សុកពាំងមាត់ស្បូនគឺជាការតាំងនៅ ឬការទុំរបស់សុកខុសប្រក្រតី អាចនៅគ្របដោយផ្នែក ឬគ្របលើមាត់ស្បូនទាំងស្រុង ដែលករណីស្ត្រីពពោះមានសុកពាំងស្បូនមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយនោះទេ ។ តើធ្វើម៉េចទើបដឹងថា មានសុកពាំងមាត់ស្បូន?
ត្បិតមិនមានមូលហេតុច្បាស់លាស់ តែមានកត្តាប្រឈមផ្សេងៗ ដែលធ្វើឲ្យស្ត្រីពពោះមានសុកពាំងមាត់ស្បូន ដូចជាការពពោះកូនភ្លោះ ពពោះនៅអាយុច្រើន មានកូនញឹកពេក មានដុំស្បូន រលាកដៃស្បូន។ បើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ស្ត្រីពពោះអាចដឹងថាមានសុកពាំងមាត់ស្បូន ឬមិនពាំង ដោយសារការពិនិត្យមើលអេកូពេលមានផ្ទៃពោះ ពិសេសនៅត្រីមាសទី២ ទើបដឹងថាទីតាំងរបស់សុកនៅកន្លែងណា នៅទីតាំងសុវត្ថិភាពទេ? ពាំងចំហៀង ឬក៏ពីមុខមាត់ស្បូន?
ក្រៅពីការមើលអេកូ ករណីសុកពាំងមាត់ស្បូនកម្រិតធ្ងន់ ក៏មានចេញរោគសញ្ញាឲ្យយើងដឹងដែរ ក្នុងនោះមាន ធ្លាក់ឈាមពណ៌ក្រហមព្រឿងៗ ដោយគ្មានការឈឺចាប់ នៅពាក់កណ្តាលត្រីមាសទី២ ឬក៏ស្បូនកន្ត្រាក់។ បើឃើញមានសញ្ញាទាំងនេះ ស្ត្រីពពោះចាំបាច់ត្រូវទៅជួបគ្រូពេទ្យបន្ទាន់។
[embed-health-tool-due-date]
ការតាំងនៅរបស់សុក បែងចែកជា៤៖
១. ទីតាំងសុកធម្មតា
២. សុកពាំងក្បែរមាត់ស្បូន
៣. សុកពាំងផ្នែកខ្លះនៃមាត់ស្បូន
៤. សុកពាំងនៅចំមាត់ស្បូន
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន ថា សុកពាំងមាត់ស្បូនកម្រិតទី៣ និងទី៤ នេះគ្រោះថ្នាក់ខ្លាំង បើគ្រូពេទ្យពិនិត្យឃើញករណីនេះនៅអំឡុងត្រីមាសទី១ នោះគ្រូពេទ្យនឹងតម្រូវឲ្យរំលូតកូនចោល ឬកាត់ស្បូនចេញ។ តែប្រសិនបើពិនិត្យករណីនេះនៅត្រីមាសទី៣ ជិតដល់ពេលសម្រាលកូន នោះគ្រូពេទ្យនឹងតម្រូវឲ្យសម្រាលកូនដោយវះកាត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់។
អត្ថបទពាក់ព័ន្ធ៖
- អ្វីជាសុក ហើយសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រីពពោះ?
- ត្រូវដឹង និងប្រយ័ត្ន! អំឡុងពពោះ សុកអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ៣ យ៉ាងនេះ
- សុកពាំងនៅចំមាត់ស្បូន ត្រូវធ្វើម៉េច? កូន និងម្តាយជួបផលវិបាកអីខ្លះ?
- បើមានបញ្ហាសុកពាំងមាត់ស្បូន មានសញ្ញាអ្វីខ្លះទៅ?
- ស្រីៗពពោះត្រូវប្រយ័តុ្ន ភាគល្អិតនៃផ្សែងពុល អាចចូលក្នុងសុកទៅចិញ្ចឹមកូន