ពេលកូនឈឺ ថ្នាំគ្រាប់ និងថ្នាំប្រភេទទឹកសេរ៉ូមមួយណាល្អជាង?
នៅពេលម៉ាក់ប៉ានាំកូនទៅពេទ្យ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាជាថ្នាំគ្រាប់ ឬថ្នាំប្រភេទជាទឹកសេរ៉ូមទៅតាមវ័យរបស់កូន។ ចុះរវាងថ្នាំទាំង ២ប្រភេទនេះមួយណាប្រើល្អជាង ពេលកូនឈឺម្ដងៗ? ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់នេះ ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំងបានពន្យល់ថា រវាងប្រភេទថ្នាំទាំង២នេះ មិនមានមួយណាល្អជាងមួយណាទេ ព្រោះពាក្យថាថ្នាំគឺសុទ្ធតែជាអាវុធមុខ ២ ទាំងអស់។ អ្វីដែលសំខាន់នោះ គឺពេលក្មេងឈឺ យើងប្រើថ្នាំឲ្យត្រូវតាមកម្រិតថ្នាំ និងតាមវេជ្ជបញ្ជា នោះនឹងមិនមានបញ្ហាអ្វីកើតឡើងទេ។ លោកស្រីបន្តថា បញ្ហាមិនស្ថិតនៅលើថ្នាំគ្រាប់ទេ តែស្ថិតលើកម្រិតប្រើលើសតម្រូវការរាងកាយក្មេង ហើយប្រភេទថ្នាំគ្រាប់ពិបាកបែងចែកកម្រិតប្រើសម្រាប់ក្មេងតូចណាស់ដោយសារមានបរិមាណថ្នាំខ្ពស់ ខុសពីសេរ៉ូមដែលមានកម្រិតថ្នាំទាប ងាយស្រួលបែងចែកទៅតាមគីឡូរបស់ក្មេង។ ឧទាហរណ៍ថា ប៉ារ៉ាសេតាម៉ុល ១គ្រាប់ ៥០០មិល្លីក្រាម តែក្មេងទម្ងន់ ៨គីឡូត្រូវប្រើថ្នាំតែ ១២០មិល្លីក្រាមប៉ុណ្ណោះ។ ដូចនេះ ក្មេងនោះអាចប្រើថ្នាំប៉ារ៉ាគ្រាប់ ៥០០មីលីក្រាមបានដោយយកទៅចែកជា ៤ភាគហើយយក ១ភាគមកលេប។ ចំពោះថ្នាំប៉ារ៉ាគេប្រើរាល់ ៥-៦ម៉ោងម្ដង (មិនឲ្យលើស៥ដង/ថ្ងៃ)។ និយាយទៅ ថ្នាំប្រភេទណាក៏ដោយ សុទ្ធតែអាចព្យាបាលជំងឺយើង ហើយក៏អាចបង្កគ្រោះថ្នាក់ដល់យើងដែរ ប្រសិនបើប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជា ឬខុសការណែនាំរបស់អ្នកជំនាញ។