បញ្ហាជើងកែក ត្រូវបានចាត់ទុកថាជាការលូតលាត់ធម្មតាលើទារក និងកុមារតូចៗ។ ជាទូទៅ បញ្ហាជើងកែកនេះមិនបង្កជាការឈឺចាប់ ឬមិនស្រួលខ្លួន ឬក៏ប៉ះពាល់ដល់សមត្ថភាពដើរ ឬរត់លេងរបស់អាអូនឡើយ ហើយច្រើនតែកើតឡើងនៅចន្លោះអាយុ ១៨ ខែ ដល់ ២៤ ខែ។ ប៉ុន្តែ ក្នុងករណីកម្រខ្លះ វាក៏អាចជាសញ្ញានៃវិបត្តិការលូតលាស់ផងដែរ។
ជើងកែកកើតឡើងបណ្តាលមកពីមូលហេតុអ្វី?
បញ្ហាជើងកែកចាប់ផ្តើមវិវត្តននៅរយៈពេល ១ ឆ្នាំដំបូងនៃជីវិតកុមារ ដែលជាផ្នែកមួយនៃការលូតលាស់តាមធម្មជាតិ ដោយមិនមានមូលហេតុជាក់លាក់ណាមួយឡើយ។ ទារកខ្លះកើតមក មានបញ្ហាជើងកែកស្រាប់ ដែលនេះអាចមកពីនៅពេលទារកលូតលាស់ក្នុងផ្ទៃ ស្បូនរបស់ម្តាយមានសភាពតឹងណែនពេក ធ្វើឱ្យឆ្អឹងជើងអាអូនទៅជាកែក។ យ៉ាងណាមិញ ក្មេងដែលមានបញ្ហាជើងកែក អាចវិលត្រលប់មកត្រង់វិញបាន នៅពេលដែលអាអូនលូតលាស់ និងកាន់តែធំបន្តិច។
ប៉ុន្តែ នៅក្នុងលក្ខខណ្ឌមួយចំនួន ដូចជាវិបត្តិមេតាប៉ូលីស និងភាពមិនប្រក្រតីនៃឆ្អឹង ក៏អាចបណ្តាលឱ្យជើងអាអូនទៅជាកែកបានដែរ។
ទោះជាយ៉ាងនេះក្តី ប្រសិនបើជើងកុមារមិនវិលត្រលប់មកត្រង់វិញដោយខ្លួនឯង ឬជើងអាអូននៅតែបន្តកែកទៅៗ ក្រោយអាយុ ២ ឆ្នាំ គ្រូពេទ្យអាចណែនាំឱ្យប៉ាម៉ាក់ពិចារណាលើការដាក់រណបតម្រង់ ឬធ្វើការវះកាត់ ដើម្បីឱ្យជើងកូនវិលត្រលប់មកសភាពត្រង់ល្អវិញ។























