អាការៈឈឺចាប់ទ្វារមាសកើតឡើងជាទូទៅចំពោះស្រីៗយើង ប៉ុន្តែប្រសិនបើការឈឺទ្វារមាសនេះ កើតឡើងជាញឹកញាប់ អំឡុងពេលមានគភ៌ វាអាចធ្វើឲ្យម៉ាក់ៗមានការព្រួយបារម្ភជាក់ជាមិនខាន។ ក្នុងករណីភាគច្រើន ការឈឺចាប់ទ្វារមាសអំឡុងពេលមានគភ៌នេះ មិនមែនជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយឡើយ។
មូលហេតុអ្វីបានជាស្ត្រីពពោះឈឺទ្វារមាស?
ជាក់ស្ដែង ការឈឺទ្វារមាស ឬអាងត្រគាកអំឡុងពេលមានផ្ទៃពោះ កើតឡើងដោយសារកត្តាជាច្រើន ខណៈពេលដែលរាងកាយម៉ាក់ៗព្យាយាមសម្របទៅនឹងការផ្លាស់ប្ដូរថ្មី។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលបណ្ដាលឲ្យមានការឈឺចាប់នៅទ្វារមាស។
១. លំហូរឈាម
អំឡុងពេលពពោះ លំហូរឈាមនឹងកើនឡើងនៅក្នុងស្បូន ដែលបណ្ដាលឲ្យមានការឈឺចាប់នៅក្នុងបរិវេណទ្វារមាស។ បរិវេណនោះនឹងងាយឈឺចាប់ ព្រមទាំងហើម។ មួយវិញទៀត ការឈឺចាប់នេះក៏អាចបណ្ដាលមកពីជំងឺរីកសរសៃឈាមទ្វារមាស ឬរីកសរសៃឈាមនៅក្នុងតំបន់អាងត្រគាកផងដែរ។
២. ការឆ្លងមេរោគ
ជាមួយគ្នានេះដែរ ការឈឺចាប់ទ្វារមាសក៏អាចកើតឡើងដោយសារតែការឆ្លងមេរោគផ្សិតនៅជុំវិញបរិវេណទ្វារមាស។ ពេលខ្លះ ការបង្ករោគនៅអាងត្រគាក/ទ្វារមាសក៏អាចបណ្ដាលឲ្យមានការឈឺចាប់ រួមជាមួយរោគសញ្ញាដទៃទៀត ដូចជាការធ្លាក់ទឹករម្អិលពីទ្វារមាស ចង្អោរ រាករូស ឬឈឺខ្នង។
៣. ការរីកមាត់ស្បូន
ប្រសិនបើម៉ាក់ៗមានអារម្មណ៍ឈឺដូចត្រូវគេចាក់ ជាពិសេសនៅត្រីមាសចុងក្រោយនៃការពពោះ វាអាចបណ្ដាលមកពីការរីកមាត់ស្បូន។ ជាទូទៅ មាត់ស្បូនរីកធំនៅរយៈពេលពីរបីសប្ដាហ៍មុនពេលសម្រាលកូន ហើយវាអាចនាំឲ្យមានការឈឺចាប់ និងធ្លាក់ឈាម។
៤. សម្ពាធគភ៌
ទារកដែលកំពុងលូតលាស់បានដាក់សម្ពាធលើតំបន់អាងត្រគាក ដែលលាងសន្ធឹងលើសរសៃចំណងឆ្អឹង និងសាច់ដុំ ដែលបណ្ដាលឲ្យមានការឈឺចាប់។ ការឈឺចាប់នេះអាចមានរយៈពេលពីរបីវិនាទី ឬប៉ុន្មាននាទី និងពេលខ្លះ យូរជាងនេះ។ វាអាចកើតឡើងនៅត្រីមាសទី១ នៅពេលដែលស្បូនរីកធំ និងដាក់សម្ពាធលើប្លោកនោម និងរន្ធគូទ ឬនៅត្រីមាសទី២ នៅពេលដែលទារកសង្កត់លើតំបន់អាងត្រគាក ឬនៅត្រីមាសទី៣ ខណៈពេលដែលទារកធ្វើចលនា។

៥. ការមានផ្ទៃពោះក្រៅស្បូន
ការឈឺចាប់ក្នុងទ្វារមាស ជារោគសញ្ញានៃការមានកូនក្រៅស្បូន ដែលជាធម្មតា វាមានការពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ។ រោគសញ្ញាផ្សេងទៀតនៃការមានកូនក្រៅស្បូននេះ អាចមានធ្លាក់ឈាមខុសប្រក្រតី ឈឺទ្រូង វិលមុខ ឈឺខ្នងផ្នែកខាងក្រោម ដួលសន្លប់ ដកដង្ហើមខ្លីៗ និងសម្ពាធឈាមទាប។
ការឈឺចាប់ក្នុងទ្វារមាសក៏អាចកើតឡើងដោយសារតែមូលហេតុផ្សេងទៀត ដូចជាការទល់លាមក និងការស្ទះ បន្ទាប់ពីការរួមភេទ ឬធ្វើលំហាត់ប្រាណ ឬឥរិយាបថគេងមិនត្រឹមត្រូវ ឬបញ្ហាស្រ្តេស។
[embed-health-tool-due-date]
ទន្ទឹមនឹងនេះដែរ ការឈឺទ្វារមាសដែលដូចទៅនឹងការចុកពោះ រួមជាមួយនឹងការធ្លាក់ឈាម អាចបង្ហាញពីការរលូតកូន ឬមានកូនក្រៅស្បូននៅក្នុងត្រីមាសដំបូង។ ហេតុនេះហើយ ប្រសិនបើម៉ាក់ៗមានអារម្មណ៍ឈឺចាប់ទ្វារមាស ចូរព្យាយាមកំណត់ថាវាជាបញ្ហាធម្មតា ឬធ្ងន់ធ្ងរ។
តិចនិកកាត់បន្ថយការឈឺចាប់ទ្វារមាស អំឡុងពេលមានគភ៌
- គេងផ្អៀងទៅខាងឆ្វេង ព្រោះវាអាចជួយសម្រួលដល់ចរន្តឈាម និងកាត់បន្ថយសម្ពាធក្នុងទ្វារមាស។
- នៅពេលអង្គុយ ចូរលើកជើងឡើង ដើម្បីកាត់បន្ថយសម្ពាធ និងការឈឺចាប់។
- ងូតទឹកក្ដៅឧណ្ហៗ
- ធ្វើការម៉ាស្សាងាយៗ ដូចជាយូហ្គា និងហែលទឹក ពីព្រោះវាអាចជួយធ្វើឲ្យចរន្តឈាមប្រសើរឡើង និងពង្រឹងសាច់ដុំ ដោយកាត់បន្ថយការឈឺចាប់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?




















