គ្នាយើងប្រាកដជាដឹងហើយថា ការទំពាអាហារម៉ត់ល្អ មានប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ ជួយឱ្យរាងកាយស្រូបយកជីវជាតិវីតាមីន បានគ្រប់គ្រាន់។ តែយ៉ាងណាមិញ យើងអាចនឹងភ្លេច ឬបង្កើតទម្លាប់លេបអាហារចូល ដោយពុំបានទំពាត្រឹមត្រូវ ដោយសារកត្តាមួយចំនួនដូចជា ករណីប្រញាប់ ឬទម្លាប់ញ៉ាំអាហារធំៗ ឬតូចពេក ដូចនេះ គ្នាយើងអាចស្វែងយល់ និងដឹងពីរបៀបទំពាអាហារបានល្អ ដូចខាងក្រោមនេះ៖
គ្រូពេទ្យជំនាញបាននិយាយថា កាលណាយើងញ៉ាំអាហារលឿនពេក នោះយើងនឹងមានទំនោរញ៉ាំច្រើន។ ការញ៉ាំអាហារដោយទំពាច្រើនដង ជួយឱ្យឆាប់ឆ្អែត និងបន្ថយបរិមាណអាហារមិនចាំបាច់ ដែលយើងត្រូវទទួលបាន ពោលគឺមិនធ្វើឱ្យមានបញ្ហាលើសគីឡូ។
ក្នុងការសិក្សាមួយ ទៅលើស្ត្រីស្ម័គ្រចិត្ត៣០នាក់ ដែលមានទម្លាប់ទំពាអាហារផ្សេងៗគ្នាបានបង្ហាញឱ្យឃើញថា អ្នកដែលញ៉ាំអាហារយឺតដោយសារការទំពា គឺឆាប់ឆ្អែតជាងស្ត្រីដែលមានទម្លាប់ញ៉ាំលឿន។ ហើយករណីសិក្សាមួយទៀតនោះ បានបង្ហាញឱ្យឃើញថា អ្នកទម្លាប់ញ៉ាំអាហារយូរ មានអត្រាឃ្លានញ៉ាំចំណីក្រៅពេល តិចតួចបំផុត។
ជាមួយគ្នានោះផងដែរ អ្នកជំនាញបានបញ្ជាក់ថា ទំពាអាហារបានម៉ត់ល្អ ពិតជាជួយឱ្យរាងកាយ ស្រូបយកជីវជាតិចិញ្ចឹមបានយ៉ាងល្អ។
ករណីមួយទៀត ដែលគ្នាយើងគួរដឹង គឺករណីអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ ពុំគួរញ៉ាំបណ្តើរ និងផឹកទឹកបណ្តើរជាមួយគ្នានោះទេ ព្រោះទឹកនឹងទៅពង្រាវអង់ស៊ីមដែលជាចំណែកសំខាន់ក្នុងការរំលាយអាហារ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕