backup og meta

អ្នកជំងឺទឹកនោមផ្អែមបាក់ទឹកចិត្តគួរដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 11, 2022

    អ្នកជំងឺទឹកនោមផ្អែមបាក់ទឹកចិត្តគួរដោះស្រាយបែបណា?

    អ្នកជំងឺទឹកនោមផ្អែមមិនត្រឹមតែមានផលវិបាកសុខភាពច្រើនយ៉ាងទេ ថែមទាំងមានហានិភ័យខ្ពស់​ក្នុង​ការកើត​ជំងឺបាក់ទឹកចិត្តទៀត​ផង។ ពេលបាក់ទឹកចិត្ត អ្នកជំងឺទឹកនោមផ្អែម​អាច​មាន​អាការៈ​អ្វី​ខ្លះ? ប៉ះពាល់ដល់ជំងឺទឹកនោមផ្អែមបែបណា? គួរធ្វើម៉េច?

    ភាពលំបាកនៃ​ការគ្រប់គ្រងជំងឺទឹកនោមផ្អែមងាយនឹងធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែម​មានភាពតានតឹងដែលបង្កទៅជាជំងឺបាក់ទឹកចិត្តណាស់។

    អ្នកជំងឺទឹកនោមផ្អែមដែលបាក់ទឹកចិត្តអាចមានអាការៈដូចជា៖

    • គេងមិនលក់
    • បាត់បង់ចំណង់ចំណូលចិត្ត
    • អស់សង្ឃឹម
    • ល្វើយគ្មានកម្លាំង
    • ពិបាកផ្ចង់អារម្មណ៍
    • ញុំាច្រើន ឬមិនឃ្លាន

    ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ហើយបាក់ទឹកចិត្ត អាការៈជំងឺទឹកនោមផ្អែមរបស់យើង​នឹង​កាន់​តែវិវឌ្ឍធ្ងន់ធ្ងរ ព្រោះជំងឺបាក់ទឹកចិត្តអាចបណ្តាលឱ្យយើងញ៉ាំអាហារមិនល្អចំពោះសុខភាព មិន​សូវហាត់ប្រាណ ជក់បារី ឡើងទម្ងន់ ពិបាកផ្ចង់អារម្មណ៍ ដែលអាចរំខានដល់​ការ​គ្រប់គ្រង​​ជំងឺ​ទឹក​នោម​ផ្អែម។

    ដូច្នេះយើងត្រូវព្យាបាលជំងឺបាក់ទឹកចិត្តឱ្យបានកាន់តែឆាប់កាន់តែល្អ។ ខាងក្រោមនេះ​ជាវិធីសាស្រ្ត​មួយចំនួនក្នុងការកាត់បន្ថយអាការៈបាក់ទឹកចិត្ត៖

    ១. ចំណាយពេលធ្វើរឿងចូលចិត្ត

    យើងអាចចំណាយពេលខ្លះជួប​បងប្អូន មិត្តភ័ក្ដិ ដើរផ្សារ ដើរលំហែរ លេង​​​ហ្គេម​ ឬលេងជាមួយ​ចៅ​ជាដើមដើម្បីបន្ធូរអារម្មណ៍។

    ២. ហាត់ប្រាណ

    នៅពេលយើងហាត់ប្រាណ រាងកាយយើងនឹងបញ្ចេញសារធាតុ Endorphins ដែលធ្វើឱ្យ​យើងមាន​អារម្មណ៍ល្អ។ លើសពីនេះទៅទៀត ការហាត់ប្រាណក៏អាចជួយឱ្យយើងគ្រប់គ្រងទម្ងន់ កាត់បន្ថយ​កម្រិត​ជាតិស្ករក្នុងឈាម និងជួយឱ្យរាងកាយយើង​ប្រើប្រាស់អាំងស៊ុយលីន​បានល្អ​ដែល​មាន​ប្រយោជន៍​ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម។

    ៣. កាត់បន្ថយភាពតានតឹង

    នៅពេលយើងមានភាពតានតឹងយូរអង្វែង រាងកាយយើងនឹងផលិត​អ័រម៉ូន cortisol ច្រើនដែលធ្វើឱ្យ​យើង​គេងមិនលក់ បាក់ទឹកចិត្ត និង​ប៉ះពាល់សុខភាពជាខ្លាំង។ យើងអាចកាត់បន្ថយភាពតានតឹងតាម​រយៈ​ការស្តាប់តន្រ្តី តាំងសមាធិ ហាត់យូហ្កា ឬដើរលំហែរជាដើម។

    ៤. គេងឱ្យបានគ្រប់គ្រាន់

    ជាទូទៅ បើយើងបាក់ទឹកចិត្ត យើងអាចគេងមិនលក់ ឬគេងច្រើនជ្រុល​ដែលសុទ្ធតែជាកត្តា​ធ្វើឱ្យ​យើង​មានអារម្មណ៍មិនល្អ និងធីងធោង។ យើងត្រូវព្យាយាមគេងឱ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃ​ទើប​ល្អ។

    មុនគេងយើងអាចអានព្យាយាមសៀវភៅ ឬឈប់មើល​ទូរទស្សន៍​ ឬ​ទូរស័ព្ទ​មួយ​ម៉ោង​មុនដើម្បីឱ្យរាងកាយយើងសម្រាក និងងងុយគេង។

    គេង

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៥. ញុំាអាហារសម្បូរជាតិសង្ក័សី

    តាមការសិក្សាបានឱ្យដឹងថា ការខ្វះជាតិសង្ក័សីអាចធ្វើឱ្យយើងបាក់ទឹកចិត្ត ដូច្នេះយើង​អាច​ញុំា​អាហារ​សម្បូរជាតិសង្ក័សីដូចជា សណ្តែក គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ គ្រាប់ល្ពៅ និង គ្រឿង សមុទ្រ​ជាដើម។

    ៦. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣​

    ការញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣ ដូចជាត្រីសាម៉ុង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់ឈៀ​ឬផ្លែបឺរជាដើមអាចជួយឱ្យយើងមានអារម្មណ៍ល្អ ហើយថែមទាំងមានប្រយោជន៍ច្រើនដល់សុខភាព​យើង​ទៀតផង។

    ៧. ចៀសវាងគ្រឿងស្រវឹង

    ការញុំាគ្រឿងស្រវឹងមិនត្រឹមតែមិនអាចបំបាត់ទុកយើងទេ តែធ្វើឱ្យអាការៈ​បាក់ទឹកចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ព្រោះជាតិអាល់កុលក្នុងគ្រឿងស្រវឹងអាចធ្វើឱ្យថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តគ្មានប្រសិទ្ធិភាព។

    ម្យ៉ាងទៀត គ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់សុខភាពទូទៅ​របស់យើង​ដែល​ធ្វើ​ឱ្យ​អាការៈជំងឺ​ទឹកនោមផ្អែម​កាន់តែធ្ងន់ធ្ងរ។

    ៨. ឈប់គិតអវិជ្ជមាន

    ជំងឺបាក់ទឹកចិត្តមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍មិនល្អប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យយើងគិត​អវិជ្ជមាន​ច្រើនទៀតផង។ ការព្យាយាមគិតវិជ្ជមាន និងអ្វីល្អៗអាចជួយឱ្យអារម្មណ៍​យើង​ប្រសើរ​ឡើង។

    អ្នកជំងឺទឹកនោមផ្អែមដែលមានអាការៈបាក់ទឹកចិត្តយូរជាងពីរសប្តាហ៍ គួរទៅពិគ្រោះជាមួយ​ពេទ្យ​ចិត្តសាស្រ្ត ព្រោះបើទុកយូរនឹងបណ្តាលឱ្យអាការៈ​ជំងឺកាន់តែធ្ងន់ធ្ងរ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការកាត់បន្ថយអាការៈបាក់ទឹកចិត្ត៖
    • ចំណាយពេលធ្វើរឿងចូលចិត្តដូចជា ជួប​ជុំបងប្អូន មិត្តភ័ក្ដិ ដើរផ្សារ ដើរលំហែរជាដើម
    • ហាត់ប្រាណដើម្បីឱ្យអារម្មណ៍ល្អ
    • កាត់បន្ថយភាពតានតឹងតាមរយៈការស្តាប់តន្រ្តី តាំងសមាធិ ហាត់យូហ្កា ដើរលំហែរជាដើម
    • គេងឱ្យបានឱ្យបាន ៨ ម៉ោងក្នុងមួយថ្ងៃ
    • ញុំាអាហារសម្បូរជាតិសង្ក័សី ព្រោះការខ្វះជាតិសង្ក័សី​អាចធ្វើឱ្យយើងបាក់ទឹកចិត្ត
    • ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា-៣ ដើម្បី​ជួយ​​ឱ្យយើងមានអារម្មណ៍ល្អ
    • ចៀសវាងគ្រឿងស្រវឹងអាចធ្វើឱ្យថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តគ្មានប្រសិទ្ធិភាព និងធ្វើឱ្យអាការៈជំងឺ​ទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ
    • ឈប់គិតអវិជ្ជដើម្បីឱ្យមានអារម្មណ៍ល្អ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម