បើ​ម៉ាក់​ឈឺ អត់​ស្រួល​ខ្លួន​ ​បំបៅ​ដោះ​កូន ប៉ះពាល់​កូន​អត់?

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

គ្នា​យើង​ដឹង​ច្បាស់​ហើយ​ថា ទឹកដោះ​ម្ដាយ​ល្អ​មាន​សារធាតុ​ចិញ្ចឹម និង​ប្រយោជន៍​ដល់​កូន​ណាស់។ ប៉ុន្តែ​បើ​ម៉ាក់ៗ​ឈឺ អត់​ស្រួល​ខ្លួន តើ​អាច​បង្ក​បញ្ហា​ដល់​កូន​កំពុង​បៅ​ដែរ​អត់? ស្ដាប់ “Hello គ្រូពេទ្យ” បក​ស្រាយ​ខាង​ក្រោម៖

១- ម្ដាយគួរបំបៅដោះកូនពេលកំពុងឈឺអត់?
ស្ទើរ​គ្រប់​កាលៈទេសៈ​ទាំងអស់ ម្ដាយ​អាច​បំបៅ​កូន​បាន ទោះអត់សូវ​ស្រួល​ខ្លួន​ក៏​ដោយ។ ពេលក្អក​​ ម៉ាក់ៗប្រាកដជាបារម្ភ​ខ្លាច​ឆ្លងដល់​​កូន ​មិន​ហ៊ាន​ឲ្យកូន​បៅ​ទេ។​

ការ​ពិត មិន​គួរ​​ផ្អាក​​បំបៅ​​កូន​ទេ​ ព្រោះ​រាងកាយ​​ម៉ាក់ៗ​បាន​បង្កើត​​អង់ទីករ​​ការពារ​មេរោគ​រួចហើយ ក្នុង​អំឡុង​​ពេល​ ២៤ ម៉ោង​​ដំបូង​ក្រោយ​ឆ្លង​មេរោគ។ ​គ្រាន់​តែ​ថា ក្នុង​ពេល ២៤ ម៉ោង​ដំបូង ម៉ាក់ៗ​មិន​មាន​រោគ​សញ្ញា​ឈឺ​អី​ទាំងអស់​ប៉ុណ្ណោះ។ អង់ទីករ​ទាំង​នោះ អាច​បន្ត​រស់​នៅ​ក្នុង​រាង​កាយ​ម៉ាក់​​បាន​រយៈ​ពេល​​ពី​ ៤-៥ថ្ងៃ។​

ដោយសារ​រាងកាយ​ម៉ាក់ៗ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​មេរោគ​​ ម៉ាក់​បាន​បញ្ជូន​អង់ទីករ​ការពារ​ទៅ​កូន​តាម​ទឹកដោះ​រួច​ទៅ​ហើយ ដើម្បី​ការពារ​កូន ពេល​បៅ​ដោះ។

ពេល​​កណ្ដាស់​ ផ្ដាសាយ​ គ្រុនក្ដៅ ឬ​មាន​មេរោគ​ធ្វើ​ឲ្យ​រលាក​ក្រពះ ពោះវៀន គ្នា​យើង​ស្រីៗ​នៅ​តែ​អាច​បំបៅ​ដោះកូន​ដដែល។ ដើម្បីជា​ការ​ប្រុង​ប្រយ័ត្ន គួរ​​លាង​ដៃ​​​​ស្អាត​នឹង​សាប៊ូ​សិន មុន​​​បំបៅ​​កូន និង​កុំ​ឲ្យដៃ និង​មុន​កូន នៅ​ជិត​មុខ ឬ​ដៃ​យើង។ បើ​សិន​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល គួរ​ច្របាច់​បង្ហូរ​ទឹក​ដោះ​ចេញ កុំ​ឲ្យ​កូន​បៅ ឬ​សុំ​ការ​ណែនាំ​ពី​ពេទ្យ​ជំនាញ មុន​ឲ្យកូន​បៅ ពេល​កំពុង​ប្រើ​ថ្នាំ​ទាំង​នោះ។

២- ពេលណាម្ដាយមិនអាចបំបៅកូនបាន?
បើ​ទារក​​មាន​អាយុ​តិច​ជាង​ ៣ សប្ដាហ៍ ​មិន​គួរ​បំបៅ​ដោះ​ ពេលមាន​ជំងឺទេ ព្រោះ​​ទារក​ងាយ​ឆ្លង​ណាស់។ បើ​មាន​ជំងឺ​មួយ​ចំនួន​ ដូចជា ​ខ្សោយ​បេះដូង​ ខ្សោយតម្រងនោម ខ្វះឈាម​ក្រហម​ធ្ងន់ធ្ងរ​ ឬស្គមរ៉ាំរ៉ៃ គួរ​ចៀសវាង​បំបៅ​កូន​ ​ព្រោះ​រាងកាយ​ត្រូវ​ស្តុក​ជាតិ​ខ្លាញ់គ្រប់គ្រាន់ ​ដើម្បីអាច​ផលិត​ទឹកដោះបាន។

ចំណែក​ជំងឺ​មួយ​ចំនួន​ទៀត​មាន៖
– របេង៖ បើ​ម៉ាក់ៗ​មានជំងឺ​របេង​មិនទាន់​ព្យាបាល​ ​គួរ​ចៀសវាង​បំបៅ​កូន ប៉ុន្តែ​អាច​បន្ត​បំបៅ​ដោះកូនបាន ២ សប្ដាហ៍ក្រោយព្យាបាលជា។
– ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A ​ឬ ​B​៖ ​​អាច​​បំបៅ​បាន​ បើ​កូន​​លេប​ថ្នាំ​ Gamma globulin ចាក់​វ៉ាក់សាំង​ការពារ​រលាក​ថ្លើម​ប្រភេទ B។

​ថ្នាំមួយ​អាច​ប៉ះពាល់​ដល់​ទារក​ ពេល​បំបៅ​។ ម៉ាក់​​មិនគួរបំបៅដោះកូន បើម៉ាក់កំពុងប្រើថ្នាំ ដូចជា​ ​​ថ្នាំប្រឆាំង​មហារីក​ ថ្នាំ​ការពារ​ក្រពេញ​ទីរ៉ូអ៊ីត​ ថ្នាំ​ប៉េនីស៊ីលីន លីធ្យូម ថ្នាំងងុយគេង និងគ្រឿងញៀនផ្សេងៗ។

​ពេលអត់ស្រួលខ្លួន ម៉ាក់ៗ​ត្រូវ​ញុំាទឹក​ឲ្យ​​ច្រើន​ដើម្បីសម្បូរ​​ទឹកដោះ​ និង​រាងកាយ​រឹងមាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 30, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 30, 2019

ប្រភព
អ្នកអាចចូលចិត្ត