អារម្មណ៍នេះស្រីៗគ្នាយើងទើបដឹងច្បាស់ ពិសេសអ្នកធ្លាប់ឆ្លងកាត់ គ្រាន់តែគិតក៏ឈឺមុនដែរ ទម្រាំដល់ថ្ងៃឆ្លងទន្លេមែនទែន មិនដឹងឈឺចាប់ប៉ុនណាទេ។ គ្នាយើងមិនទាន់ឆ្លងកាត់ គួរស្វែងយល់ និងត្រៀមខ្លួនជាស្រេច មិនថាតែម៉ាក់ទេ ប៉ាៗក៏ត្រូវត្រៀមខ្លួនដូចគ្នា ដើម្បីជួយជាកម្លាំងចិត្តប្រពន្ធជាទីស្រលាញ់។
“Hello គ្រូពេទ្យ” មានអត្ថបទពិសេសមួយណែនាំស្រីគ្នាយើងពីវិធីបំបាត់ឈឺចាប់ ពេលសម្រាល ទោះមិនបាត់ ១០០% ក៏អាចជួយបានខ្លះដែរ។
១- គ្រប់គ្រងការឈឺចាប់ដោយប្រើថ្នាំ
– Morphine៖ ជាថ្នាំបំបាត់ការឈឺចាប់ប្រភេទញៀន ប៉ះពាល់ផ្ទាល់ទៅប្រព័ន្ធសរសៃប្រសាទ។ ជាទូទៅ ត្រូវចាក់ចូលសាច់ដុំភ្លៅ ឬសាច់ដុំត្រគាក នៅដំណាក់កាលដំបូងពេលឈឺពោះសម្រាល ឬក៏អាចលេបក៏បាន។ មួយទៀត គ្នាយើងអាចប្រើថ្នាំ Fentanyl ជំនួសបាន ព្រោះវាជាថ្នាំបំបាត់ការឈឺចាប់ប្រភេទញៀនបែបសិប្បនិម្មិត មានប្រសិទ្ធភាពខ្លាំងជាងថ្នាំ Morphine ពី ៥០-១០០ ដងឯណោះ។
ទោះថ្នាំ Morphine និង Fentanyl មានប្រសិទ្ធភាពខ្ពស់ជាងផលិតផលផ្សេងទៀត តែផលប៉ះពាល់ចម្បង គឺសួតក្មេង។ ម៉ាក់ៗអាចបញ្ចេញចោលសារធាតុញៀនតាមរយៈទឹកដោះដំបូង។ ប្រសិទ្ធភាពថ្នាំ Morphine ជួនកាលអាចមានរយៈពេលដល់ទៅ ៤ ម៉ោង។
– Diamorphine៖ ឬហៅថា ហេរ៉ូអ៊ីន ជាថ្នាំបំបាត់ការឈឺចាប់ប្រភេទពាក់កណ្ដាលយោគ។ មួយផ្នែកចម្រាញ់ចេញពីដើមអាភៀនប៉ុបពី។ ក្នុងប្រទេសមួយចំនួន ជាក់ស្តែងចក្រភពអង់គ្លេស ថ្នាំ Diamorphine មានតម្រូវការច្រើនជាងថ្នាំ Morphine ព្រោះវាតម្រូវឲ្យយើងប្រើប្រាស់ពាក់កណ្ដាលប៉ុណ្ណោះ និងប្រសិទ្ធភាពដូចគ្នា។ ថ្នាំនេះត្រូវបានបញ្ជាក់ថា មានផលប៉ះពាល់តិច ដូចជា ការទល់លាមកបន្ដិចបន្តួច មានរមាស់ ដោយសារអ័រម៉ូន Histamine និងចង្អោរ។
ដូចគ្នាដែរ ថ្នាំទាំងពីរប្រភេទសុទ្ធតែបង្កផលវិបាកចំពោះប្រព័ន្ធដកដង្ហើមក្មេង ធ្វើឲ្យឈឺពោះយូរ ព្រោះវាទៅបង្អាក់ការបញ្ចេញអ័រម៉ូន Oxytocin។
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
– Epidural៖ ជាថ្នាំស្ពឹក ភាគច្រើនប្រើសម្រាប់ការឈឺពោះសម្រាល ព្រោះមានប្រសិទ្ធភាពលឿន និងយូរ។ តាមការស្រាវជ្រាវ គ្នាយើងត្រឹម ១% ប៉ុណ្ណោះដែលប្រើថ្នាំ Epidural ត្រូវការបន្ថែមកម្រិតទៀត ពេលឈឺពោះ ខណៈស្រីៗជ្រើសរើសទម្រង់ផ្សេងទៀតដើម្បីបំបាត់ការឈឺចាប់ គឺមាន ២៨%។ យ៉ាងណា ផលប៉ះពាល់ធ្វើឲ្យមានការឈឺពោះរយៈពេលយូរ និងប្រឈមនឹងការសម្រាលកូនតាមការវះកាត់។
ត្រូវប្រើផ្សំជាមួយថ្នាំប្រភេទញៀន ដូចជា Fentanyl ឬ Morphine។ អ្វីសំខាន់បំផុត ត្រូវដឹងថា ម៉ាក់ៗមានប្រតិកម្មជាមួយថ្នាំស្ពឹក ឬមានបញ្ហាកំណកឈាម គឺមិនអាចប្រើ Epidural នេះបានទេ។
– Entonox៖ ជាថ្នាំបំបាត់ការឈឺចាប់រយៈពេលខ្លី ត្រូវគេប្រើជាសកលក្នុងស្ថានភាពជំងឺជាច្រើន រាប់បញ្ចូលទាំងសម្រាលកូន។ វាជាផលិតផលភ្ជាប់មកជាមួយម៉ាស់សម្រាប់ប្រើតែម្ដង ផ្ទុកទៅដោយសារធាតុនីត្រូសែន និងអុកស៊ីសែន។ អំឡុងពេល នីត្រូសែន កាត់បន្ថយអារម្មណ៍ឈឺចាប់ អុកស៊ីសែននៅសេសសល់ ជួយយើងមិនឲ្យបាត់ស្មារតីសន្លប់។ ថ្នាំ Entonox ពេញនិយម ដោយសារតែសុវត្ថិភាព ការផ្សព្វផ្សាយ និងប្រសិទ្ធភាពបានលឿន រយៈពេលពី ២-៤ ម៉ោង រីឯផលប៉ះពាល់ បើសិនប្រើរយៈពេលយូរ អាចបណ្ដាលឲ្យវិលមុខ និងស្ងួតក។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
– Pethidine៖ គឺស្រដៀងទៅនឹង Morphine ជាថ្នាំបំបាត់ការឈឺចាប់ប្រភេទញៀនបែបសំយោគ ច្រើនប្រើលើការឈឺចាប់មានលក្ខណៈធ្ងន់ធ្ងរ ជាប្រភេទថ្នាំគ្រាប់ និងទឹកស៊ីរ៉ូ ចាក់ចូលសរសៃវ៉ែន ឬសាច់ដុំ។ នៅពេលឈឺពោះកើតកូន ជាធម្មតា ពេទ្យនឹងចាក់ទៅក្នុងសាច់ដុំភ្លៅ ឬត្រគាកស្រីៗគ្នាយើង។
វាជាប្រភេទថ្នាំញៀនមានសុវត្ថិភាព និងមានផលប៉ះពាល់តិចតួចបំផុត ជាហេតុពេទ្យឆ្មបអាចឲ្យថ្នាំ Pethidine ដោយមិនបាច់មានការអនុញ្ញាតពីវេជ្ជបណ្ឌិត។ យ៉ាងណា ប្រសិទ្ធភាពថ្នាំ Pethidine វាហាក់នៅមានកម្រិតទាប និងរយៈពេលខ្លី បើធៀបនឹងថ្នាំប្រភេទផ្សេងទៀត។ ដោយសារតែថ្នាំនេះជួនកាលធ្វើឲ្យមិនស្រួលខ្លួន ពេទ្យច្រើនលាយជាមួយថ្នាំ Anti-Emetic (ថ្នាំបង្ការក្អួត) នៅពេលឲ្យយើងប្រើប្រាស់។
– Meptid (Meptazinol)៖ ជាថ្នាំប្រភេទញៀនមួយផ្សេងទៀតមានលក្ខណៈស្រដៀង Pethidine និងថ្នាំ Morphine។ គេមិនសូវប្រើប្រាស់ញឹកញាប់ទេ ដោយសារភាពខ្សោយ និងប្រសិទ្ធភាពមានរយៈពេលខ្លី និងប៉ះពាល់តិចតួចទៅលើការដកដង្ហើមរបស់ក្មេង។ កំហាប់របស់វានៅក្នុងទឹកដោះម្ដាយ មានកម្រិតទាប។ មន្ទីរពេទ្យមួយចំនួនមិនមានផ្ដល់ថ្នាំ Meptid សម្រាប់ព្យាបាលនោះទេ ប៉ុន្ដែយើងអាចពិចារណាប្រើថ្នាំ Pethidine ឬ Diamorphine ជំនួសក៏បាន។
២- គ្រប់គ្រងការឈឺចាប់ដោយមិនប្រើថ្នាំ
តាមវិធីសាស្រ្ដធម្មជាតិ ឈឺពោះកើតកូនដោយមិនប្រើថ្នាំ មិនធ្វើឲ្យប៉ះពាល់ដល់ម៉ាក់ៗ និងអូនៗក្នុងផ្ទៃនោះទេ។ មានការណែនាំជាច្រើន តម្រូវឲ្យប៉ាៗលើកទឹកចិត្តម៉ាក់ៗ ពេលឈឺពោះកើតអូនៗ និងសម្រាលតាមបែបធម្មជាតិ បើសិនជាអាច តាមរយៈវិធីសាស្រ្ដងាយៗបែបធម្មជាតិដូចជា៖
– ដកដង្ហើម និងស្រមើស្រមៃដើម្បីគ្រប់គ្រងការកន្រ្ដាក់សាច់ដុំស្បូន។
– ចៀសវាងគេងផ្ងារ អំឡុងពេលឈឺពោះ ព្រោះនាំឲ្យកាន់តែឈឺចាប់ ហើយមាត់ស្បូនពិបាករីកធំ។
– ម៉ាស្សាសាច់ដុំត្រង់កន្លែងរឹង
– ងូតទឹកក្ដៅឧណ្ហៗ អាចកាត់បន្ថយការឈឺចាប់ និងភ័យខ្លាច។ ប៉ុន្ដែត្រូវហាមម៉ាក់ៗ បើសិនជាបែកទឹកភ្លោះ ឬមាត់ស្បូនមិនទាន់រីកដល់ ៤ សង់ទីមែត្រ។
– ប្រើទឹកក្ដៅ និងទឹកត្រជាក់ អាស្រ័យទៅតាមចំណង់ចំណូលចិត្តម៉ាក់ៗ អាចសង្កត់ទឹកក្ដៅ ឬត្រជាក់ក្រោយខ្នងដើម្បីកាត់បន្ថយឈឺចាប់។
នៅមានវិធីសាស្រ្ដផ្សេងទៀត ដូចជា ចាក់ម្ជុលវិទ្យាសាស្រ្ដ ជប់ខ្យល់ និងវិធីសណ្ដំ។ យ៉ាងណា វិធីអស់ទាំងនេះមិនទាន់មានភស្ដុតាងបែបវិទ្យាសាស្រ្ដណាមួយបញ្ជាក់ថាមានប្រសិទ្ធភាពនោះទេ។
អាន៖
- ម៉ាក់ៗបែកស្រោមទឹកភ្លោះមិនឈឺពោះ កូនកើតមកអាចមានបញ្ហាទាំងនេះ
- ម៉េចបានទឹកភ្លោះច្រើនបែរជាមានគ្រោះថ្នាក់ទៅវិញ?
- ទឹកភ្លោះល្អក់ជាសញ្ញាគ្រោះថ្នាក់?
- ទឹកភ្លោះរីង អាចឲ្យកូនស្លាប់?
[embed-health-tool-due-date]