សម្រាប់ម៉ាក់ប៉ាថ្មីថ្មោង ការងូតទឹកឲ្យអាអូនទើបកើត អាចជារឿងពិបាកមួយដែលយើងត្រូវប្រយ័ត្ន ព្រោះអាអូននៅទន់ខ្លាំងពិបាកកាន់ផង ណាមួយយើងមិនធ្លាប់ផង។ ហើយក៏ជឿថា ក្រោយអាអូនកើតមក យើងច្បាស់ជាមានសញ្ញាសួរពេញក្បាលទាក់ទងនឹងការងូតទឹកឲ្យកូននោះ។
១. គួរងូតទឹកឲ្យកូនប៉ុន្មានដង/ថ្ងៃ?
តាមពិតទៅ យើងមិនចាំបាច់ងូតទឹកឲ្យទារកទើបកើតរាល់ថ្ងៃទេ យើងអាចងូតទឹក ៣-៤ដង/សប្ដាហ៍ក៏បាន។ ការងូតទឹកឲ្យកូនច្រើនដងពេក អាចធ្វើឲ្យប្រេងធម្មជាតិនៃស្បែកកូនបាត់បង់ បណ្ដាលឲ្យស្បែកស្ងួត។ ប្រសិនបើយើងឆាប់ប្ដូរកន្ទប ឬខោទឹកនោមកូន និងសម្អាតបានល្អ យើងសម្អាតកន្លែងសំខាន់រួចរាល់បាត់ហើយ បូករួមទាំងមុខ ក និងនៅតាមតំបន់គន្លាក់ដៃ-ជើង។ល។
២. ងូតទឹកពេលថ្ងៃ ឬពេលយប់ មួយណាល្អជាងសម្រាប់កូន?
គ្មានពេលណាល្អ ឬមិនល្អសម្រាប់ការងូតទឹកឲ្យកូនទេ គ្រាន់តែម៉ាក់ប៉ាត្រូវប្រាកដថា ពេលងូតទឹកឲ្យកូនទើបកើត មិនប្រញាប់ ឬមានអីមករំខានបានហើយ។ អ្វីដែលគួរចំណាំនោះ គឺពេលងូតទឹកឲ្យកូនក្រោយកូនបៅរួច។ យើងមិនគួរឲ្យកូនបៅហើយភ្លាម ងូតទឹកឲ្យកូនភ្លាមទេ គួរចាំឲ្យកូនស្រកពោះសិន សឹមងូតឲ្យ។
៣. ទឹកគួរដាក់ឲ្យនៅសីតុណ្ហភាពប៉ុនណា?
ទឹកក្ដៅឧណ្ហៗ ល្អបំផុតសម្រាប់ងូតឲ្យអាអូនទើបកើត។ មុននឹងដាក់កូនចូលទឹក យើងត្រូវវាស់កម្ដៅដោយដៃយើងជាមុនសិន បើអាចយកទែរម៉ូម៉ែត្រមកវាស់កាន់តែល្អ ហើយសីតុណ្ហភាពទឹកត្រឹម ៣៨ អង្សារសេ។ ម៉្យាងទៀត សីតុណ្ហភាពនៅក្នុងបន្ទប់ក៏មិនត្រូវត្រជាក់ពេកដែរ ព្រោះទារកសើមងាយនឹងរងាណាស់។
៤.ពេលងូតទឹកឲ្យកូនត្រូវកាន់កូនយ៉ាងម៉េច?
ការដែលកាន់កូនណែនដៃ អាចជួយទារកឲ្យមានអារម្មណ៍ស្រួល និងមានសុវត្ថិភាពនៅក្នុងអាងងូតទឹក ដោយទប់ក្បាល និងកកូនឲ្យជាប់ ឬទប់ទារកក្រោមឃ្លៀកឲ្យបានល្អពេលងូតទឹក យកដៃសម្អាតកូនថ្នមៗ ជាដើម។
៥. គួរសម្អាតកូនពីណាទៅណា?
ចំពោះម៉ាក់ប៉ាភាគច្រើនសម្អាតកូនពីលើមកក្រោម ដោយចាប់ផ្ដើមពីក្បាលចុះមកក្រោម។ ជូតសម្អាតតាមលំដាប់ដូច ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់ក្រលៀន ភ្លៅ ផ្នែកខាងក្រៅនៃប្រដាប់ភេទ និងគូថ។ យើងអាចសម្អាតរាងកាយទារកជាមួយសាប៊ូសមស្រប បើចាំបាច់ ប៉ុន្តែត្រូវការពារតំបន់ភ្នែក មាត់ និងកុំឲ្យមានទឹក ឬសាប៊ូចូលក្នុងត្រចៀកកូន។
[embed-health-tool-baby-poop-tool]
៦.ក្រោយងូតទឹករួចគួរលាបឡេការពាររលាក ឬផ្ដល់សំណើមឲ្យកូនអត់?
ធម្មតា អាអូនទើបកើតមិនចាំបាច់ត្រូវការលាបឡេបន្ថែមក្រោយងូតទឹកទេ។ បើស្បែកកូនស្ងួតខ្លាំង យើងអាចលាបឡេផ្ដល់សំណើម គ្មានក្លិនបន្តិចឲ្យកូនបាន រួចម៉ាស្សាថ្នមៗ អាចជួយឲ្យកូនស្រួលខ្លួនដែរ។ ប្រសិនបើស្បែកកូននៅតែស្ងួត វាអាចបណ្ដាលមកពីយើងងូតទឹកឲ្យកូនញឹកញាប់ពេក។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?