មនុស្សភាគច្រើនគិតថា ក្មេងៗដែលញ៉ាំមិនគ្រប់គ្រាន់អាចប្រឈមនឹងកង្វះអាហារូបត្ថម្ភខ្ពស់បំផុត ប៉ុន្តែកង្វះអាហារូបត្ថម្ភនេះគឺអាចសំដៅទាំងការខ្វះ ឬលើសអាហារូបត្ថម្ភ។ នៅពេលដែលកុមារស្គមជ្រុល ឬធាត់ជ្រុល ឬមិនបានទទួលសារធាតុចិញ្ចឹមសំខាន់ៗគ្រប់គ្រាន់ ដូចជាវីតាមីន និងសារធាតុរ៉ែ ពួកគេអាចនឹងមានហានិភ័យខ្ពស់នៃការឆ្លងជំងឺផ្សេងៗ និងបញ្ហាសុខភាពជាច្រើន។
១. កង្វះវីតាមីនA
នៅពេលដែលកុមារទទួលបានវីតាមីនA មិនគ្រប់គ្រាន់ ពួកគេអាចជួបបញ្ហាស្ងួតភ្នែក និងខ្វាក់មាន់ ហើយប្រសិនបើវីតាមីនA មិនត្រូវបានបំពេញបន្ថែមឲ្យទាន់ពេលវេលាទេនោះ កុមារអាចនឹងពិការភ្នែកអស់មួយជីវិត។ បន្ថែមពីនេះ កង្វះវីតាមីនA ក៏អាចធ្វើឲ្យមុខងារប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលធ្វើឲ្យកុមារងាយកើតជំងឺផ្សេងៗ។ យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា កង្វះអាហារូបត្ថម្ភអាចធ្វើឲ្យកុមារឈឺ និងស្លាប់ដោយសារជំងឺរាករូស ការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាល់ ជំងឺកញ្ជ្រឹល និងគ្រុនចាញ់។
២. កង្វះវីតាមីនB3 និងអ៊ីយ៉ូត
ជាមួយគ្នានេះដែរ ការមិនទទួលបានវីតាមីនB3 (Niacin) គ្រប់គ្រាន់ អាចធ្វើឲ្យក្មេងកើតជំងឺរាករូស កន្ទួលរមាស់លើស្បែក ហើយប្រសិនបើមិនមានការព្យាបាលទេនោះ វានឹងអាចបណ្ដាលឲ្យកុមារកើតជំងឺភ្លេចភ្លាំង ព្រមទាំងអាចបាត់បង់ជីវិតថែមទៀតផង។ រីឯកុមារដែលមិនទទួលបានជាតិអ៊ីយ៉ូតគ្រប់គ្រាន់ អាចវិវត្តន៍ទៅជាពកកឬក្រពេញទីរ៉ូអ៊ីតរីកធំ។
៣. កង្វះវីតាមីនD
វីតាមីនD មានសារៈសំខាន់ណាស់ចំពោះកុមារ ហើយប្រសិនបើពួកគេខ្វះវីតាមីនមួយនេះ វានឹងបណ្ដាលឲ្យកើតមានជំងឺដែលពាក់ព័ន្ធនឹងឆ្អឹង (rickets) ។ ជំងឺRickets អាចធ្វើឲ្យឆ្អឹងរបស់ក្មេងខ្សោយ និងងាយបាក់ ការឈឺចាប់ឆ្អឹង ការខូចទ្រង់ទ្រាយគ្រោងឆ្អឹងរមួលសាច់ដុំ ការលូតលាស់ចុះខ្សោយ និងការខូចទ្រង់ទ្រាយធ្មេញជាដើម។
៤. កង្វះជាតិដែក
ជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែក គឺជាបញ្ហាកង្វះអាហារូបត្ថម្ភទូទៅនៅជុំវិញពិភពលោក។ ប្រសិនបើក្មេងពុំទទួលបានជាតិដែកគ្រប់គ្រាន់ ពួកគេមិនអាចបង្កើតអេម៉ូក្លូប៊ីន គ្រប់គ្រាន់សម្រាប់កោសិកាឈាមក្រហមឡើយ ដូច្នេះហើយ ក្មេងៗមិនអាចទទួលបានអុកស៊ីសែនច្រើនទៅកោសិការបស់ពួកគេនោះទេ។ កត្តានេះ អាចនាំឲ្យពួកគេកើតមានអាការៈនឿយហត់ អស់កម្លាំង ស្លេកស្លាំង វិលមុខ ព្រមទាំងធ្វើឲ្យចង្វាក់បេះដូងលោតញាប់ ក៏ដូចជាថយចុះចំណង់អាហារ។ លើសពីនេះ ជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកក៏អាចធ្វើឲ្យខួរក្បាលលូតលាស់យឺត ព្រមទាំងមុខងារប្រព័ន្ធភាពស៊ាំថយចុះផងដែរ។
[embed-health-tool-vaccination-tool]