ជំងឺស្វិតសាច់ខួរក្បាល ប៉ះពាល់ទៅដល់ចលនា និងឥរិយាបថរបស់សាច់ដុំដែលខួរក្បាលមិនអាចបញ្ជាបាន។ ជំងឺនេះ កើតឡើងភាគច្រើននៅពេលខួរក្បាលកំពុងលូតលាស់ ពិសេសនៅពេលគភ៌កំពុងលូតលាស់ក្នុងពោះម្ដាយ។
បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនសែនសុខ ឲ្យដឹងថា ម៉ាក់ៗពពោះគ្រប់រូប គួរមានការប្រុងប្រយ័ត្នឲ្យមែនទែន ដោយជំងឺមួយចំនួនដែលម៉ាក់ៗឆ្លងអំឡុងពេលពពោះ អាចប៉ះពាល់ទៅដល់ការលូតលាស់គភ៌ផ្នែករាងកាយសំខាន់ៗដូចជាខួរក្បាលជាដើម។ ការឆ្លងមេរោគ ឬការប៉ះពាល់ជាតិពុលផ្សេងៗអំឡុងពេលពពោះ អាចបង្កើនហានិភ័យខ្ពស់ក្នុងការកើតជំងឺស្វិតសាច់ខួរក្បាលដល់ទារកដូចជា៖
- វីរុស Cytomegalo៖ វីរុសនេះបង្ករោគសញ្ញាដូចជំងឺផ្ដាសាយ និងអាចបណ្ដាលឲ្យមានបញ្ហាពិការភាពពីកំណើត ប្រសិនបើម៉ាក់ៗឆ្លងវីរុសនេះក្នុងពេលមានផ្ទៃពោះ។
- ស្អូច (German Measal)៖ កាលណាម៉ាក់ៗកើតស្អូចអំឡុងពេលពពោះ អាចបណ្ដាលឲ្យកើតបញ្ហាពិការភាពកំណើត តែម៉ាក់ៗអាចការពារការកើតស្អូចនេះបានដោយចាក់វ៉ាក់សាំង។
- រើម៖ មេរោគនេះអាចចម្លងពីម្ដាយទៅកូនក្នុងផ្ទៃ ប៉ះពាល់ដល់ទងសុក និងផ្ទៃម្ដាយ។ ការរលាកដែលបង្កឡើងដោយការឆ្លងមេរោគនេះអាចធ្វើឲ្យខូចខាតដល់ប្រព័ន្ធសរសៃប្រសាទដែលកំពុងលូតលាស់របស់គភ៌ក្នុងផ្ទៃ។
- មេរោគស្វាយ៖ មេរោគឆ្លងតាមការរួមភេទនេះ ក៏បង្កើនហានិភ័យក្នុងការលូតលាស់របស់គភ៌ក្នុងផ្ទៃបានដែរ។
- ជំងឺ Toxoplasmosis៖ មេរោគនេះឆ្លងតាមរយៈចំណីអាហារកខ្វក់ ឬតាមលាមកសត្វឆ្មារ ដែលអាចប៉ះពាល់ដល់អាអូនក្នុងផ្ទៃ។
- វីរុស Zika៖ ទារកដែលឆ្លងជំងឺ Zika ក្នុងផ្ទៃបណ្ដាលឲ្យទំហំក្បាលកូនតូចជាងធម្មតា និងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្វិតសាច់ខួរក្បាល។
វេជ្ជបណ្ឌិតរូបនេះបន្តថា ក្រៅពីការឆ្លងមេរោគអំឡុងពេលពពោះដូចដែលបានរៀបរាប់ខាងលើមក នៅមានកត្តាមួយចំនួនផ្សេងទៀត ក៏ចូលរួមក្នុងការបង្កើនហានិភ័យទារកក្នុងផ្ទៃកើតជំងឺស្វិតសាច់ខួរក្បាលនេះដែររួមមាន កូនមិនគ្រប់ទម្ងន់ មិនគ្រប់ខែ កូនភ្លោះ។ល។
[embed-health-tool-child-growth-chart]
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?