មកដល់ពេលនេះ គ្នាយើងប្រហែលជាបានឮពី prebiotics probiotics និងSYNBIOTICS ច្រើនហើយ បើបានតាមដាន ” Hello គ្រូពេទ្យ ” រាល់ថ្ងៃនោះ។ SYNBIOTICS ជាប្រភេទអាហារដែលសំយោគឡើងរវាង Prebiotics និង Probiotics ជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ។
ចុះក្រៅពីប្រព័ន្ធរំលាយអាហារ SYNBIOTICS ជួយដល់អ្វីខ្លះទៀត?
SYNBIOTICS មិនត្រឹមតែអាចជួយបង្កើនការរំលាយអាហារ និងជួយក្នុងការព្យាបាលជំងឺទូទៅមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយរក្សាបេះដូងយើងឲ្យមានសុខភាពល្អ ជំរុញដល់ការសម្រកទម្ងន់ បំបាត់ការរលាក និងគុណប្រយោជន៍មួយចំនួនទៀត។
១. ពង្រឹងប្រព័ន្ធភាពស៊ាំ
ការស្រាវជ្រាវជាច្រើនបង្ហាញថាសុខភាពប្រព័ន្ធរំលាយអាហារ និងមុខងារប្រព័ន្ធភាពស៊ាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ឋ ប្រហែល ៧០-៨០%នៃកោសិកាភាពស៊ាំរបស់រាងកាយស្ថិតនៅក្នុងបំពង់រំលាយអាហារ។ SYNBIOTICS អាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំដោយបង្កើនបរិមាណបាក់តេរីល្អនៅក្នុងពោះវៀន និងកាត់បន្ថយការរលាកក្នុងពេលដំណាលគ្នា។
២. ជំនួយដល់សុខភាពបេះដូង
SYNBIOTICS អាចជួយរក្សាបេះដូងឲ្យមានសុខភាពល្អ និងរឹងមាំបានដោយកាត់បន្ថយកត្តាហានិភ័យជំងឺបេះដូងមួយចំនួន។ ការសិក្សាក្នុងឆ្នាំ ២០១៧ មួយបង្ហាញថា ការបន្ថែមអាហារ ឬថ្នាំបំប៉នផ្ទុក SYNBIOTICS ក្នុងរយៈ ១២សប្ដាហ៍ជួយដល់ដំណើរការអាំងស៊ុយលីន (Insulin Metabolism) និងកម្រិតកូឡេស្ដេរ៉ូល HDL ល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។ មិនត្រឹមតែប៉ុណ្ណោះទេ ការសិក្សាខ្លះក៏ឲ្យដឹងថា Probiotics អាចកាត់បន្ថយកម្រិតសម្ពាធឈាម ដើម្បីលើកកម្ពស់សុខភាពបេះដូងកាន់តែប្រសើរឡើង។
៣. ពង្រឹងសុខភាពផ្លូវចិត្ត
ការបន្ថែម SYNBIOTICS ទៅក្នុងរបបអាហារប្រចាំថ្ងៃអាចធ្វើឲ្យមុខងារនៃការយល់ដឹង និងការពារសុខភាពផ្លូវចិត្តឲ្យប្រសើរឡើង។ យោងតាមការពិនិត្យឡើងវិញដ៏ធំមួយដែលបានផ្សាយដោយ Journal of Neurogastroenterology and Motility ឲ្យដឹងថា ប្រភេទមួយចំនួននៃបាក់តេរីដូចជា Lactobacillus និង Bifidobacterium ត្រូវបានបង្ហាញថាជួយបង្កើនការចងចាំ និងជួយកាត់បន្ថយរោគសញ្ញានៃបញ្ហាថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តមួយចំនួនទៀត។
SYNBIOTICS ជាការសំយោគចូលគ្នារវាង Prebiotics និង Probiotics។ Probiotics អាចរកបាននៅក្នុងអាហារជ្រក់ គីមឈី និងអាហារផលិតពីទឹកដោះ ចំណែក Prebiotics អាចរកបានពីអាហារដូចជា ចេក សម្បកផ្លែប៉ោម ខ្ទឹមបារាំង ខ្ទឹមស និងពពួកសណ្ដែកជាដើម។
ចំណុចសំខាន់
១. ពង្រឹងប្រព័ន្ធភាពស៊ាំ
២. ជំនួយដល់សុខភាពបេះដូង
៣. ពង្រឹងសុខភាពផ្លូវចិត្ត ៕
[embed-health-tool-due-date]