កូនក្មេងទើបកើត ស្បែកក៏នៅខ្ចី ស្តើង ឆ្អឹងក៏ខ្ចី ឯប្រព័ន្ធភាពស៊ាំក៏ខ្សោយ តម្រូវឲ្យម៉ាក់ប៉ាយកចិត្តទុកដាក់ថែទាំឲ្យបានដិតដល់ នោះទើបលូតលាស់បានល្អ មិនសូវមានបញ្ហាសុខភាព។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
កូនក្មេងទើបកើត ស្បែកក៏នៅខ្ចី ស្តើង ឆ្អឹងក៏ខ្ចី ឯប្រព័ន្ធភាពស៊ាំក៏ខ្សោយ តម្រូវឲ្យម៉ាក់ប៉ាយកចិត្តទុកដាក់ថែទាំឲ្យបានដិតដល់ នោះទើបលូតលាស់បានល្អ មិនសូវមានបញ្ហាសុខភាព។
ខាងក្រោមនេះរឿងមួយចំនួន ដែលម៉ាក់ប៉ាមិនត្រូវធ្វើដាក់កូនតូចនោះទេ ព្រោះអាចនឹងប៉ះពាល់ដល់សុខភាព និងរាងកាយ។
១- ហាមឲ្យកូនគេងផ្ងារ
បន្ទាប់ពីកើតភ្លាម គ្រូពេទ្យបានណែនាំឲ្យម៉ាក់ៗដាក់កូនគេងផ្អៀងទៅឆ្វេង ឬខាងស្តាំ មិនឲ្យអូនតូច គេងផ្ងារនោះទេ។ ការឲ្យកូនគេងផ្អៀង ដើម្បីទម្លាក់ទឹកព្រៃដែលនៅសេសសល់តាមច្រមុះ ឬមាត់ឲ្យអស់ មិនឲ្យឈ្លក់ និងចូល សួត។
២- ហាមឲ្យកូនញ៉ាំទឹក
កូនកើតមកភ្លាម រហូតដល់អាយុ ៦ខែ យើងមិនត្រូវឲ្យកូនញ៉ាំទឹកនោះទេ។ ម៉ាក់ៗត្រូវឲ្យកូនម៉ឹមតែ ទឹកដោះមួយមុខគត់ គ្រប់គ្រាន់ហើយ ព្រោះទឹកដោះម៉ាក់ៗសម្បូរជាតិទឹក។
អត្ថបទពាក់ព័ន្ធ៖ ស្រាយចម្ងល់រឿងមិនឲ្យអាអូនអាយុក្រោម ៦ ខែ ញ៉ាំទឹក
៣- ហាមបន្តក់ទឹកដោះលើភ្នែកកូន
ម៉ាក់ៗដែលកើតកូនតាមធម្មជាតិ អាអូនមានបញ្ហាភ្នែកច្រើនជាងសម្រាលដោយវះកាត់ តែទោះយ៉ាងណា យើងមិនត្រូវបន្តក់ទឹកដោះលើភ្នែកកូននោះទេ ព្រោះរឹតតែធ្វើឲ្យភ្នែកស្អិត ហើម និងរលាកភ្នែក។ ភ្នែកកូនតូចឈឺ គ្រូពេទ្យបានណែនាំឲ្យបន្តក់សេរ៉ូមប្រៃ។
អត្ថបទពាក់ព័ន្ធ៖ ភ្នែកប៊េបីងាយមានបញ្ហាណាស់ ម៉ាក់ៗត្រូវប្រយ័ត្ន ចៀសបញ្ហាទាំងនេះ
៤- ហាមរោយម្សៅលើផ្ចិតកូន
ក្រោយចេញពីពេទ្យ ម៉ាក់ប៉ាត្រូវថែទាំផ្ចិតកូនឲ្យបានល្អ ដើម្បីបង្ការការឆ្លងរោគ ដោយធ្វើអនាម័យ និងលាងសម្អាតផ្ចិតកូនជាមួយអាល់កុល និងថ្នាំមេតាឌីន មិនត្រូវយកដីដំបូក សំបុកពីពាង-ឆ្កែញ៉ាំង ផេះ ម្សៅហុយមកបិទ ឬរោយពីលើផ្ចិតនោះទេ។ ផ្ចិតកូនក្មេងនឹងក្រៀមជ្រុះដោយឯកឯងក្នុងអំឡុង ៥-១៥ ថ្ងៃក្រោយសម្រាល។
៥- ហាមលាបប្រេងកូឡាលើបង្ហើយកូន
ចាស់ៗតែងលាបប្រេងកូឡានៅបង្ហើយកូនង៉ែត ដើម្បីឲ្យបង្ហើយឆាប់រឹង មិនផើតផត។ ជំនឿបែបនេះមិនត្រឹមត្រូវឡើយ ហើយថែមទាំងបង្កផលប៉ះពាល់ដល់ខួរក្បាលកូន និងមានអាចម៍ក្របីលើក្បាល។
៦- ហាមឲ្យកូនគេងតែមួយទម្រង់
កូនទើបនឹងកើតឆ្អឹងលលាដ៍ក្បាលនៅខ្ចីខ្លាំងណាស់ ដូច្នេះយើងមិនត្រូវឲ្យកូនគេងផ្អៀង ឬផ្ងារ រហូតទេ ត្រូវផ្លាស់ប្តូរទម្រង់នៃការគេង ម្តងឲ្យកូនគេងផ្អៀងទៅស្តាំ ម្តងគេងទៅស្តាំ ឬផ្ងារ។ ធ្វើបែបទើបទម្រង់ក្បាលកូនល្អ មិនសំប៉ែត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕