ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺស្វាយ នរណាក៏ធ្លាប់ឮដែរ គ្រាន់តែថាមិនដឹងជំងឺស្វាយហ្នឹងម៉េចខ្លះ ឆ្លងតាមណា រោគសញ្ញាម៉េច ព្យាបាលតាមណា? បើទុកចោល អាចធ្ងន់ធ្ងរដល់កម្រិតណា? “Hello គ្រូពេទ្យ” នឹងលម្អិតពីជំងឺស្វាយឲ្យប្រុសៗក្បាលខូចបានដឹង ក្រែងលោចេះការពារខ្លះ។
ជំងឺស្វាយ បង្កដោយបាក់តេរី Treponema Pallidum បើមិនបានព្យាបាលត្រឹមត្រូវ អាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនទៅថ្ងៃក្រោយ ដូចជា រលាកសន្លាក់ ប៉ះពាល់ខួរក្បាល ឬខ្វាក់ភ្នែក។
ករណីចម្បងនាំឲ្យឆ្លងជំងឺស្វាយ គឺដោយសារប៉ះពាល់ដំបៅអ្នកមានជំងឺនេះ។ ដំបៅទាំងនោះមាននៅផ្នែកខាងក្រៅលិង្គ ទ្វារមាស និងរន្ធគូទ។ ពេលខ្លះ ដំបៅអាចមានលើបបូរមាត់ និងក្នុងមាត់តែម្តង ហើយករណីឆ្លងភាគច្រើន គឺតាមរយៈការរួមភេទគ្រប់ទម្រង់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រោគសញ្ញាជំងឺស្វាយ ត្រូវបែងចែកជាដំណាក់កាល៖
– ដំណាក់កាលទី១៖ ក្រោយឆ្លងមេរោគ ២-៤ សប្តាហ៍ នឹងមានលេចឡើងដំបៅតូចមួយនៅលើប្រដាប់ភេទ ឬកន្លែងណាមួយដែលឆ្លងមេរោគ ហើយរោគសញ្ញានឹងបាត់ទៅវិញដោយយឯកឯង។
– ដំណាក់កាលទី២៖ ក្រោយឆ្លងមេរោគ ៦-១២ សប្តាហ៍ រោគសញ្ញានឹងលេចឡើង ដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសន្លាក់ បាត់បង់ចំណង់អាហារ ឡើងកន្ទួលរមាស់ មានលើលិង្គ ទ្វារមាស មាត់ បាតដៃ និងបាតជើង។ ករណីខ្លះ អាចមានឈឺក ហើមក្រពេញទឹករងៃ (ពិសេសនៅក្លៀក ក្រលៀន និងក) និងអស់កម្លាំងខ្លាំង។ រោគសញ្ញាទាំងនេះ អាចនឹងមានប្រមាណជា ១ ឆ្នាំ ហើយបាត់ទៅវិញដោយឯកឯង។
– ដំណាក់កាលទី៣៖ រោគសញ្ញានឹងលេចឡើងមកវិញ ចន្លោះពី ១០-៤០ ឆ្នាំក្រោយឆ្លងមេរោគ ដោយរោគសញ្ញាធ្ងន់ធ្ងរ ប៉ះពាល់ខួរក្បាល បេះដូង មានបញ្ហាចងចាំ ពិការ និងរាងកាយគ្មានលំនឹង។
ដោយសារមេរោគស្វាយ មិនធន់នឹងបរិយាកាសខាងក្រៅ ហេតុនេះករណីប្រើបង្គន់រួម អាងត្រាំទឹក អាងហែលទឹក ស្លៀកពាក់ ឬប្រើប្រាស់របស់របររួមគ្នា មិនឆ្លងនោះទេ។
ស្រីៗកំពុងពពោះ អាចចម្លងជំងឺនេះទៅកាន់កូនក្នុងផ្ទៃបាន ហេតុនេះទើបគ្រូពេទ្យត្រូវការពិនិត្យរកជំងឺនេះ មុនសម្រាលលើកដំបូង។ ការពិនិត្យអាចធ្វើឡើងនៅត្រីមាសទី៣ និងមុនពេលសម្រាល។ គភ៌អាចប្រឈមហានិភ័យស្លាប់ក្នុងពោះ និងស្លាប់អំឡុងឆ្នាំដំបូងក្រោយសម្រាល បើម៉ាក់ៗមានជំងឺនេះ។ ក្នុងករណីកូននៅរស់ និងលូតលាស់ធម្មតាក្តី នៅតែទាមទារការព្យាបាលជាចាំបាច់ ចៀសវាងផលលំបាកទៅថ្ងៃក្រោយ។
អត្ថបទពាក់ព័ន្ធ៖
យើងអាចការពារខ្លួន ដោយមិនត្រូវរួមភេទជាមួយដៃគូមានជំងឺនេះជាដាច់ខាត ហើយបើសង្ស័យ គួរការពារតាមរយៈស្រោមអនាម័យឲ្យបានត្រឹមត្រូវជានិច្ច។
យ៉ាងណា កន្លែងស្រោមអនាម័យមិនអាចការពារបាន នៅតែអាចមានហានិភ័យឆ្លងដដែល។ បែបនេះ គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈវិធីការពារមានប្រសិទ្ធភាពបំផុត ត្រូវចៀសវាងការរួមភេទជាមួយដៃគូមានជំងឺនេះ និងមានដៃគូរួមភេទមួយទល់នឹងមួយដែលមិនមានផ្ទុកមេរោគ។
ជំងឺស្វាយ អាចជាសះស្បើយ បើសិនជាធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា។ សម្រាប់អ្នកកើតជំងឺនេះ ក្រោមមួយឆ្នាំ ត្រូវលេបថ្នាំ Penicillin មួយគ្រាប់ជាការស្រេច តែបើសិនមានប្រតិកម្មជាមួយថ្នាំនេះ អាចប្រើថ្នាំផ្សេងជំនួសបាន ដូចជា Tetracycline ថ្នាំ Doxycycline ឬថ្នាំផ្សះផ្សេងទៀត។
បើមិនរួសរាន់ព្យាបាល ច្បាស់ជាត្រូវលេបថ្នាំកាន់តែច្រើន ខណៈអំឡុងពេលកំពុងព្យាបាល មិនត្រូវរួមភេទជាដាច់ខាត។ បើកើតស្វាយ គួរនាំដៃគូទៅពិនិត្យ និងព្យាបាលរួមគ្នាតែម្តង។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕