ការមករដូវរបស់ស្រីៗគឺខុសគ្នាពីម្នាក់ទៅម្នាក់។ អ្នកខ្លះមករដូវតិច នាក់ខ្លះមករដូវធម្មតា ឯអ្នកខ្លះទៀតក៏មករដូវច្រើន។ តើយើងធ្វើម៉េចដឹងថា មករដូវតិច ធម្មតា ឬច្រើន? ហើយមកច្រើនប៉ុណ្ណាទើបគួរឱ្យបារម្ភ?
រយៈពេលមករដូវរបស់ស្រីៗអាចមានចាប់ពី ២-៧ ថ្ងៃ ហើយជាធម្មតាអាចធ្លាក់ឈាមពី ១០-៨០ មីល្លីលីត្រដែលប្រហាក់ប្រហែលនឹង ១-៦ ស្លាបព្រាបាយ។ ការមករដូវធម្មតាគឺការធ្លាក់ឈាមពី ៣០-៤០ មីល្លីលីត្រ តែបើយើងធ្លាក់ឈាមចាប់ពី ៦០-៨០ មីល្លីលីត្រមានន័យថា យើងមករដូវច្រើនហើយ។
ជាធម្មតា សំឡីអនាម័យមួយបន្ទះអាចផ្ទុកឈាមរដូវបាន ៥ មីល្លីលីត្រ អ៊ីចឹងបើយើងមករដូវធម្មតា ក្នុងមួយខែយើងអាចប្រើសំឡីអនាម័យអស់ប្រហែល ៦-៨ បន្ទះ។
ប្រសិនបើយើងមានអាកាៈដូចខាងក្រោមមានន័យថា យើងមករដូវច្រើនហើយ៖
- មករដូវលើសពី ៨ ថ្ងៃ
- មករដូវច្រើនដោយត្រូវប្តូរសំឡីអនាម័យរៀងរាល់ម៉ោង ហើយច្រើនម៉ោងជាប់ៗគ្នា
- ត្រូវប្តូរសំឡីអនាម័យនៅពេលយប់
- ធ្លាក់កំណកឈាមធំៗ
- រមួលក្រពើ និងឈឺចាប់ផ្នែកខាងក្រោមពោះ
- ស្លេកស្លាំង អស់កម្លាំង និងថប់ដង្ហើម
ការមករដូវច្រើនអាចបណ្តាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា៖
១. អតុល្យភាពអ័រម៉ូន
នៅពេលអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនអតុល្យភាព ស្រទាប់ស្បូនរបស់យើងនឹងឡើងកម្រាស់ក្រាស់ជាងធម្មតាដែលធ្វើឱ្យមានការធ្លាក់ឈាមរដូវច្រើន។
អ័រម៉ូនទាំងពីរអាចអតុល្យភាពដោយសារបញ្ហាសុខភាពដូចជា ការមានគីសច្រើនលើក្រពេញអូវែ (PCOS) ភាពធាត់ ភាពធន់នឹងអាំងស៊ុយលីន និងការមានបញ្ហាក្រពេញទីរ៉ូអ៊ីត។
[embed-health-tool-due-date]
២. ការមានដុំសាច់ស្លូតក្នុងស្បូន
ការមានដុំសាច់ស្លូតក្នុងស្បូនដូចជា Polyps, Fibroids, និង Adenomyosis ក៏ធ្វើឱ្យយើងធ្លាក់ឈាមរដូវច្រើនដែរ។
៣. ការមានដុំសាច់មហារីកក្នុងស្បូន
ការមានលក្ខខណ្ឌជិតកើតមហារីកស្បូនដូចជា ការមានស្រទាប់ស្បូនក្រាស់ខុសធម្មតា ឬការកើតមហារីកស្បូន និងមហារីកមាត់ស្បូនជាដើមមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាពបន្តពូជទេ ថែមទាំងបណ្តាលឱ្យយើងធ្លាក់ឈាមរដូវច្រើនទៀតផង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៤. ឆ្លងជំងឺកាមរោគ
ការឆ្លងជំងឺកាមរោគ (STIs) ដូចជា ជំងឺទ្រីកូម៉ូណាស ប្រមេះទឹកបាយ ប្រមេះទឹកថ្លា និងការរលាកស្រទាប់ស្បូនរុំារ៉ៃក៏អាចបណ្តាលឱ្យយើងមានការធ្លាក់ឈាមរដូវច្រើនដែរ។
៥. មានជំងឺប្រចាំកាយ
ការធ្លាក់ឈាមរដូវច្រើនក៏អាចបណ្តាលមកពីជំងឺប្រចាំកាយដូចជាជំងឺ Von Willebrand (ជំងឺហូរឈាមខ្លាំងដោយសារខ្វះប្រូតេអ៊ីនក្នុងឈាម) ថ្លើម តម្រងនោម រលាកអាងត្រគាក (PID) មហារីកឈាម ឬខ្វះផ្លាកែតក្នុងឈាម។
៦. ការប្រើប្រាស់ថ្នាំមួយចំនួន
ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះឈាម អាស្ពីរីន ជំនួយអ័រម៉ូន ព្យាបាលមហារីកសុដន់ ឬប្រឆាំងនឹងការរលាកជាដើមក៏អាចបណ្តាលឱ្យយើងធ្លាក់ឈាមរដូវច្រើនដែរ។
៧. អូវែមិនបញ្ចេញមេជីវិតញី
នៅពេលអូវែមិនបញ្ចេញមេជីវិតញី យើងអាចអាក់រដូវ ឬមករដូវមិនទៀងដែលបណ្តាលឱ្យស្រទាប់ស្បូនឡើងក្រាស់ខុសធម្មតា រួចបង្កឱ្យធ្លាក់ឈាមរដូវច្រើន។
ប្រសិនបើយើងមករដូវច្រើន ហើយមានអាការៈណាមួយដូចបានរៀបរាប់ខាងលើ យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីដើម្បីរកមូលហេតុបង្ក។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
ចំណុចសំខាន់
- អតុល្យភាពអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនដែលបណ្តាលឱ្យស្រទាប់ស្បូនឡើងក្រាស់
- មានដុំសាច់ស្លូតក្នុងស្បូនដូចជា Polyps, Fibroids, និង Adenomyosis
- មានដុំសាច់មហារីកក្នុងស្បូន ឬនៅមាត់ស្បូន
- ឆ្លងជំងឺកាមរោគដូចជា ជំងឺទ្រីកូម៉ូណាស ប្រមេះទឹកបាយ ប្រមេះទឹកថ្លា និងការរលាកស្រទាប់ស្បូនរុំារ៉ៃ
- មានជំងឺប្រចាំកាយដូចជាជំងឺ Von Willebrand តម្រងនោម ថ្លើម រលាកអាងត្រគាក មហារីកឈាម ឬខ្វះផ្លាកែតក្នុងឈាម
- ប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះឈាម អាស្ពីរីន ថ្នាំជំនួយអ័រម៉ូន ថ្នាំព្យាបាលមហារីកសុដន់ ថ្នាំប្រឆាំងនឹងការរលាកជាដើម
- អូវែមិនបញ្ចេញមេជីវិតញីដែលធ្វើឱ្យស្រទាប់ស្បូនឡើងក្រាស់ខុសធម្មតា