ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
១- ថយចុះចំណង់ផ្លូវភេទជាអ្វី?
ថយចុះចំណង់ផ្លូវភេទ ជាបញ្ហាទូទៅអាចកើតមានលើមនុស្សប្រុសម្នាក់ក្នុងចំណោម ៥នាក់ ប៉ុន្តែបញ្ហាទាំងនេះក៏កើតមានលើស្រីៗដូចគ្នា អាចជួបប្រទះគ្រប់ដំណាក់កាលណាមួយក្នុងជីវិតយើង។ ជារឿយៗ ទាក់ទងភាពតានតឹងពីការងារ បញ្ហាផ្ទាល់ខ្លួន ឬមានការផ្លាស់ប្តូរអ្វីមួយសំខាន់ក្នុងជីរិត ដូចជាមានផ្ទៃពោះ សម្រាលបេប៊ី ឬបំបៅដោះអូនៗជាដើម។
យ៉ាងណា បាត់បង់ចំណង់ផ្លូវភេទពុំបានរំពឹងទុក ពិសេសនៅពេលយើងមានកើតរយៈពេលយូរ ឬមានបាត់ៗ អាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន ថ្នាំ ឬរបៀបរស់នៅធ្វើឲ្យប៉ះពាល់ជីវិតផ្លូវភេទតែម្តង។
បើបារម្ភថាចំណង់ផ្លូវភេទយើងថយចុះ ពិសេសពេលរួមភេទធ្វើឲ្យយើងឈឺចាប់ ឬប៉ះពាល់ទំនាក់ទំនងជាមួយដៃគូ គប្បីជួបគ្រូពេទ្យ ពិភាក្សារកមូលហេតុ និងវិធីព្យាបាលដោយប្រើថ្នាំ ឬព្យាបាលតាមផ្លូវចិត្តក៏បាន។
២- កើតឡើងញឹកញាប់ដែរទេ?
បញ្ហានេះភាគច្រើនកើតចំពោះទាំងបុរស និងស្ត្រី មានអាយុលើស ៦០ឆ្នាំ។ យ៉ាងណាមិញ បញ្ហាគឺអាចព្យាបាលបាន ដោយកាត់បន្ថយកត្តាហានិភ័យមួយចំនូន។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ព័ត៌មានបន្ថែម។
៣- រោគសញ្ញាបញ្ហាមានអ្វីខ្លះ?
រោគសញ្ញាថយចុះចំណង់ផ្លូវភេទអាចមានច្រើន ប៉ុន្តែរោគសញ្ញាឧស្សាហ៍ជួបប្រទះមានដូចជា៖
– អាអូនមិនឡើងរឹង (ប្រុសៗ)
– ទឹកកាមតិច
– ជ្រុះសក់
– ហត់ និងអស់កម្លាំង
– សាច់ដុំចុះខ្សោយ
– អារម្មណ៍ផ្លាស់ប្តូរ
– ថយចុះម៉ាស់ឆ្អឹង។
៤- ពេលណាគួរទៅជួបពេទ្យ?
ធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលអាចជួយទប់ស្កាត់បញ្ហាកុំឲ្យធ្ងន់ធ្ងរខ្លាំង ក៏ដូចជាបង្ការកុំឲ្យមានគ្រោះថ្នាក់ផ្សេងទៀត ហេតុនេះពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់តាមអាចធ្វើបាន ដើម្បីការពារស្ថានភាពធ្ងន់ធ្ងរកុំឲ្យកើតមានឡើង។
ប្រសិនបើមានរោគសញ្ញាណាមួយបានរៀបរាប់ខាងលើ ឬមានជាសំនួរសូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតពីព្រោះរាងកាយមនុស្សម្នាក់ៗធ្វើការខុសគ្នា។ ល្អបំផុតពិភាក្សាជាមួយគ្រូពេទ្យដើម្បីស្វែងរកដំណោះស្រាយដ៏ល្អមួយ។
៥- អ្វីខ្លះជាមូលហេតុបង្ក?
ករណីខ្លះអាចបណ្តាលមកពីកត្តារាងកាយ និងខ្លះទៀតបណ្តាលមកពីកត្តាផ្លូវចិត្ត ហើយអាចដោយសារតែមូលហេតុទាំងពីរទាំងម្តង។
កត្តារាងកាយ អាចធ្វើឲ្យថយចុះនូវចំណង់ផ្លូវភេទ រួមមាន ថយចុះអ័រម៉ូនតេស្តូស្តេរ៉ុន និងកត្តាថ្នាំប្រើប្រាស់ ហាត់ប្រាណតិចពេក ឬច្រើនពេក និងផឹកគ្រឿងស្រវឹង ឬប្រើគ្រឿងញៀន។ កត្តាផ្លូវចិត្ត ដូចជា បាក់ទឹកចិត្ត តានតឹង និងបញ្ហាទំនាក់ទំនងជាមួយដៃគូ។
៤នាក់ ក្នុងចំណោមមនុស្សប្រុស ១០នាក់ មានអាយុលើស ៤៥ឆ្នាំ គឺមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាប។ ទោះបីការព្យាបាលបញ្ចូលអ័រម៉ូនតេស្តូស្តេរ៉ុន មានភាពចម្រូងចម្រាសក៏ពិតមែន តែជាដំណោះស្រាយគេនិយមបំផុត។
ករណីប្រើថ្នាំមួយចំនួន ធ្វើឲ្យថយចុះកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន នាំឲ្យមានចំណង់ផ្លូវភេទថយចុះដូចគ្នា ជាក់ស្តែងថ្នាំបញ្ចុះសម្ពាធឈាម ដូចជា ACE Inhibitors និង Beta-Blockers អាចរារាំងការបញ្ជេញទឹកកាម និងការឡើងរឹងរបស់អាអូនតូច។
ថយចុះនូវចំណង់ផ្លូវភេទ មិនមែនកើតឡើងដោយកត្តាតែមួយមុខនោះទេ។ ហេតុនេះពិភាក្សាជាមួយគ្រូពេទ្យ គឺសំខាន់ណាស់បើយើងគិតថាកំពុងមានបញ្ហានេះ។
៦- កត្តាប្រឈមមានអ្វីខ្លះ?
មានកត្តាប្រឈមខ្ពស់ជាច្រើនអាចធ្វើឲ្យថយចុះចំណង់ផ្លូវភេទ ក្នុងករណី៖
– មានជំងឺបាក់ទឹកចិត្ត ធ្វើឲ្យជីវិតទាំងមូលមានការផ្លាស់ប្តូរ។ ជំងឺបាក់ទឹកចិត្ត មានការថយចុះឬ អស់ចំណង់លើសកម្មភាពធ្លាប់ចូលចិត្ត រួមទាំងការរួមភេទ។
– ជំងឺមួយចំនួន ដូចជា មហារីក អាចបន្ថយចំនួនផលិតមេជីវិតឈ្មោល ដោយសាររាងកាយ ទន់ខ្សោយ។
– មានជំងឺគេងមិនដកដង្ហើម ធ្វើឲ្យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ុនទាប ជាហេតុថយចុះសកម្មភាព និងចំណង់ផ្លូវភេទ។
– កម្រិតអ័រម៉ូនតេស្តូស្តេរ៉ុន ទាក់ទងនឹងចំណង់ផ្លូវភេទ គឺខ្ពស់បំផុតនៅពេល ប្រុសៗស្ថិតក្នុងវ័យជំទង់។ ជាធម្មតា ប្រុសៗកត់សម្គាល់ភាពខុសប្លែកចំណង់ផ្លូវភេទ នៅចន្លោះអាយុ ៦០-៦៥ ឆ្នាំ។
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បើគ្រូពេទ្យសង្ស័យយើងមានបញ្ហានេះ គ្រូពេទ្យនឹងពិនិត្យរាងកាយ ក៏ដូចជាធ្វើតេស្តមួយចំនួន ដូចជា តេស្តឈាម ឬតេស្តទឹកកាមជាដើម។
៨- ព្យាបាលដោយវិធីណា?
អាស្រ័យលើមូលហេតុនីមួយៗ ការព្យាបាលអាចមានដូចជា៖
– របៀបរស់នៅប្រកបដោយផាសុខភាព
– ព្យាបាលដោយការបញ្ជូលអ័រម៉ូនតេស្តូស្តេរ៉ុន
– បើថ្នាំកំពុងប្រើ ប៉ះពាល់ចំណង់ផ្លូវភេទ ត្រូវផ្លាស់ប្តូរប្រើថ្នាំថ្មីជំនួសវិញ
– របបអាហារមានជីវជាតិគ្រប់គ្រាន់ ហាត់ប្រាណទៀងទាត់ និងគេងគ្រប់គ្រាន់ កាត់បន្ថយជាតិស្រវឹង និងកាត់បន្ថយអារម្មណ៍តានតឹង។
គ្រូពេទ្យអាចណែនាំការព្យាបាលណាមួយ បើបញ្ហានេះបង្កឡើងដោយជំងឺផ្លូវចិត្ត។ ករណីភាគច្រើន ថយចុះចំណង់ បង្ហាញថាដៃគូយើងត្រូវការភាពស្និតស្នាលជាងនេះ តែមិនមែនសុទ្ធតែ តម្រូវការរឿងលើគ្រែទាំងអស់ទេ។ យើងអាចដោះស្រាយបញ្ហានេះ ដោយនិយាយគ្រូពេទ្យតែម្នាក់ឯង ឬជាមួយដៃគូ តែបើបញ្ហានេះកើតឡើងដោយសារជំងឺបាក់ទឹកចិត្ត ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តអាចជួយបាន។ យ៉ាងណា ថ្នាំមួយចំនួនអាចធ្វើឲ្យមានការថយចុះនូវចំណង់ផ្លូវភេទ។
ចំពោះថ្នាំជំនួយផ្លួវភេទស្របច្បាប់ជាច្រើន អាចរកតាមឱសថស្ថាន ដូចជាពពួកថ្នាំ Cialis ថ្នាំ Levitra និង Viagra សុទ្ធតែជាប្រភេទថ្នាំជំនួយផ្លូវភេទពេញនិយមបំផុត។ ពិតណាស់ ថ្នាំទាំងនេះមិនបានជួយបង្កើនចំណង់ផ្លូវភេទក៏ពិតមែន តែអាចជួយឲ្យអាអូនឡើងរឹងបាន។
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ភ័ស្តុតាងតិចតួចណែនាំឲ្យញ៉ាំអាហារមួយចំនួនអាចជួយប៉ូវចំណង់ផ្លូវភេទឡើងវិញ ដោយមិនបង្កគ្រោះថ្នាក់អ្វីនោះឡើយ។ ឧទាហរណ៍ ផ្លែ Figs (ផ្លែឈើមួយប្រភេទក្នុងទ្វីបអាស៊ី) និងផ្លែប័រ ត្រូវបានគេចាត់ទុកជាអាហារ ជួយជំរុញចំណង់ផ្លូវភេទមានប្រសិទ្ធភាព។ អាហារទាំងនេះ ក៏ផ្តល់វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ជួយបង្កើនលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ និងលើកកម្ពស់សុខភាពផ្លូវភេទផងដែរ។
– មិនពេញចិត្តរាងកាយខ្លួនឯង ប៉ះពាល់ដល់អារម្មណ៍ផ្លួវភេទ ពិសេសពេលរួមភេទតែម្តង។ របបអាហារមិនល្អចំពោះសុខភាព និងមិនហាត់ប្រាណអាចឲ្យធ្វើរូបរាងមិនស្អាត។ ចំណុចទាំងនេះនាំឲ្យយើងមិនសប្បាយ និងមិនពេញចិត្តការរួមភេទក៏ថាបាន។
– មិនថាសុខភាពល្អប៉ុណ្ណាទេ ភាពតានតឹង អាចប៉ះពាល់ដល់ចំណង់ផ្លូវភេទ ពិសេសស្រីៗ ងាយទទួលរងអារម្មណ៍តានតឹងជាងប្រុសៗ។ ចំណែកប្រុសៗ ភាគច្រើនចាត់ទុកការរួមភេទ គឺដើម្បីបន្ថយភាពតានតឹង ហើយជួនកាលវិធីសាស្រ្តរួមភេទមិនត្រឹមត្រូវអាចបណ្តាលឲ្យមានប៉ះទង្គិចផងដែរ។ ដើម្បីបំបាត់ភាពតានតឹង គួរលេងកីឡាហាត់ ថៃជិ ឬយូហ្គាជំនួសវិញ។
សូមពិគ្រោះជាមួយគ្រូពេទ្យឲ្យយល់កាន់តែច្បាស់ពីបញ្ហា និងរកដំណោះស្រាយដ៏ល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕