backup og meta

ឡើងកន្ទួលរោលពេលមករដូវ គួរដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 10, 2022

    ឡើងកន្ទួលរោលពេលមករដូវ គួរដោះស្រាយបែបណា?

    ពេលមករដូវម្តងៗ ស្រីៗយើងមួយចំនួនមិនត្រឹមតែខ្សោយ ឈឺពោះមាន​​អារម្មណ៍​ប្រែប្រួល ទេ ថែមទាំងអាចមានអាការៈឡើងកន្ទួលរោលនៅភ្លៅ ក្រលៀន ឬគូទទៀតផង។ ហេតុអ្វី​បាន​ជា​ស្រីៗ​យើង​មួយចំនួនមានអាការៈឡើងកន្ទួលរោលពេលមករដូវ? គួរដោះស្រាយបែបណា?

    ស្រីៗយើងមួយចំនួនអាចមានអាការៈឡើងរោលនៅភ្លៅ ក្រលៀន ឬគូទដោយសារភាពហប់ ការ​កកិត និង​សំណើម​ពីសម្លីអនាម័យដែលធ្វើឱ្យស្បែក​រលាក និងឡើងកន្ទួលរមាស់។

    ប្រសិនបើយើងមានអាការៈឡើងកន្ទួលរោលពេលមករដូវ យើងគួរ៖

    ១. ផ្លាស់ប្តូរសម្លីអនាម័យឱ្យបានញឹក

    មិនថាមករដូវតិច ឬច្រើនទេ យើងគួរប្តូរសម្លីអនាម័យ ៣ ម៉ោងម្តង។ ការ​ប្ដូរ​នេះ គឺ​ដើម្បីរក្សាភាពស្ងួត និង​រក្សា​អនាម័យ ព្រោះស្បែកតំបន់ក្រលៀនមានសភាពសើម និងក្តៅជាងស្បែកនៅតំបន់​ផ្សេងទៀត​នៃ​រាងកាយ។ បូកផ្សំនឹងបាក់តេរីនៅក្នុងឈាមរដូវ សំណើមពីសម្លីអនាម័យ ញើស និង​ភាពហប់ អាច​​ធ្វើឱ្យបាក់តេរីរីកលូតលាស់លឿន និងកាន់តែច្រើនដែលអាចធ្វើឱ្យយើងឆ្លងមេរោគផ្លូវទឹកនោម ឡើងកន្ទួលរោល និងឆ្លងមេរោគចូលទ្វារមាស

    ២. ជ្រើសរើសសម្លីអនាម័យប្រភេទផ្សេង

    ហេតុផលមួយទៀតដែល​ធ្វើ​ឲ្យ​ឡើងកន្ទួលរោលពេលមករដូវ ដោយសារស្បែករបស់យើងកកិតជាមួយសម្លីអនាម័យ។ ដូច្នេះយើងអាចជ្រើសរើសសម្លីអនាម័យប្រភេទស៊ក ក្រណាត់ ឬប្រភេទ​ដែល​អាច​ឱ្យខ្យល់ចេញចូលបានល្អ ស្តើង និងទន់ដែលមិនសូវធ្វើឱ្យស្បែករបស់យើង​កកិត​ដូចសម្លី​អនាម័យ​ប្រភេទមានទ្រាប់ថង់ប្លាស្ទិក។

    ៣. ចៀសវាងស្លៀកខោតឹង ឬរឹតពេក

    ការស្លៀកខោតឹង ឬរឹតពេកធ្វើឱ្យធ្វើឱ្យក្រលៀន ភ្លៅ និងគូទរបស់យើង​ហប់ គ្មានខ្យល់ចេញចូលល្អ និងបែកញើសដែលជាហេតុធ្វើឱ្យបាក់តេរីកកើត និងឡើងកន្ទួលរោល។

    ចៀសវាងស្លៀកខោតឹង ឬរឹតពេក

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៤. ស្លៀកខោក្នុងធ្វើពីកប្បាស

    យើងគួរស្លៀកខោក្នុងដែលធ្វើពីកប្បាសពេលមករដូវ ព្រោះខោក្នុងដែលធ្វើពីកប្បាស​អនុញ្ញាត​ឱ្យ​ខ្យល់​ចេញចូលបានល្អ និងកាត់បន្ថយសំណើម។ យើងត្រូវប្រាកដថា ខោក្នុងរបស់​ល្មម​នឹង​ខ្លួន​ ហើយអាចទប់សំឡីអនាម័យនឹងល្អ។

    ៥. ឧស្សាហ៍សម្អាតកន្លែងសម្ងាត់ជាមួយទឹកក្តៅឧណ្ហៗ

    នៅពេលមករដូវ ឈាមរដូវអាចហូរចូលចន្លោះតូចៗនៅតំបន់ទ្វារមាស ដូច្នេះយើងត្រូវ​ឧស្សាហ៍​​លាងសម្អាតទ្វារមាសជាមួយទឹកក្តៅឧណ្ហៗ រួចជូតឱ្យស្ងួតដើម្បីរក្សាអនាម័យ ការពារ​ការ​ធុំ​ក្លិន និងកុំឱ្យកកើតបាក់តេរីដែលជាហេតុធ្វើឱ្យយើងឡើងកន្ទួលរោល។ យើងក៏គួរសម្អាតទ្វារមាស​មុន​ពេលដូរសម្លីអនាម័យថ្មីដែរ។

    ៦. កុំប្រើសាប៊ូ ឬទឹកអនាម័យលាងសម្អាតទ្វារមាស

    ការប្រើសាប៊ូ ឬទឹកអនាម័យលាង​សម្អាតបរិវេណ​ទ្វារមាសផ្នែកខាងក្នុង​អាចសម្លាប់​បាក់តេរី​ល្អៗ​នៅ​ក្នុងទ្វារមាសដែលអាចការពារយើងពីការឆ្លងមេរោគផ្សេងៗ។ ដូច្នេះ​យើងគួរ​លាងសម្អាតទ្វារមាស​ជាមួយសាប៊ូ ឬទឹកអនាម័យតែផ្នែកខាងក្រៅបានហើយ ចំណែកផ្នែកខាងក្នុង​យើងត្រូវ​លាង​សម្អាត​ជាមួយទឹកក្តៅឧណ្ហៗ។

    ៧. លាបម្សៅរោល

    ការលាបម្សៅរោលក្រោយពេលសម្អាតទ្វារមាស និងមុនពេលប្រើសម្លីអនាម័យថ្មី​អាចកាត់​បន្ថយ​អាការៈ​ឡើងកន្ទួលរោល រក្សាស្បែកតំបន់ភ្លៅ ក្រលៀន និងគូទឱ្យស្ងួតព្រោះម្សៅ​រោលអាចស្រូប​យក​ជាតិសំណើម និងញើសបាន។

    ការរក្សាអនាម័យពេលមករដូវអាចការពារ និងកាត់បន្ថយការឡើងកន្ទួល​​រោលពេលមករដូវបាន។ ជាទូទៅអាការៈឡើងកន្ទួលរោលនឹងបាត់ទៅវិញ បន្ទាប់ពីយើងមករដូវរួចពីរបីថ្ងៃ។

    អត្ថបទ​គួរអាន​៖

    ចំណុចសំខាន់

    គ្នា​យើង​មួយ​ចំនួន​ អាច​​មាន​អាការៈ​ឡើង​រោល​នៅ​ភ្លៅ ក្រលៀន​ ឬ​គូទ​ដោយ​សារ​ភាព​ហប់​ កកិត​ និង​សំណើម​ពី​សម្លី​អនាម័យ​ ហេតុនេះ​ហើយ​ ដើម្បី​បញ្ចៀស​បញ្ហា​មួយ​នេះ យើង​គួរ​តែ៖
    • ផ្លាស់ប្តូរ​សម្លី​អនាម័យ​ឲ្យ​បាន​ញឹក
    • ជ្រើសរើស​សម្លី​អានាម័យ​ប្រភេទ​ផ្សេង​
    • ចៀសវាង​ស្លៀក​ខោ​តឹង
    • ស្លៀក​ខោ​ក្នុង​ធ្វើ​ពី​កប្បាស
    • ឧស្សាហ៍​សម្អាត​កន្លែង​សម្ងាត់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ
    • កុំ​ប្រើ​សាប៊ូ ឬ​ទឹក​អនាម័យ​លាង​សម្អាត​ទ្វារ​មាស
    • លាប​ម្សៅ​រោល​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម