ត្រួតពិនិត្យដោយ គឹម កាណែល
១- អ្វីជាបញ្ហាអសមត្ថភាពផ្លូវភេទលើស្ត្រី?
បញ្ហាអសមត្ថភាពផ្លូវភេទលើស្ត្រី កើតឡើងហើយ មិនបាត់ទៅវិញនោះទេ ខណៈស្ត្រីតែងជួបបញ្ហាមួយចំនួនទាក់ទងជាមួយនឹងការឆ្លើយតបជាមួយសមត្ថភាពផ្លូវភេទលើគ្រែ ដូចជា បាត់បង់ចំណង់ផ្លូវភេទ មិនអាចឈានដល់កំពូល ឬឈឺចាប់ពេលរួមភេទ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ទំនាក់ទំនងជាមួយដៃគូ។ ស្រីៗជាច្រើន កំពុងជួបប្រទះបញ្ហាអសមត្ថភាពផ្លូវភេទ ខណៈបញ្ហានេះ អាចកើតឡើងនៅលើមនុស្សស្ត្រីគ្រប់វ័យ។ ស្រីៗអាចនឹងជួបបញ្ហានេះជាយូរអង្វែង រាល់ពេលរួមភេទ។
ការឆ្លើយតបជាមួយរឿងលើគ្រែ អាចទាក់ទងជាមួយកត្តាផ្លូវរាងកាយ ផ្លូវអារម្មណ៍ បទពិសោធ ជំនឿចិត្ត ទម្លាប់រស់នៅ និងទំនាក់ទំនងផ្ទាល់ជាមួយដៃគូ។ បើមានបញ្ហាណាមួយកើតឡើងក្នុងចំណោមកត្តាខាងលើ នោះនឹងជះឥទ្ធិពលដល់ចំណង់ផ្លូវភេទ ភាពស្រើបស្រាល និងការឈានដល់កំពូល។ ចំណែក វិធីព្យាបាលវិញ ប្រហែលជាត្រូវប្រើវិធីព្យាបាលជាច្រើនមុខ ដើម្បីដោះស្រាយបញ្ហាមួយនេះ។
២- បញ្ហាអសមត្ថភាពលើស្ត្រីកើតឡើងញឹកញាប់ដែរទេ?
បញ្ហាអសមត្ថភាពផ្លូវភេទលើស្ត្រី ច្រើនកើតលើមនុស្សស្រី មានអាយុលើសពី ៥០ ឆ្នាំឡើងទៅ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីបញ្ហាមួយនេះ។
៣- រោគសញ្ញាអសមត្ថភាពផ្លូវភេទលើស្ត្រីមានអ្វីខ្លះ?
រោគសញ្ញាបញ្ហាអសមត្ថភាពផ្លូវភេទលើស្ត្រី អាចកើតមានឡើង អាស្រ័យទៅតាមប្រភេទបញ្ហាអសមត្ថភាព យើងកំពុងជួបប្រទះ ដូចជា៖
– ចំណង់ផ្លូវភេទធ្លាក់ចុះ៖ នេះជារោគសញ្ញា ឃើញឧស្សាហ៍កើតមានជាងគេបង្អស់ ធ្វើឲ្យស្រីៗគ្មានអារម្មណ៍ចង់រួមភេទ ឬចំណាប់អារម្មណ៍រឿងផ្លូវភេទថយចុះ។
– បញ្ហាមិនស្រើបស្រាល៖ ចំណង់ផ្លូវភេទអាចថយចុះ ប៉ុន្តែក៏អាចមានបញ្ហាពិបាក ដោយសារគ្មានអារម្មណ៍ស្រើបស្រាល ឬមិនអាចមានអារម្មណ៍ត្រេកត្រអាលអំឡុងពេលរួមភេទ។
– បញ្ហាមិនអាចឈានដល់ចំណុចកំពូល៖ ស្រីៗមានបញ្ហាអសមត្ថភាពផ្លូវភេទ ប្រហែលជាពិបាកនឹងឈានដល់កំពូលណាស់ ទោះបីជា ដៃគូខាងប្រុស ប្រើវិធីសាស្ត្រដាស់អារម្មណ៍ត្រេកត្រអាលយ៉ាងណាក៏ដោយ។
– ឈឺចាប់ពេលរួមភេទ៖ អាចមានការឈឺចាប់ពេលរួមភេទ ឬមានអ្វីមួយប៉ះទៅលើទ្វារមាស។
៤- ពេលណាគួរទៅជួបពេទ្យ?
បើស្រីៗកំពុងតែមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់អ្វីមួយ គួរពិភាក្សាជាមួយគ្រូពេទ្យ ព្រោះរាងកាយមនុស្សម្នាក់ៗមានសកម្មភាពខុសៗគ្នា។ ល្អបំផុត ពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អមួយ។
៥- មូលហេតុបង្កឲ្យអសមត្ថភាពផ្លូវភេទលើស្ត្រីមានអ្វីខ្លះ?
មានមូលហេតុមួយចំនួន ជាប់ទាក់ទងបញ្ហាអសត្ថភាពផ្លូវភេទលើស្ត្រី ជាក់ស្តែងដូចជា កើតឡើងនៅពេលអ័រម៉ូនក្នុងខ្លួនមានការប្រែប្រួល ទើបសម្រាលកូនរួច ឬនៅស្ថិតនៅអំឡុងពេលអស់រដូវ។ មានជំងឺមួយចំនួន ក៏អាចជាមូលហេតុដូចគ្នា ដូចជា មហារីក ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជាដើម។ ក្រៅពីនេះ នៅមានកត្តាទាក់ទងផ្សេងទៀត ចូលរួមចំណែកក្នុងបញ្ហាមួយនេះ រួមមាន៖
– កាយសម្បទា៖ បើយើងមានផ្ទុកជំងឺកាន់តែច្រើនមុខ ដូចជា មហារីក ខ្សោយតម្រងនោម ពុកឆ្អឹង ជំងឺបេះដូង និងបញ្ហាទាក់ទងជាមួយប្លោកនោម សុទ្ធតែអាចវិវត្ដទៅរកបញ្ហាអសមត្ថភាពផ្លូវភេទបាន។ មានថ្នាំពេទ្យមួយចំនួន ក៏រួមចំណែកក្នុងបញ្ហានេះដូចគ្នា ដូចជាថ្នាំព្យាបាលជំងឺថប់បារម្ភ ថ្នាំលើសឈាម ថ្នាំប្រឆាំងជាមួយហ៊ីស្តាមីន និងពពួកថ្នាំគីមីជាដើម ដែលអាចធ្វើឲ្យចំណង់ផ្លូវភេទថយចុះ ឬមិនអាចឈានដល់ចំណុចកំពូលបាន។
– កត្តាអ័រម៉ូន៖ នៅពេលអ័រម៉ូនអឺស្ត្រូសែនថយចុះ ក្រោយដល់វ័យអស់រដូវ នឹងធ្វើឲ្យមានបម្រែបម្រួលជាលិកានៅជុំវិញទ្វារមាស និងការឆ្លើយតបរបស់ទ្វារមាសដូចគ្នា។ ពេលអ័រម៉ូនអឺស្ត្រូសែនថយចុះ នឹងធ្វើឲ្យលំហូរឈាមហូរចុះមកកាន់តំបន់ត្រគាកថយចុះដែរ ជាហេតុយើងត្រូវការពេលយូរជាធម្មតា ដើម្បីឈានដល់ចំណុចកំពូល ឬមានសម្រើប ហើយប្រដាប់ភេទ បាត់បង់ទៅវិញភ្លាមៗ។
– កត្តាផ្លូវចិត្ត និងសង្គម៖ បើមាន ជំងឺបាក់ទឹកចិត្ត ឬជំងឺថប់បារម្ភ ហើយព្យាបាលឲ្យបានត្រឹមត្រូវ ស្ត្រេសរយៈពេលយូរ ឬមានប្រវត្ដិធ្លាប់ទទួលរងការបៀតបៀនផ្លូវភេទ អាចក្លាយជាមូលហេតុ ឬជាកត្តាបង្កបញ្ហាអសមត្ថភាពផ្លូវភេទ។ បញ្ហាបារម្ភខ្លាចមានផ្ទៃពោះ ឬមានបំណងចង់បានកូនខ្លាំង ក៏មានផលប៉ះពាល់ស្រដៀងគ្នានេះដែរ។
៦- កត្តាប្រឈមអសមត្ថភាពផ្លូវភេទលើស្ត្រីមានអ្វីខ្លះ?
មានកត្តាមួយចំនួន នាំឲ្យប្រឈមកាន់តែខ្ពស់ជាមួយបញ្ហាអសមត្ថភាពផ្លូវភេទលើស្ត្រី ដូចជា៖
– ជំងឺថប់បារម្ភ ឬ ជំងឺបាក់ទឹកចិត្ត
– ជំងឺបេះដូង ឬជំងឺសរសៃឈាមបេះដូង
– មានបញ្ហាទាក់ទងជាមួយប្រព័ន្ធប្រសាទ ដូចជា មានប៉ះទង្គិចទៅលើឆ្អឹងកងខ្នង
– មានបញ្ហាខ្សោយថ្លើម ឬខ្សោយតម្រងនោម
– មានប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំព្យាបាលជំងឺថប់បារម្ភ ឬថ្នាំលើសឈាម
– មានបញ្ហាស្រ្តេស ឬស្មារតី ជាពិសេសទាក់ទងជាមួយបញ្ហាទំនាក់ទំនងគូស្នេហ៍
– ធ្លាប់មានប្រវត្ដិរងការបៀតបៀនផ្លូវភេទ។
អត្ថបទពាក់ព័ន្ធ៖
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បើគ្រូពេទ្យសង្ស័យថា យើងកំពុងកើតមានបញ្ហាអសមត្ថភាពផ្លូវភេទ ពេទ្យនឹងធ្វើពិនិត្យលើរាយកាយយើង ក៏ដូចជា បូមឈាមពិនិត្យមើលបញ្ហា។ គួរពិភាក្សាពីរឿងផ្លូវភេទ និងបញ្ហាសុខភាពយើងធ្លាប់មាន ជាមួយគ្រូពេទ្យ។ ពេលខ្លះប្រហែលជាមិនងាយស្រួលក្នុងការពិភាក្សាពីរឿងផ្ទាល់ខ្លួនបែបនេះទេ ប៉ុន្តែត្រូវចាំថា បើអាចនិយាយបញ្ហាផ្លូវភេទទាំងពីមុន និងបញ្ហាកំពុងកើតឡើង បានកាន់តែច្រើន នោះយើងអាចទទួលបានការព្យាបាលកាន់តែមានប្រសិទ្ធភាព។ ដូចនេះ នៅពេលគ្រូពេទ្យកំពុងពិនិត្យតំបន់ត្រគាក ពេទ្យនឹងពិនិត្យរកបម្រែបម្រួលរាងកាយដែលធ្វើឲ្យប៉ះពាល់ភាពស្រើបស្រាលរឿងរួមភេទ ក៏ដូចជាពិនិត្យមើលថាតើជាលិកាទ្វារមាសស្ដើងដល់កម្រិតណា តើស្បែកនៅមានភាពយឺតប៉ុនណា ហើយមានស្លាកស្នាម ឬឈឺចាប់អំឡុងពេលរួមភេទដែរឬទេ។ ពេទ្យក៏អាចបញ្ជូនយើងទៅជួបជាមួយគ្រូពេទ្យឯកទេសខាងផ្លូវភេទ។
៨- ព្យាបាលដោយវិធីណា?
ក្នុងករណីបញ្ហាមិនបានរំខានដល់យើង នោះក៏មិនចាំបាច់ទទួលការព្យាបាលដែរ ដោយសារបញ្ហាអសមត្ថភាពផ្លូវភេទ អាចមានរោគសញ្ញា និងមូលហេតុជាច្រើន ការព្យាបាល ក៏មានច្រើនរបៀបទៅតាមហ្នឹងដូចគ្នា។ ដូចនេះ ជារឿងសំខាន់ ត្រូវស្វែងយល់ពីខ្លួនយើង ដឹងថាវាមានភាពមិនប្រក្រតីអ្វីខ្លះកំពុងតែកើតឡើង ពិតជាប៉ះពាល់ដល់ការរស់នៅដែរឬទេ។
ស្រីៗមានកង្វល់ជុំវិញបញ្ហាផ្លូវភេទ ច្រើនទទួលបានប្រសិទ្ធភាពច្រើន ក្នុងការព្យាបាលបញ្ចូលគ្នា ដោយប្រើថ្នាំ និងដោះស្រាយបញ្ហាទំនាក់ទំនង ក៏ដូចជាបញ្ហាអារម្មណ៍កំពុងតែជួបប្រទះ។
ព្យាបាលមិនប្រើថ្នាំ
ដើម្បីព្យាបាលបញ្ហាអសមត្ថភាពលើស្ត្រីបាន គ្រូពេទ្យត្រូវណែនាំឲ្យយើងសាកល្បងវិធីដូចខាងក្រោយជាមុន៖
– ការនិយាយ និងការស្ដាប់៖ ត្រូវនិយាយជាមួយដៃគូឲ្យបានច្រើន ដើម្បីធ្វើឲ្យយើងទទួលបានអ្វីយើងចង់បាន ចំពោះរឿងផ្លូវភេទ។
– សាកល្បងទម្លាប់រស់នៅផាសុកភាព៖ ការផឹកគ្រឿងស្រវឹងច្រើនពេក អាចធ្វើឲ្យយើងមិនអាចគ្រប់គ្រងអារម្មណ៍ផ្លូវភេទបានល្អ។
– ស្វែងរកអ្នកប្រឹក្សា៖ អាចនិយាយទៅកាន់អ្នកប្រឹក្សា ឬគ្រូពេទ្យជំនាញផ្នែកផ្លូវភេទ និងបញ្ហាទំនាក់ទំនងក្នុងគ្រួសារបាន។
– ប្រើទឹករំអិល៖ ទឹករំអិលសម្រាប់ទ្វារមាស អាចមានប្រសិទ្ធភាពខ្ពស់នៅអំឡុងពេលរួមភេទ។ បើទ្វារមាសស្ងួតខ្លាំង ឬមានការឈឺចាប់ពេលយើងរួមភេទ គួរប្រើទឹករំអិលជាជំនួយ។
– សាកល្បងប្រើឧបការណ៍ជំនួយផ្លូវភេទ៖ ភាពស្រើបស្រាល ប្រហែលជាអាចកើតឡើង នៅពេលមានការភ្ញោចត្រង់តំបន់គ្លីតូរីស។
ព្យាបាលដោយប្រើថ្នាំ
ដើម្បីព្យាបាលបញ្ហាអសមត្ថភាពផ្លូវភេទលើស្ត្រី ដោយប្រើវិធីវេជ្ជសាស្ត្រ យើងត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យដូចខាងក្រោម៖
– ត្រូវកំណត់កម្រិតថ្នាំ ឬប្តូរថ្នាំដែលបង្កឲ្យមានផលរំខាន
– ត្រូវព្យាបាលក្រពេញទីរ៉ូអ៊ីត ឬបញ្ហាអ័រម៉ូននៅកន្លែងផ្សេង
– ត្រួតពិនិត្យការព្យាបាលជំងឺបាក់ទឹកចិត្ត ឬជំងឺថប់បារម្ភ
– ប្រើវិធីជួយកាត់បន្ថយការឈឺចាប់ក្នុងអាងត្រគាក និងការឈឺចាប់នៅតំបន់ផ្សេងទៀត។
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– មិនត្រូវផឹកគ្រឿងស្រវឹងច្រើនពេក
– ហាមជក់បារី
– ហាត់ប្រាណឲ្យបានច្រើន
– មានពេលលំហែ និងសម្រាកឲ្យបានច្រើន រកវិធីកាត់បន្ថយស្ត្រេស និងទុកពេលលំហែសម្រាប់ខ្លួនឯង ដើម្បីបំបាត់ស្រ្តេសចេញពីជីវិតរស់នៅប្រចាំថ្ងៃ។
បើមានចម្ងល់ជុំវិញបញ្ហាមួយនេះ សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានព័ត៌មានបន្ថែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល