ក្រៅពីជំងឺទឹកនោមផ្អែម មនុស្សម្នាក់ៗក៏អាចប្រឈមនឹងការកើតជំងឺទឹកនោមប្រៃបានផងដែរ។ គ្នាយើងច្បាស់ជាធ្លាប់បានឮ ពីជំងឺទឹកនោមប្រៃពីមុនមកហើយ ដែលវាក៏បង្កផលវិបាកដល់សុខភាពយើងច្រើនគួរឲ្យកត់សម្គាល់ដែរ ពិសេសសូម្បីតែកូនក្មេងក៏អាចកើតជំងឺនេះបានថែមទៀត។
តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបកស្រាយឲ្យដឹងថា ជំងឺទឹកនោមប្រៃកើតឡើងនៅពេលដែលក្នុងទឹកនោមមានប្រូតេអ៊ីនច្រើនខ្លាំងពេក បណ្ដាលមកពីបញ្ហាតម្រងនោម។ ជំងឺនេះ អាចកើតឡើងបានទៅលើមនុស្សគ្រប់វ័យ ប៉ុន្តែច្រើនកើតទៅលើក្មេងៗអាយុពី១-៦ឆ្នាំ ហើយកើតលើក្មេងប្រុសច្រើនជាងក្មេងស្រី។ ភាគច្រើន ជំងឺទឹកនោមប្រៃនេះអាចជាសះស្បើយទៅវិញដោយគ្រាន់តែប្រើថ្នាំព្យាបាល ហើយក្មេងៗក៏អាចជាបាត់ទៅវិញពេលដែលលូតលាស់ចូលដល់វ័យជំទង់។
លោកបន្តទៀតថា ការហើម និងឡើងទម្ងន់ ជារោគសញ្ញាទូទៅរបស់ជំងឺទឹកនោមប្រៃ។ ដោយសារតែនៅក្នុងរាងកាយកកើតសារធាតុរាវ និងជាតិប្រៃច្រើនពេកទើបបណ្ដាលឲ្យមានការហើម។ សារធាតុរាវដែលមានក្នុងរាងកាយច្រើនពេកនោះ ជាហេតុបណ្ដាលឲ្យឡើងទម្ងន់។
ការហើមភាគច្រើនកើតឡើងត្រង់មុខ (ពិសេសតំបន់ភ្នែក) កជើង ឬជើង (ពិសេសក្រោយពេលអង្គុយ ឬឈរយូរ) និងក្បាលពោះ។ រោគសញ្ញាផ្សេងទៀតមានដូចជា បាត់បង់ចំណង់អាហារ មិនសូវបត់ជើងតូច និងទឹកនោមមានពណ៌ក្រមៅ ហើយបែកពពុះ។ ចំណែកក្មេងខ្លះទៀត មិនមានចេញរោគសញ្ញាទេ ទាល់តែត្រូវពិនិត្យទឹកនោមទើបដឹងថាមានជំងឺទឹកនោមប្រៃ។
វេជ្ជបណ្ឌិតរូបនេះបន្ថែមឲ្យដឹងថា ក្នុងករណីកម្រខ្លះ កូនក្មេងអាចកើតមានជំងឺទឹកនោមប្រៃបណ្ដាលមកពីកត្តាផ្សេងទៀតដូចជា៖
- ជំងឺមហារីក និងដុះដុំសាច់
- ញ៉ាំថ្នាំផ្សំលើសកម្រិត
- ជំងឺធាត់។
ក្មេងៗដែលមានជំងឺទឹកនោមប្រៃត្រូវបានអ្នកជំនាញណែនាំឲ្យចាក់វ៉ាក់សាំងជំងឺរលាកសួត និងត្រូវផ្លាស់ប្ដូររបបអាហារខ្លះដោយកាត់បន្ថយអាហារមានជាតិប្រៃ និងត្រូវពិគ្រោះពីរបបអាហារ និងបញ្ហាសុខភាពរបស់អាអូនផ្សេងទៀតជាមួយគ្រូពេទ្យជំនាញ។
[embed-health-tool-vaccination-tool]