កាន់តែកៀកថ្ងៃសម្រាលកូនម៉ាក់ៗរឹតតែត្រូវប្រយ័ត្នប្រយែងខ្លួន ចៀសវាងធ្វើរឿងមួយចំនួននាំឲ្យប៉ះពាល់កូនក្នុងផ្ទៃ។ ក្នុងនោះលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ណែនាំរឿងគ្រោះថ្នាក់មួយចំនួន ដែលម៉ាក់ៗគ្រប់ខែគួរតែប្រុងប្រយ័ត្ន។
– កុំឈរយូរពេក ព្រោះអាចនាំឲ្យវិលមុខដួល
– កុំធ្វើការនៅក្រោមកម្ដៅថ្ងៃ នាំឲ្យងងឹតមុខ
– ប្រយ័ត្នប្រយែងចំណីអាហារផ្អាប់ ព្រោះនាំឲ្យឈឺពោះ ឬរាករូស
– កុំអង្គុយលើកៅអី អង្រឹង ឬគ្រែចាស់ៗ ខ្លាចបែកបាក់ ដាច់រហែកនាំឲ្យគ្រោះថ្នាក់
– កុំឡើងចុះកន្លែងខ្ពស់តែម្នាក់ឯង
– កុំធ្វើការងារលីសែងធ្ងន់ធ្ងរ លើសកម្លាំង
– កុំអង្គុយធ្វើការតែមួយកន្លែងរយៈពេលច្រើនម៉ោង
– កុំដើរហើរផ្លូវឆ្ងាយ
– កុំស្លៀកពាក់រឹបតឹងពេក ព្រោះពិបាកក្នុងការដង្ហើម
– ប្រយ័ត្នប្រយែងកន្លែងមានទឹក ព្រោះអាចរអិលដួល

លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ម៉ាក់ៗត្រូវញ៉ាំអាហារល្អៗដែលមានតុល្យភាពចំពោះសុខភាព ដើម្បីចៀសវាងការខ្វះ ឬលើសឈាម និងជំងឺទឹកនោមផ្អែម។ មួយវិញទៀតត្រូវឧស្សាហ៍ដើរឲ្យបានច្រើន ដើម្បីឲ្យកូនក្នុងផ្ទៃសំយុងក្បាលចូលអាងត្រគាក និងងាយស្រួលពេលសម្រាល។