ការឃាត់ឈាមសង្រ្គោះបឋមត្រឹមត្រូវអាចជួយការពារការឆ្លងមេរោគ ប្រសិនបើយើងមានរបួសស្រាល ហើយអាចការពារអាយុជីវិតយើង ឬអាយុជីវិតសាច់ញាតិ ពីការហូរឈាមច្រើន ប្រសិនបើរបួសធ្ងន់។ ពេលមានរបួសហូរឈាម យើងត្រូវធ្វើបែបណាដើម្បីឃាត់ឈាមបានលឿន និងកុំឱ្យឆ្លងមេរោគ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា មិនថារបួសស្រាល ឬធ្ងន់ទេ ប្រសិនបើយើងមិនបានធ្វើការសង្រ្គោះបឋមបានត្រឹមត្រូវទេ របួសនោះអាចឆ្លងមេរោគ។ ប្រសិនបើរបួសតូច យើងអាចឃាត់ឈាមដូចតទៅ៖
១. ខ្ទប់មុខរបួស
ប្រសិនបើយើងរបួសនៅលើជើង ឬដៃ ហើយហូរឈាមច្រើន យើងត្រូវលើកជើង ឬដៃឱ្យខ្ពស់ជាងបេះដូងដើម្បីកាត់បន្ថយល្បឿនឈាមហូរ រួចយកកំប្រេស ឬកំណាត់ស្អាតមកខ្ទប់មុខរបួស។
ប្រសិនបើឈាមហូរជោកកំប្រេស ឬកំណាត់ យើងត្រូវយកកំប្រេស ឬកំណាត់បន្ថែមមកទប់មុខរបួស។ ពេលទប់មុខរបួស យើងមិនត្រូវយកកំប្រេស ឬកំណាត់ចេញដើម្បីមើលថា ឈាមឈប់ហូរឬនៅទេ។
យើងត្រូវទប់មុខរបួសរហូតប្រហែល ៤ ទៅ ៥ នាទីដើម្បីឱ្យឈាមឈប់ហូរ។ ប្រសិនបើមុខរបួសនៅតែហូរឈាម យើងត្រូវសង្កត់ និងទប់មុខរបួសរយៈពេល ១៥ នាទីដើម្បីឱ្យឈាមកកលែងហូរ។ ប្រសិនបើឈាមនៅតែហូរទៀត យើងត្រូវហៅឡានពេទ្យ ឬត្រូវទៅពេទ្យជាបន្ទាន់។
២. លាងមុខរបួស
នៅពេលដែលមុខរបួសឈប់ហូរឈាម យើងត្រូវយកកំប្រេស ឬកំណាត់ចេញពីមុខរបួសថ្នមៗ។ បន្ទាប់មកលាងសម្អាតមុខរបួស និងស្បែកជុំវិញមុខរបួសជាមួយអាល់កុល ឬបេតាឌីន (ទឹកថ្នាំសម្លាប់មេរោគ)។
ប្រសិនបើគ្មានអាល់កុល ឬបេតាឌីន យើងអាចជូតសម្អាតស្បែកជុំវិញមុខរបួសជាមួយសាប៊ូ និងទឹក ប្រសិនបើតំបន់ជុំវិញមុខរបួសប្រឡាក់ ឬកខ្វក់ដើម្បីការពារការឆ្លងមេរោគ តែយើងត្រូវជូតលាងថ្នមៗកុំឱ្យមុខរបួសហូរឈាមម្តងទៀត។
លើសពីនេះទៅទៀត យើងត្រូវចាប់យកកម្ទេចកឈើ អំបែង ឬកំណាត់ចេញពីមុខរបួសឱ្យអស់ ប្រសិនបើមាន។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៣. បិទ ឬរុំមុខរបួស
បន្ទាប់មក យើងត្រូវបិទ ឬរុំមុខរបួសជាមួយបង់បិទដំបៅ ឬបង់រុំរបួសទៅតាមទំហំមុខរបួសដើម្បីការពារកុំឱ្យឆ្លងមេរោគ ឬហូរឈាមថែមទៀត។
ប្រសិនបើរបួសជ្រៅ ធំ មានប្រហោងអាចមើលឃើញដល់ខ្លាញ់ សាច់ដុំ ឬឆ្អឹង ទោះបីជាយើងអាចឃាត់ឈាមឱ្យលែងហូរ ឬមិនសូវហូរក៏ដោយ យើងត្រូវទៅពេទ្យឱ្យគ្រូពេទ្យពិនិត្យមើល ដេរ ឬធ្វើការព្យាបាលបន្ថែម។
បើក្នុងករណីរបួសធ្ងន់ធ្ងរ យើងត្រូវហៅឡានពេទ្យសង្រ្គោះបន្ទាន់ ឬត្រូវទៅពេទ្យជាបន្ទាន់ តែមុនពេលឡានពេទ្យមកដល់ ឬមុនទៅពេទ្យ យើងអាចធ្វើការឃាត់ឈាមសង្រ្គោះបឋមបាន។
ជាចុងក្រោយ ដើម្បីឱ្យមុខរបួសជាសះស្បើយលឿន និងមិនឆ្លងមេរោគ យើងត្រូវថែមុខរបួសឱ្យស្អាត និងកុំឱ្យត្រូវទឹក។ យើងក៏ត្រូវលាងមុខរបួសជាមួយបេតាឌីន និងប្តូរបង់រុំរបួសរាល់ថ្ងៃដែរ បើចាំបាច់។
ប្រសិនបើបន្ទាប់ពីរុំរបួសហើយ យើងមានអាការៈក្តៅខ្លួន ឈឺមុខរបួសកាន់តែខ្លាំងទៅៗ ហើមមុខរបួស ឬមុខរបួសមានខ្ទុះ មានន័យថាមុខរបួសឆ្លងមេរោគហើយ។ ប្រសិនបើអាការៈធ្ងន់ធ្ងរ យើងត្រូវទៅជួបពេទ្យ។
ពេលធ្វើការឃាត់ឈាមសង្រ្គោះបឋម យើងត្រូវសម្អាតដៃជាមួយអាល់កុល ជាពិសេសពាក់ស្រោមដៃពេទ្យដើម្បីការពារការចម្លងមេរោគចូលមុខរបួស ឬការពារខ្លួនយើងពីការឆ្លងមេរោគ ឬវីរុសពីឈាមអ្នករបួស។
គួរអាន៖
- ពេលរបួស បិទបង់ស្អិតឲ្យជិត និងទុកចំហ មួយណាឆាប់ជាជាង?
- លម្អិតពីជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ
- ប្រការគួរធ្វើក្រោយឆ្កែខាំ ដើម្បីបង្ការជំងឺឆ្កែឆ្កួត
- ចំណុចគួរធ្វើ និងមិនគួរធ្វើពេលមានអាការៈឈាមច្រមុះ
- ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន
- តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន
[embed-health-tool-bmi]