យើងបានដឹងហើយថា វ៉ារ្យង់អូមីក្រុងមានការឆ្លងយ៉ាងឆាប់រហ័សជាងវ៉ារ្យង់កូវីដ-១៩មុនៗ។ ប៉ុន្តែ ថ្មីៗនេះ មន្ត្រីសុខាភិបាលនៃចក្រភពអង់គ្លេសបានរាយការណ៍អំពីវីរុសបំប្លែងថ្មីមួយប្រភេទទៀត គឺវីរុសកូវីដ-១៩ ប្រភេទXE ដែលមានអនុភាពឆ្លងកាន់តែខ្លាំងជាងមុនទៅទៀត។ វីរុសប្រភេទXEនេះ ជាការរួមបញ្ចូលគ្នានៃវ៉ារ្យង់អូមីក្រុងBA.1 និងBA.2។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា អត្រានៃការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត គឺឆាប់រហ័សជាងវ៉ារ្យង់អូមីក្រុងBA.2ដល់ទៅ១០% ដែលធ្វើឲ្យវីរុសបំប្លែងថ្មីនេះ ក្លាយជាវីរុសដែលឆ្លងលឿនជាងគេបំផុតនៅពេលបច្ចុប្បន្ន។

ខណៈពេលដែលវីរុសកូវីដ-១៩ បង្ហាញរោគសញ្ញាជាច្រើន សេវាសុខាភិបាលជាតិនៃចក្រភពអង់គ្លេសបានបន្ថែមរោគសញ្ញាមួយចំនួនទៀត ដែលយើងមិនគួរមើលរំលងឡើយ។
រោគសញ្ញាទាំងនេះរួមមាន៖
- ដកដង្ហើមខ្លីៗ
- អស់កម្លាំងខ្លាំង
- ឈឺខ្លួនប្រាណ
- ឈឺបំពង់ក
- ឈឺក្បាលខ្លាំង
- ហៀរសំបោរ
- រាករូស
- មិនឃ្លានអាហារ
- មិនស្រួលខ្លួន
រោគសញ្ញាទូទៅមួយចំនួនទៀតនៃវីរុសកូវីដ-១៩ មានដូចជា ក្ដៅខ្លួន ក្អកមិនបាត់ បាត់បង់ក្លិន និងរសជាតិ។ យ៉ាងណាមិញ ជាមួយនឹងវត្តមាននៃវីរុសបំប្លែងថ្មីៗជាបន្តបន្ទាប់ គ្នាយើងគួរយល់ដឹងឲ្យបានច្បាស់លាស់ពីរោគសញ្ញាថ្មីៗ ទើបជាការប្រសើរ។