គន្លឹះទាំង៤ បញ្ចៀសបញ្ហាប្រព័ន្ធរំលាយអាហារ នៅវ័យចំណាស់
កត្តាថ្នាំ ភាពអសកម្ម បែបបទនៃការរស់នៅ ឬរបបអាហារសុទ្ធតែជះឥទ្ធិពលដល់បញ្ហារំលាយអាហារ ជាពិសេស នៅពេលដែលយើងមានវ័យកាន់តែចាស់។ ពិតណាស់ ទម្លាប់ញ៉ាំអាហាររបស់យើងអាចនឹងផ្លាស់ប្ដូរ ហើយការញ៉ាំរបបអាហារដែលគ្មានតុល្យភាព នឹងធ្វើឲ្យយើងជួបបញ្ហាកង្វះជាតិដែក វីតាមីនB12 និងវីតាមីនដទៃទៀត ដែលជាលទ្ធផល យើងអាចនឹងមានបញ្ហាប្រព័ន្ធរំលាយអាហារ។ យ៉ាងណាមិញ យើងអាចអនុវត្តវិធីសាស្ត្រទាំង៥នេះ ដើម្បីពង្រឹងប្រព័ន្ធរំលាយអាហារប្រកបដោយប្រសិទ្ធភាព។ ១. របបអាហារសុខភាព បញ្ចូលអាហារជាតិសរសៃ រួមទាំងបន្លែឆៅ ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងមូល កាត់បន្ថយការញ៉ាំប្រៃ ជៀសវាងញ៉ាំនំប៉័ង ដំឡូងបារាំងបំពងញឹកញាប់ ញ៉ាំទឹក ឬភេសជ្ជៈដែលគ្មានជាតិកាហ្វេអ៊ីន និងគ្មានជាតិអាកុល ញ៉ាំវីតាមីនចម្រុះក្នុងអាហារដូចជាសណ្ដែក ត្រី និងសាច់ដែលគ្មានខ្លាញ់ ២. ជៀសវាងញ៉ាំអាហារធ្វើឲ្យក្រហាយទ្រូង ឬចាល់អាស៊ីដ ជាមួយគ្នានេះដែរ ពពួកគ្រឿងស្រវឹង ជាពិសេសស្រាក្រហម អាហារហឹរ ម្រេចខ្មៅ សូកូឡា ឬផ្លែក្រូចអាចធ្វើឲ្យបញ្ហាក្រពះរបស់យើងកាន់តែយ៉ាប់យ៉ឺន។ ដូច្នេះហើយ យើងគប្បីកាត់បន្ថយ ឬជៀសវាងញ៉ាំអាហារទាំងនេះ ទើបជាការប្រសើរ។ ៣. បញ្ចូលពពួកអាហារមានProbiotic Probiotic ជាពពួកបាក់តេរីល្អ ដែលអាចផ្ដល់គុណប្រយោជន៍ដល់រាងកាយ និងសុខភាពខួរក្បាល។ លើសពីនេះ វាក៏អាចជួយពង្រឹងប្រព័ន្ធរំលាយអាហារ កាត់បន្ថយជំងឺបាក់ទឹកចិត្ត និងជួយឲ្យសុខភាពបេះដូងកាន់តែប្រសើរឡើង។ ពពួកអាហារដែលសំបូរទៅដោយProbioticមានដូចជា ទឹកដោះគោជូរ គីមឈី និងអាហារជ្រក់។ ៤. ធ្វើលំហាត់ប្រាណជាប្រចាំ ការធ្វើលំហាត់ប្រាណ ក៏ដូចជាបញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើនមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព ហើយវាក៏អាចបញ្ចៀសបញ្ហាទល់លាមកផងដែរ។ ហេតុនេះហើយ យើងគប្បីធ្វើលំហាត់ប្រាណឲ្យបានយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្ដាហ៍។