និយមន័យ
១- ជំងឺគ្រុនឈាមជាអ្វី?
គ្រុនឈាម គឺជាជំងឺឆ្លង ភ្នាក់ងារចម្លងគឺសត្វមូស (មូសខ្លា) បណ្តាលមកពីមេរោគគ្រុនឈាមចំនួន ៤ ប្រភេទ។ ជំងឺនេះ ជាភាសាបច្ចេកទេស ហៅថា “Break-bone” ករណីខ្លះអាចបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ឈឺសាច់ដុំ និងមានអារម្មណ៍ដូចឆ្អឹងកំពុងបាក់។
ជំងឺគ្រុនឈាមកម្រិតមធ្យម បណ្តាលឲ្យយើងគ្រុនក្តៅខ្លាំង កន្ទួល ឈឺសាច់ដុំ និងសន្លាក់។ ក្នុងករណីធ្ងន់ធ្ងរ ត្រូវគេហៅថាជំងឺគ្រុនឈាម Hemorrhagic អាចបណ្តាលឲ្យហូរឈាមធ្ងន់ធ្ងរ សម្ពាធឈាមធ្លាក់ចុះភ្លាមៗ និងស្លាប់ទៀតផង។
២- គ្រុនឈាមកើតឡើងញឹកញាប់ដែរទេ?
គ្រុនឈាម ជារៀងរាល់ឆ្នាំ បានកើតមានរាប់លានករណីជុំវិញពិភពលោក អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ។ ជំងឺគ្រុនឈាម ត្រូវបានគេឃើញកើតភាគច្រើននៅអំឡុងរដូវភ្លៀង និងក្រោយរដូវភ្លៀងក្នុងតំបន់ត្រូពិច ដូចជា៖
– អាហ្វ្រិច
– អាស៊ីខាងត្រូង និង ចិន
– ប្រទេសឥណ្ឌា
– មជ្ឈិមបូព៌ា
– តំបន់ខារ៉ាបៀន អាមេរិកកណ្តាល និងអាមេរិកខាងត្បូង
– អូស្ត្រាលី ប៉ាស៊ីហ្វិកខាងត្បូង និងប៉ាស៊ីហ្វិកកណ្តាល។
យើងអាចត្រូវបានគ្រប់គ្រងបានដោយកាត់បន្ថយកត្តាហានិភ័យរបស់វា។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតអ្នកសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាគ្រុនឈាមមានអ្វីខ្លះ?
ជំងឺគ្រុនឈាមមាន ៣ប្រភេទ រួមមាន គ្រុនឈាមធម្មតា គ្រុនឈាម Hemorrhagic និងគ្រុនឈាម Shock syndrome។
ជំងឺគ្រុនឈាមធម្មតា (Classic Dengue)
រោគសញ្ញាជំងឺគ្រុណឈាមធម្មតាមិនស្មុគស្មាញនោះទេ ដោយជាទូទៅ ចាប់ផ្តើមកើតនៅចន្លោះពេលពី ៤-៧ ថ្ងៃបន្ទាប់ពីមូសបានខាំ ចម្លងមេរោគទៅយើងរួច ដោយរោគសញ្ញាទាំងនោះរួមមាន៖
– ក្តៅខ្លូនខ្លាំងរហូតដល់ ៤០ អង្សារសេ។
– ឈឺក្បាលធ្ងន់ធ្ងរ
– មានការឈឺចាប់នៅខាងក្រោយភ្នែក
– ឈឺសន្លាក់ និងឈឺសាច់ដុំធ្ងន់ធ្ងរ
– ចង្អោរ និងក្អួត
ស្នាមកន្ទួលអាចលេចឡើងនៅលើខ្លួនពី ៣-៤ ថ្ងៃបន្ទាប់ពីកើតគ្រុនក្តៅ ហើយនឹងធូរស្រាលពី ១-២ ថ្ងៃក្រោយ។ យើងអាចកើតមានកន្ទួលក្រហមលើកទី ២ នៅ ២-៣ ថ្ងៃបន្ទាប់។
ជំងឺគ្រុនឈាម Hemorrhagic (មានហូរឈាមតាមសរីរាង្គមួយចំនួន)
រោគសញ្ញាគ្រុនឈាម Hemorrhagic មានការរួមផ្សំជាមួយរោគសញ្ញាគ្រុនឈាមធម្មតា ជាមួយរោគសញ្ញាធ្ងន់ដូចជា៖
– ខូចខាតសរសៃឈាម និងកូនកណ្តុរ
– មានការហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ឬនៅពីក្រោមស្បែក ធ្វើឲ្យមានស្នាមជាំពណ៌ស្វាយ។
ជំងឺគ្រុនឈាមប្រភេទនេះ អាចបណ្តាលឲ្យស្លាប់បាន។
ជំងឺគ្រុនឈាម Shock Syndrome (ធ្ងន់ធ្ងរ)
រោគសញ្ញាជំងឺគ្រុនឈាម Shock Syndrome សំដៅលើស្ថានភាពធ្ងន់ធ្ងរបំផុតនៃជំងឺគ្រុនឈាម ដោយរោគសញ្ញាក្រៅពីមានដូចគ្រុនឈាមធម្មតា នៅមានរោគសញ្ញាធ្ងន់ធ្ងរខ្លាំងមួយចំនួនទៀតដូចជា៖
– មានសារធាតុរាវលេចចេញមកក្រៅតាមសរសៃឈាម
– មានហូរឈាមច្រើន
– សម្ពាធឈាមធ្លាក់ចុះខ្លាំង។
ទម្រង់ជំងឺគ្រុនឈាមប្រភេទនេះ តែងតែកើតឡើងចំពោះក្មេងៗ ជួនកាល ក៏អាចកើតលើមនុស្សពេញវ័យ ដែលបានកើតជំងឺគ្រុនឈាមប្រភេទទី ២ ដូចគ្នា។ គ្រុនឈាមប្រភេទនេះ អាចកើតលើទារក ប៉ុន្តែជាទូទៅច្រើនប្រទះឃើញកើតលើក្មេង និងមនុស្សពេញវ័យ។
អាចមានរោគសញ្ញាខ្លះមិនបានរាយរាប់នៅខាងលើ។ បើសិនជាមានបញ្ហា ឬមន្ទិលសង្ស័យ សូមទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានបន្ថែម។
៤- ពេលណាត្រូវទៅជួបគ្រូពេទ្យ?
បើមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។ បើយើងទៅលេងតំបន់មានផ្ទុះជំងឺគ្រុនឈាម ហើយមានអាការៈក្តៅខ្លួនកើតឡើងភ្លាមៗ គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥- មូលហេតុបង្កជំងឺគ្រុនឈាមមានអ្វីខ្លះ?
ជំងឺគ្រុនឈាម បណ្តាលមកពីវីរុសដែលរីករាលដាលតាមរយៈមូសខាំ។ វីរុសជំងឺគ្រុនឈាម មាន ៤ ប្រភេទ គឺ DEN-1, DEN-2, DEN-3 និង DEN-4 ។ មូសខ្លា ជាភ្នាក់ចម្បងចម្លងវីរុសគ្រុនឈាម ដោយភាសាបច្ចេកទេស គេស្គាល់ថា Aedes aegypti ឬ Aedes albopictus វាអាចចម្លងវីរុសនេះទៅតាមឈាមរបស់មនុស្សដោយការខាំ និងផ្ទេរឈាមដែលមានមេរោគឆ្លងទៅមនុស្សម្នាក់ទៀត។ នៅពេលយើងបានជាសះស្បើយពីជំងឺគ្រុនឈាម រាងកាយយើងនឹងមានភាពស៊ាំអាចទប់ទល់នឹងជំងឺគ្រុនឈាមបាន។ យ៉ាងណា យើងនៅតែអាចកើតមានជំងឺគ្រុនឈាមដដែល ដោយសារតែវាមានមេរោគវីរុសខុសៗគ្នា ៤ ប្រភេទ មានន័យថា យើងអាចឆ្លងវីរុសប្រភេទផ្សេងទៀត។ សំខាន់បំផុត ត្រូវកំណត់រោគសញ្ញា ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ។
កត្តាប្រឈម
៦- កត្តាប្រឈមជំងឺគ្រុនឈាមមានអ្វីខ្លះ?
មានកត្តាប្រឈមជាច្រើនអាចធ្វើឲ្យយើងងាយកើតជំងឺនេះ រាប់បញ្ចូលទាំងស្ថានភាពសុខភាព ជាដើម ខណៈកត្តាប្រឈមចម្បងមានដូចជា៖
– រស់នៅ ឬធ្វើដំណើរនៅតំបន់ត្រូពិច ឬតំបន់ជិតត្រូពិច អាចបង្កើនហានិភ័យប៉ះពាល់ជាមួយវីរុសដែលបណ្តាលឲ្យកើតមានជំងឺគ្រុនឈាម ខណៈតំបន់មានហានិភ័យខ្ពស់ គឺអាស៊ីអាគ្នេយ៍ បណ្តាកោះលើមហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងលិច អាមេរិកឡាទីន និងតំបន់ខារ៉ាបៀន។
ក្នុងករណីកម្រ បើយើងធ្លាប់ឆ្លងមេរោគគ្រុនឈាមពីមុន ការធ្លាប់ឆ្លងមេរោគគ្រុនឈាមជាថ្មី អាចបង្កើនហានិភ័យធ្ងន់ធ្ងរ បើវីរុសចម្លងនោះជាប្រភេទដដែល។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- រោគវិនិច្ឆ័យជំងឺគ្រុនឈាម
ធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាម អាចមានការពិបាក ពីព្រោះរោគសញ្ញាអាចច្រឡំជាមួយជំងឺផ្សេងៗទៀត ដូចជា ជំងឺគ្រុនចាញ់ មហារីកសួត និងគ្រុនពោះវៀន។
គ្រូពេទ្យនឹងសាកសួរពីប្រវត្តិសុខភាព ក៏ដូចជាកន្លែងធ្វើដំណើរទៅលេង ឬទៅធ្វើអ្វីមួយ។ ហេតុនេះ ត្រូវប្រាប់ព័ត៌មានទាំងអស់ឲ្យបានល្អិតល្អន់ទៅកាន់គ្រូពេទ្យ ទាំងទីកន្លែងបានទៅ និងកាលបរិច្ឆេទជាក់លាក់ ក៏ដូចជាការប៉ះពាល់ជាមួយសត្វមូសជាដើម។
តេស្តមន្ទីរពិសោធន៍មួយចំនួន អាចរកឃើញពីវីរុសជំងឺគ្រុនឈាម ប៉ុន្តែលទ្ធផលធ្វើតេស្តជាទូទៅ គឺយឺតយ៉ាវ អាចធ្វើឲ្យអ្នកជំងឺទទួលការព្យាបាលមិនបានទាន់ពេល។
៨- វិធីព្យាបាលជំងឺគ្រុនឈាម
មិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែជាធម្មតាអ្នកជំងឺ នឹងជាសះស្បើយក្នុងរយៈពេល ២ សប្តាហ៍។ សំខាន់បំផុត ត្រូវព្យាបាលទៅតាមរោគសញ្ញា ដើម្បីបញ្ចៀសផលវិបាកផ្សេងៗ។ ឮ
គ្រូពេទ្យភាគច្រើនណែនាំ ជម្រើសព្យាបាលមានដូចខាងក្រោម៖
– ដេកឲ្យបានច្រើន
– ផឹកទឹកឲ្យបានច្រើន
– ប្រើថ្នាំដើម្បីកាត់បន្ថយអាការៈក្តៅខ្លូន ដូចជាថ្នាំ ប៉ារ៉ាសេតាម៉ុល (Tylenol, Panadolâ) អាចកាត់បន្ថយការឈឺចាប់ និងបន្ថយកម្តៅបាន។
– ចៀសវាងការប្រើថ្នាំបំបាត់ការឈឺចាប់ ព្រោះអាចបង្កើនផលវិបាកហូរឈាម ដូចជាថ្នាំ អាស្ពីរីន, ថ្នាំ Ibuprofen (Advilâ, Motrinâ) និងថ្នាំ Naproxen sodium (Aleveâ) ។
ចំពោះករណីគ្រុនឈាមធ្ងន់ធ្ងរ អាចបណ្តាលឲ្យក្តៅខ្លួនដល់ធ្លាក់ចុះសម្ពាធឈាម (Shock) ឬ ហូរឈាមតាមសិរីរាង្គមួយចំនួន (Hemorrhagic fever ) ទាមទារឲ្យព្យាបាលជាបន្ទាន់។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ មានអនាម័យល្អ អាចបង្ការ និងគ្រប់គ្រងអាការៈជំងឺគ្រុនឈាមបាន។ សំខាន់បំផុត ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនពេលធ្វើដំណើរទៅកាន់តំបន់មានជំងឺគ្រុនឈាម។ ហើយគន្លឹះមួយចំនួនខាងក្រោមនេះអាចជួយយើងបានដូចជា៖
– ស្នាក់នៅក្នុងផ្ទះមានម៉ាស៊ីនត្រជាក់ ឬកន្លែងមានពន្លឺគ្រប់គ្រាន់ល្អ។ ប្រើថ្នាំ ឬឧបករណ៍បណ្តេញមូសនៅពេលយប់។
– កំណត់ពេលវេលាសម្រាប់សកម្មភាពក្រៅផ្ទះ។ ចៀសវាងការចេញទៅក្រៅនៅពេលព្រឹកព្រលឹម ព្រលប់ និងពេលល្ងាច ទៅកាន់កន្លែងមានមូសច្រើន។
– ពាក់សម្លៀកបំពាក់ការពារ ពេលចូលទៅតំបន់នមូសច្រើន ដូចជា អាវដៃវែង ខោវែង ស្រោមជើង និងស្បែកជើង។
– ប្រើថ្នាំបាញ់មូស ដូចជាពពួកថ្នាំ Permethrin អាចយកទៅប្រើលើសំលៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់បោះជំរុំ និងគ្រែ។ អាចទិញសម្លៀកបំពាក់ផលិតដោយសារធាតុ Permethrin។ សម្រាប់ស្បែករបស់អ្នកសូមប្រើសារធាតុថ្នាំមានកំហាប់ DEET យ៉ាងតិច ១០ ភាគរយ។
– កាត់បន្ថយជម្រកមូស ព្រោះមូសផ្ទុកវីរុសជំងឺគ្រុនឈាម ជាធម្មតារស់នៅក្នុង និងនៅជុំវិញផ្ទះ កន្លែងមានដក់ទឹក ដូចជាសំបកកង់រថយន្ត ជាដើម ហេតុនេះត្រូវកាត់បន្ថយជម្រកមូស។
អត្ថបទគួរអាន៖
[embed-health-tool-bmi]