ចែងថ្ងៃងាយកើតលើទារក និងកុមារតូចៗណាស់ដែលធ្វើឱ្យស្បែកអាអូនឡើងកន្ទួលក្រហមតូចៗ ហើយរមាស់។ តើចែងថ្ងៃបណ្តាលមកពីអ្វី? ម៉ាក់ប៉ាគួរថែទាំអាអូនបែបណាកុំឱ្យអាអូនឡើងចែងថ្ងៃ?
ជាទូទៅចែងថ្ងៃកើតនៅពេលអាកាសធាតុក្តៅ ហើយសើម ដែលធ្វើឲ្យក្រពេញ ឬរន្ធញើសស្ទះ នាំឱ្យញើសជាប់ក្រោមស្បែកមិនអាចបញ្ចេញមកក្រៅបាន និងបង្កឱ្យស្បែកឡើងកន្ទួលក្រហមតូចៗ មានពងទឹក រលាក និងរមាស់។
ម៉ាក់ប៉ាអាចការពារអាអូនពីការឡើងចែងថ្ងៃដោយ៖
១. ស្លៀកសម្លៀកបំពាក់រលុងៗ និងរលោងៗឱ្យអាអូន
ការស្លៀកសំលៀកបំពាក់ចង្អៀត ឬតឹងៗអាចបណ្តាលឱ្យស្បែកអាអូនរលាកដោយសារសំលៀកបំពាក់កកិតនឹងស្បែក។ ដូច្នេះ ម៉ាក់ប៉ាគួរស្លៀកសម្លៀកបំពាក់រលុងៗ រលោង ទន់ និងស្រាល ព្រោះថាសម្លៀកបំពាក់បែបនេះល្អចំពោះស្បែក ហើយអាចជួយការពារស្បែកអាអូនពីការរលាក និងបែកញើសច្រើនដែលបណ្តាលឱ្យឡើងចែងថ្ងៃ ជាពិសេសសម្លៀកបំពាក់ដែលធ្វើពីកប្បាស។
២. ចៀសវាងស្លៀកពាក់ឱ្យអាអូនច្រើនជាន់
នៅខែក្តៅ ម៉ាក់ប៉ាគួរចៀសវាងពាក់ខោអាវឱ្យកូនច្រើនជាន់ ជាពិសេសទារក ព្រោះការពាក់សម្លៀកបំពាក់ច្រើនជាន់អាចធ្វើឱ្យអាអូនស្អុះ និងបែកញើសច្រើន ហើយបង្កឱ្យស្ទះរន្ធ ឬក្រពេញញើស នាំឲ្យកើតចែងថ្ងៃដែរ។
៣. ជូតស្បែកអាអូនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច
ពេលអាកាសធាតុក្តៅ ម៉ាក់ប៉ាគួរចៀសវាងងូតទឹកក្តៅឧណ្ហៗឱ្យអាអូន ហើយគួរប្រើសាប៊ូដែលមិនធ្វើឱ្យស្បែកប្រតិកម្ម ឬស្ងួត។ លើសពីនេះទៅទៀត បន្ទាប់ពីងូតទឹករួច ម៉ាក់ប៉ាគួរជូតខ្លូនអាអូនឱ្យស្ងួត ព្រោះអាកាសធាតុក្តៅបូកផ្សំនឹងសំណើមលើស្បែកអាចបណ្តាលឱ្យស្បែកអាអូនរលាក និងស្ទះរន្ធញើសដែលបង្កឱ្យឡើងចែងថ្ងៃ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. ចៀសវាងឱ្យអាអូនត្រូវកម្តៅថ្ងៃ
អាកាសធាតុក្តៅបូកនឹងកម្តៅព្រះអាទិត្យទៀតអាចបណ្តាលឱ្យអាអូនបែកញើសច្រើន និងងាយឡើងចែងថ្ងៃណាស់។ ដូច្នេះ ម៉ាក់ប៉ាគួរចៀសវាងឱ្យអាអូនលេងក្រៅផ្ទះ ឬដើរក្រោមកម្តៅថ្ងៃ។ ម៉ាក់ប៉ាគួរឱ្យអាអូនលេង ឬនៅក្នុងម្លប់ដើម្បីកាត់បន្ថយការបែកញើស។
៥. ឱ្យកូនគេង ឬលេងកន្លែងត្រជាក់
ម៉ាក់ប៉ាគួរឱ្យអាអូននៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ល្មម។ ម្យ៉ាងទៀត ម៉ាក់ប៉ាអាចបើកកង្ហារ ឬបង្អួចដើម្បីឱ្យមានខ្យល់ចេញចូលល្អដែលមិនបណ្តាលឱ្យអាអូនស្អុះ និងបែកញើស។
[embed-health-tool-due-date]
៦. ចៀសវាងលាបឡេមានសាច់ឡេក្រាស់ឱ្យអាអូន
ម៉ាក់ប៉ាគួរចៀសវាងលាបឡេ ឬគ្រីមផ្តល់សំណើមដែលមានសាច់ឡេ ឬគ្រីមក្រាស់ឱ្យអាអូនព្រោះអាចបណ្តាលឱ្យស្ទះរន្ធញើស ឬក្រពេញញើសរបស់កូន ដែលនឹងបង្កឱ្យកើតចែងថ្ងៃ ជាពិសេសនៅរដូវក្តៅដែលជាពេលវេលាដែលអាអូនអាចបែកញើសច្រើន។
ចែងថ្ងៃកើតឡើងដោយសារការបែកញើសច្រើន ហើយស្ទះរន្ធញើស។ ដូច្នេះ ម៉ាក់ប៉ាគួរការពារអាអូនពីការបែកញើសច្រើន។
អត្ថបទគួរអាន៖
- ម៉ាក់ៗដឹងអត់? សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍អ្វីខ្លះ?
- ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ
- ចង់ឲ្យស្បែកអាអូនទន់រលោង មិនងាកៗប្រតិកម្ម តិចនិកប៉ុន្មានចំណុចនេះអាចជួយម៉ាក់ប៉ាបាន
- ទារកទើបកើតរបកស្បែកបណ្ដាលមកពីអ្វី? គួរបារម្ភអត់?
- ទារកឡើងកន្ទួលលើស្បែក ប្រើថ្នាំលាបច្រើនអាចផ្ដល់ផលរំខានដល់កូន
- បេប៊ីទើបនឹងកើតមានស្បែកមុខស្ងួត ម៉ាក់ៗគួរធ្វើបែបណា?
ចំណុចសំខាន់
- ស្លៀកសម្លៀកបំពាក់រលុងៗ និងរលោងៗឱ្យអាអូន
- ចៀសវាងស្លៀកពាក់ឱ្យអាអូនច្រើនជាន់
- ជូតខ្លួនអាអូនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច
- ចៀសវាងឱ្យអាអូនត្រូវកម្តៅថ្ងៃ
- ឱ្យអាអូនគេង ឬនៅកន្លែងត្រជាក់
- ចៀសវាងលាបឡេមានសាច់ឡេក្រាស់ឱ្យអាអូន