មូលហេតុចម្បងៗ ដែលបណ្ដាលឲ្យបង់បាត់ទារកក្នុងផ្ទៃ ទាំងមិនទាន់ឃើញពន្លឺថ្ងៃ អាចមកកត្តាសុក លក្ខខណ្ឌរបស់ខ្លួនឯង និងការធ្វេសប្រហែសរបស់ម្តាយផងដែរ។
ការធ្វេសប្រហែសរបស់ម្តាយទាំងប៉ុន្មាននេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ អះអាងថា អាចធ្វើឲ្យកូនស្លាប់ក្នុងពោះ។
[embed-health-tool-due-date]
១. មិនបានតាមដានសុខភាពទៀងទាត់
ការដែលមិនបានតាមដានសុខភាពខ្លួន និងគភ៌ឲ្យបានទៀងទាត់ ក៏ជាបញ្ហាប្រឈមមួយដែរ។ ការតាមដានសុខភាព និងពិនិត្យផ្ទៃពោះជាប្រចាំជាមួយគ្រូពេទ្យជំនាញពិតជាសំខាន់ណាស់ ព្រោះអាចដឹងពីការលូតលាស់របស់គភ៌ ភាពមិនប្រក្រតីរបស់គភ៌ បើមានបញ្ហានោះអាចជួយបានទាន់ពេលវេលា។ ចាប់ពីពេលពពោះ រហូតដល់ថ្ងៃសម្រាល ស្រីៗត្រូវទៅពិនិត្យផ្ទៃពោះយ៉ាងហោចឲ្យបាន ៤ ដង។
២. ប្រើថ្នាំផ្តេសផ្តាសដោយគ្មានវេជ្ជបញ្ជា
ប្រើថ្នាំផ្តេសផ្តាសអំឡុងពពោះដោយគ្មានពិគ្រោះជាមួយគ្រូពេទ្យ ឬគ្មានវេជ្ជបញ្ជា មានផលប៉ះពាល់ច្រើនណាស់ ដែលក្នុងករណីធ្ងន់ធ្ងរកូនអាចរលូត ឬស្លាប់ក្នុងពោះ។ ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំអ្វីមួយពិតជាសំខាន់ ព្រោះមុននឹងឲ្យថ្នាំ ឬចេញវេជ្ជបញ្ជានោះ គ្រូពេទ្យបានមើលពីស្ថានភាពសុខភាពម្តាយ និងកូន ពីអាយុគភ៌ តើអាចប្រើថ្នាំប្រភេទនេះបានអត់ ប្រើកម្រិតណាទើបមិនប៉ះពាល់កូន។
៣. ជក់បារី និងផឹកស្រា
ការជក់បារី និងផឹកស្រា ពេលពពោះបង្កគ្រោះថ្នាក់ខ្លាំងណាស់ ក្រៅពីធ្វើឲ្យទារកលូតលាស់មិនប្រក្រតី កូនកើតមិនគ្រប់ខែ ក៏អាចបង្កឲ្យកូនស្លាប់ក្នុងពោះដែរ។
៤. ទៅជិតអ្នកជំងឺឆ្លង
ស្រីៗមានផ្ទៃពោះមិនត្រូវនៅជិតអ្នកជំងឺឆ្លងគ្រប់ប្រភេទ ពិសេសអ្នកកើតជំងឺស្អូច ឬអុតស្វាយ ព្រោះជំងឺនេះឆ្លងតាមរយៈតំណក់ទឹកមាត់ ក្អក ឬកណ្តាស់អ្នកជំងឺ។ បើឆ្លង ឬកើតជំងឺទាំង២នេះអាចប៉ះពាល់ដល់កូន ធ្វើឲ្យកូនស្លាប់ក្នុងពោះ ឬកើតមកមិនគ្រប់លក្ខណៈ ដូចជាក្បាលតូច ឬធំ ថ្លង់ មានបញ្ហាភ្នែក ត្រចៀក សួត បេះដូង ប្រព័ន្ធប្រសាទជាដើម។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?