បើម៉ាក់ៗចេះតែមានអារម្មណ៍នៅមិនសុខ ចង់កម្រើកជើងចុះឡើងមិនឈប់ នេះអាចជាសញ្ញានៃ ជំងឺជើងនៅមិនស្ងៀម ឬ Restless legs syndrome។ រោគសញ្ញានៃជំងឺ នេះអាចមានលក្ខណៈស្រាល ឬធ្ងន់ធ្ងរដែលធ្វើឲ្យយើងមិនអាចសម្រាកបានគ្រប់គ្រាន់។ ជាក់ស្តែង បញ្ហាមួយនេះមិនត្រឹមតែកើតលើស្ត្រីពពោះប៉ុណ្ណោះទេ សូម្បីតែបុរស កុមារ និងស្ត្រីដែលពុំមានផ្ទៃពោះក៏អាចប្រឈមនឹងជំងឺនេះដែរ។ ស្រីៗយើងមានហានិភ័យនៃការកើតជំងឺនេះខ្ពស់ជាងបុរសដល់ទៅ២ដង ហើយប្រមាណជា២០%នៃស្ត្រីពពោះ អាចកើតមានរោគសញ្ញានេះនៅត្រីមាសណាមួយអំឡុងពេលពពោះ ដែលជាធម្មតា គឺកើតឡើងនៅពេលដែលម៉ាក់ៗសម្រាក ជាពិសេសមុនពេលចូលគេងតែម្តង។
ភាគច្រើន យើងអាចមានរោគសញ្ញានៃជំងឺជើងនៅមិនស្ងៀមនៅជើងផ្នែកខាងក្រោម ប៉ុន្តែពេលខ្លះ ក៏អាចចុករួយនៅត្រង់ប្រអប់ជើង ភ្លៅ ដៃ ឬប្រអប់ដៃផងដែរ។ ថ្វីត្បិតតែការកម្រើកអវយវៈ អាចធ្វើឲ្យយើងទទួលអារម្មណ៍ធូរស្បើយភ្លាមៗក៏ពិតមែន ប៉ុន្តែនៅពេលដែលយើងឈប់កម្រើក នោះភាពរសាប់រសល់នឹងកើតឡើងម្តងទៀត។
ជំងឺជើងនៅមិនស្ងៀមប៉ះពាល់ដែរអត់អំឡុងពេលពពោះ?
ជំងឺនេះ អាចធ្វើឲ្យម៉ាក់ៗពិបាកគេង អស់កម្លាំង ក៏ដូចជាមិនអាចបំពេញមុខងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព ផងដែរ។ យ៉ាងណាមិញ ជំងឺជើងនៅមិនស្ងៀម ឬចុករួយជើង មិនបង្កផលប៉ះពាល់ដល់ម៉ាក់ៗ និងទារកក្នុងផ្ទៃឡើយ។ ចំពោះស្ត្រីដែលកើតជំងឺនេះនៅអំឡុងពេលពពោះ អាចនឹងបាត់ទៅវិញដោយខ្លួនឯង។ ជាធម្មតា រោគសញ្ញានៃជំងឺនេះកើតឡើងអំឡុងត្រីមាសទី៣ និងអាចបាត់ទៅវិញក្រោយសម្រាលកូនរួច ឬយូរជាងនេះ។
ជំងឺជើងនៅមិនស្ងៀមកើតឡើងបណ្តាលមកពីមូលហេតុអ្វី?
ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់ដឹងច្បាស់ពីមូលហេតុបង្កជាក់លាក់ឡើយ ប៉ុន្តែជំងឺនេះ អាចកើតមាននៅក្នុងគ្រួសារ។ ចំណែកឯស្ត្រីដែលមានជំងឺជើងនៅមិនស្ងៀមស្រាប់ នឹងមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរអំឡុងពេលពពោះ។ យ៉ាងណាមិញ មានទ្រឹស្ដីខ្លះបានឲ្យដឹងថា កត្តាមួយចំនួនដូចជាកង្វះជាតិដែក កង្វះអាស៊ីដហ្វូលីក និងការប្រែប្រួលអ័រម៉ូន អាចបណ្តាលឲ្យម៉ាក់ៗដែលមិនធ្លាប់មានជំងឺជើងនៅមិនស្ងៀមសោះ កើតមានជំងឺនេះអំឡុងពេលពពោះ។
[embed-health-tool-due-date]
គន្លឹះកាត់បន្ថយជំងឺជើងនៅមិនស្ងៀមអំឡុងពេលពពោះ
- ជៀសវាងញ៉ាំកាហ្វេ ទឹកក្រូចកំប៉ុង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដទៃទៀត
- ហាត់ប្រាណជារៀងរាល់ថ្ងៃ
- កំណត់ពេលវេលាចូលគេងទៀងទាត់។
- ងូតទឹកក្តៅឧណ្ហៗមុនពេលចូលគេង
- ស្អំកំណាត់ក្តៅ
- ម៉ាស្សាជើង ប្រសិនបើជំងឺជើងនៅមិនស្ងៀមរំខានដល់ដំណេកម៉ាក់ៗ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?