ពេលស្ត្រីកូនខ្ចី គ្រាន់តែមិនស្រួលខ្លួនបន្តិច ចាស់ៗគិតថា ម៉ាក់ៗទាស់សរសៃខ្ចី ហើយខំប្រឹងទៅរកថ្នាំខ្មែរ ថ្នាំបុរាណមកដាំផឹក ដើម្បីកុំឲ្យទាស់ខ្លាំង ខ្លាចប៉ះពាល់ដល់សុខភាពម៉ាក់ៗទើបសម្រាល។ តាមពិតទៅ បើតាមអ្នកជំនាញវេជ្ជសាស្ត្រ គ្មានទេការទាស់ក្រោយសម្រាលកូននោះ ហើយការប្រើថ្នាំបុរាណមកព្យាបាលជារឿងគិតខុសបំផុតដែរ។
លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យពន្យល់ឲ្យដឹងថា ដោយសារតែជំនឿអំពីឱសថផ្សំដោយសត្វព្រៃ ពលរដ្ឋខ្មែរយល់ខុសសម្លាប់សត្វទាំងនោះ យកមកធ្វើថ្នាំព្យាបាលរោគច្រើនប្រភេទ រួមមានថ្នាំការពារមិនឲ្យទាស់ចំពោះស្ត្រីកូនខ្ចី។ ជួនកាល សូម្បីតែអំឡុងពេលពពោះ ម៉ាក់ៗខ្លះផឹកថ្នាំខ្មែរ ដើម្បីកើតកូនមកស្រួល តែវាផ្ដល់ផលប៉ះពាល់ច្រើនវិញដល់សុខភាពម្ដាយ និងគភ៌។
នេះជាជំនឿតៗគ្នាយូរមកហើយ តាមពិតទៅវាមិនមានវិទ្យាសាស្ត្រវេជ្ជសាស្ត្របញ្ជាក់ថា សត្វព្រៃ ឬឫសឈើធ្វើថ្នាំការពារជំងឺអ្វីទេ។ លោកលើកឧទាហរណ៍ថា ពលរដ្ឋខ្លះយកសត្វពង្រូល ពោះប្រម៉ា ឆ្អឹងសត្វទេស សត្វរញីជាដើម យកទៅធ្វើថ្នាំ ប៉ុន្តែ វាគ្រាន់តែជាជំនឿតៗគ្នារបស់មនុស្សតែប៉ុណ្ណោះ មិនមែនជាថ្នាំស្អីនោះទេ។
[embed-health-tool-baby-poop-tool]
ផ្ទុយទៅវិញ សត្វព្រៃតែងមានជំងឺជាប់ខ្លួន ហើយវាអាចជាហានិភ័យសម្រាប់សុខភាពមនុស្ស ព្រោះសត្វព្រៃមិនបានចាក់ថ្នាំបង្ការដូចសត្វនៅក្នុងស្រុកទេ បើយើងញ៉ាំទៅវា នឹងបង្កឲ្យប៉ះពាល់ដល់សុខភាពយើងវិញ និងបង្កឲ្យបាត់បង់សត្វព្រៃថែមទៀត។
វេជ្ជបណ្ឌិតដដែលបានឲ្យដឹងថា ស្ត្រីស្គមរីងរៃ គ្មានទឹកដោះឲ្យកូនបៅ ឬជួបបញ្ហាសុខភាពផ្សេងក្រោយសម្រាលកូន ភាគច្រើនបណ្ដាលមកពីកង្វះអាហារូបត្ថម្ភ និងគ្មានអនាម័យពេលសម្រាលជាដើម មិនមែនមកពីទាស់អីហ្នឹងទេ។ ក្នុងករណីស្ត្រីមិនស្រួលខ្លួន មុនសម្រាលក្ដី ឬក្រោយសម្រាលក្ដី ជម្រើសល្អបំផុតចំពោះសុខភាពនោះ គឺការទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ មានឧបករណ៍ពិនិត្យសុខភាពច្បាស់លាស់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?