន ប៉ុន្តែសម្រាប់គ្នាយើងកើតហឺត ជាការសម្អាតបំពង់ក បញ្ចេញស្លេស្មជាប់ស្ទះនៅក្នុងបំពង់ក និងនៅក្នុងរន្ធច្រមុះ ព្រោះអាការៈសម្បូរស្លេស្មនៅក្នុងផ្លូវដង្ហើម អាចជារោគសញ្ញាហឺត។
គ្នាយើងអាចនឹងកើតហឺត បើមានអាការៈហត់ ក្រោយពេលហាត់ប្រាណស្រាលៗ ត្រូវអង្គុយចុះដើម្បីទប់ដង្ហើម មុននឹងបន្តទៀត។
គ្នាយើងខ្លះស្រាប់តែមានអាការៈដូចជាអស់កម្លាំង ថប់ដង្ហើម ណែនទ្រូង និងមានចង្វាក់ដង្ហើមខុសធម្មតា ដោយមិនដឹងមូលហេតុ។ នេះដោយសាររាងកាយយើង ស្រូបយកអុកស៊ីហ្សែនមិនគ្រប់។
រាងកាយឆាប់មានប្រតិកម្មពេលប៉ះពាល់លម្អងផ្កា រោមសត្វ និងអាកាសធាតុប្រែប្រួល ពិសេសប្រតិកម្មជាមួយអាហារសមុទ្រ អាហារកំប៉ុង និងគ្រាប់រុក្ខជាតិមួយចំនួន។
ឧស្សាហ៍រលាកទងសួតកាលពីក្មេង ធ្វើឲ្យបំពង់ទងសួតដឹកនាំអុកស៊ីហ្សែនទៅកាន់សួតអត់គ្រប់គ្រាន់ ជាហេតុបណ្ដាលឲ្យមានឱកាសកើតហឺត នៅពេលណាមួយ។ ករណីនិយាយមិនចេញញឹកញាប់ អាចមិនមែនជាសញ្ញាកើតហឺត តែបើរោគសញ្ញានេះកើតឡើងជាប្រចាំជាមួយរោគសញ្ញាដទៃទៀត វាអាចជាជំងឺហឺត។
បើគ្នាយើងប្រទះឃើញមានអាការៈរោគសញ្ញាដូចខាងលើ កុំអែអង់ឆាប់ទៅពិនិត្យ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់។